រាជធានីភ្នំពេញ ៖ ABA ដែលជាធនាគារពាណិជ្ជធំជាងគេ និងជាគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខគេនៅកម្ពុជា ត្រូវបានប្រសិទ្ធនាមជា “ធនាគារឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ 2025” ដោយទស្សនាវដ្តី Global Finance ។ ធនាគារបានទទួលពានរង្វាន់ដ៏គួរឲ្យស្ញប់ស្ញែងនេះចំនួន 11 ឆ្នាំជាប់ៗគ្នា ដែលបង្ហាញយ៉ាងច្បាស់ថា ABA នៅតែបន្តឈានមុខគេយ៉ាងរឹងមាំ ក្នុងវិស័យធនាគារនៅកម្ពុជា ។
ពានរង្វាន់ដ៏មានកិត្យានុភាពនេះ ជាសក្ខីភាពចំពោះសមិទ្ធិផលដ៏ប្រសើរជាច្រើនរបស់ធនាគារ ក្នុងនវានុវត្តន៍ឌីជីថល, សេវាធនាគារតាមទូរស័ព្ទដៃ, សេវាធនាគារដែលផ្តោតទៅលើអតិថិជន, និងការបំពេញតាមតម្រូវការហិរញ្ញវត្ថុពីអតិថិជនពីគ្រប់ស្រទាប់វណ្ណៈរបស់ខ្លួន ។
ក្នុងឆ្នាំ 2024 ABA បានពង្រឹងជំហរក្នុងទីផ្សាររបស់ខ្លួន យ៉ាងល្អគួរឲ្យកត់សម្គាល់ ដោយធនាគារទទួលបានអតិថិជនសរុបជាង 4 លាន នាក់ ដែលនេះបង្ហាញពីសមត្ថភាពក្នុងការទាក់ទាញ និងរក្សាមូលដ្ឋានអតិថិជនរបស់ខ្លួនបានយ៉ាងល្អប្រសើរ ។ កំណើនអតិថិជននេះ បានធ្វើឲ្យប្រាក់បញ្ញើកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺកើនឡើង 19% ដែលធ្វើឲ្យប្រាក់បញ្ញើមានចំនួនសរុប 11 ប៊ីលានដុល្លារនៅត្រឹមបំណាច់ឆ្នាំ 2024។ កំណើននេះបង្ហាញពីទំនុកចិត្តខ្ពស់របស់អតិថិជន មកលើធនាគារ, កេរ្តិ៍ឈ្មោះ, និងសេវាដែលផ្តល់ជូនអតិថិជនរូបវន្ត សាជីវកម្ម និងស្ថាប័នរដ្ឋាភិបាល ។
កម្មវិធី ABA Mobile ជាកម្មវិធីដ៏លេចធ្លោរបស់ធនាគារ មានកំណើនគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ 2024 គឺកើនអ្នកប្រើប្រាស់ចំនួន 32% ។ កំណើននេះគឺដោយសារ ABA Mobile មានភាពងាយស្រួលក្នុងការប្រើប្រាស់ ជាមួយនឹងការបំពាក់នូវមុខងារសុវត្ថិភាពនិងទំនើបជាច្រើនដូចជា មុខងារសោមុខសុវត្ថិភាព (FacePass Secure) ដែលយកទម្រង់មុខផ្ទាល់របស់អ្នកប្រើប្រាស់ ជាប្រព័ន្ធផ្ទៀងផ្ទាត់សុវត្ថិភាពស្រទាប់ទីពីរ ដើម្បីប្រើប្រាស់មុខងារសំខាន់ៗជាច្រើនទៀតនៅក្នុងកម្មវិធី, មុខងារឆាតក្នុងអេប (In-App Chat) ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ឆាតនិងផ្ទេរប្រាក់ ក្នុងកន្លែងតែមួយប្រកបដោយសុវត្ថិភាព, និងមុខងារផ្សេងៗជាច្រើនទៀត ។
ជារួម មុខងារទាំងនេះធ្វើឲ្យអតិថិជនមានទំនុកចិត្តខ្ពស់ ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ដែលមានចំនួនទឹកប្រាក់ច្រើន, ការពារទិន្នន័យ និងព័ត៌មានសម្ងាត់, ព្រមទាំងទប់ស្កាត់ការក្លែងបន្លំពីភាគីទីបី នៅតាមបណ្តាញសង្គមផ្សេងៗ ។
ការបន្ថែមមុខងារថ្មីបំផុតក្នុង ABA Mobile គឺការប្រើប្រាស់ម៉ាស៊ីនសិក្សា (machine learning) ដើម្បីបង្កើត ណាវី ដែលជាជំនួយការបញ្ញានិម្មិតធនាគារ (AI) ដំបូងគេក្នុងប្រទេសកម្ពុជា។ មុខងារនេះត្រូវបានបង្កើតឡើង ដើម្បីសម្រួលដល់អតិថិជន តាមរយៈការឆ្លើយតបយ៉ាងឆាប់រហ័ស អំពីសំណួរទាក់ទងទៅនឹងធនាគារ ផលិតផល និងសេវាកម្មផ្សេងៗ។ ណាវី រង់ចាំបម្រើសេវាកម្មជូនអតិថិជន 24 ម៉ោងលើ 24 ម៉ោង ហើយអាចសន្ទនាជាមួយបានជាច្រើនភាសាផងដែរ ។
នៅក្នុងផ្នែកសាជីវកម្មវិញ កម្មវិធី ABA Merchant និងផ្លែតហ្វមធនាគារអនឡាញ ABA Business ក៏ត្រូវបានបង្កើនសមត្ថភាពផង តាមរយៈការដាក់បញ្ចូល នូវមុខងារថ្មីៗ ដែលទាក់ទាញម្ចាស់អាជីវកម្មគ្រប់ទំហំ និងគ្រប់វិស័យនៃសេដ្ឋកិច្ច ។
ស្ថាប័ន និងអង្គភាពរដ្ឋាភិបាលជាច្រើន ក៏បានប្រើប្រាស់សេវាកម្មរបស់ធនាគារ ABA ដើម្បីគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុ និងសម្រួលការទូទាត់ថវិការរដ្ឋដូចជា ការប្រមូលពន្ធ, ការបង់ថ្លៃទឹកភ្លើង, និងការទូទាត់វិក្កយបត្រផ្សេងៗទៀត។ ទំនួលខុសត្រូវដ៏សំខាន់នេះ បង្ហាញពីទំនុកចិត្តរបស់ស្ថាប័នរដ្ឋាភិបាល ចំពោះប្រតិបត្តិការដល់រលូនធនាគាររបស់ ABA ។
លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា “យើងខ្ញុំមានកិត្តិយសជាថ្មីម្តងទៀត ដែលបានទទួលពានរង្វាន់ ធនាគារឆ្នើមបំផុតនៅកម្ពុជា ពីទស្សនាវដ្តី Global Finance។ ពានរង្វាន់នេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើង ចំពោះឧត្តមភាព និងនវានុវត្តន៍ភាពក្នុងវិស័យធនាគារ។”
លោកក៏បានបន្តថា “ផលិតផល និងសេវាកម្មរបស់ ABA បានកែប្រែ នូវរបៀបដែលអតិថិជនប្រើប្រាស់ហិរញ្ញវត្ថុរបស់ពួកគាត់។ ក្រោមការខិតខំប្រឹងរបស់ក្រុមការងារយើងខ្ញុំ ធនាគារ ABA បានបន្តពង្រឹងតួនាទីរបស់ខ្លួននៅក្នុងវិស័យធនាគារ និងកំណត់ស្តង់ដាថ្មី ។”
លោក Joseph D. Giarraputo ជាស្ថាបនិក និងនិពន្ធនាយករបស់ Global Finance មានប្រសាសន៍ថា “វិស័យធនាគារសកល បានបន្តសម្របខ្លួននិងវិវដ្ត ជួបបញ្ហាប្រឈម និងទាញយកឱកាស ជាមួយនឹងភាពអត់ធន់ និងនវានុវត្តន៍ភាព។ ពានរង្វាន់ធនាគារឆ្នើមរបស់ Global Finance ទទួលស្គាល់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលផ្តល់នូវសេវាកម្មទូលំទូលាយច្រើនប្រភេទ ប្រកបដោយទំនុកចិត្តរយៈពេលវែង និងបច្ចេកវិទ្យានវានុវត្តន៍” ។
ក្នុងការជ្រើសរើសធនាគារឆ្នើម Global Finance បានពិចារណាលើកត្តាដែលគិតលើទិន្នន័យតួរលេខជាក់លាក់ និងការវិនិច្ឆ័យផ្អែកលើទិន្នន័យទាំងអស់នោះ។ និពន្ធនាយករបស់ Global Finance បានធ្វើការជ្រើសរើសទាំងអស់បន្ទាប់ពីការពិគ្រោះយោបល់យ៉ាងហ្មត់ចត់ជាមួយ នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ ធនាគារិក អ្នកប្រឹក្សាធនាគារ និងអ្នកវិភាគទូទាំងពិភពលោក ។
លើសពីនេះទៀត ធនាគារត្រូវបានលើកទឹកចិត្តឲ្យដាក់បញ្ចូនឯកសារ ដែលបង្ហាញពីការជ្រើសរើសរបស់ពួកគេ។ ម្ចាស់ជ័យលាភីសម្រាប់ពានរង្វាន់ឆ្នាំនេះ គឺប្រគល់ជូនធនាគារទាំងឡាយណា ដែលយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ លើតម្រូវការរបស់អតិថិជន និងសម្រេចបានលទ្ធផលលេចធ្លោជាងគេ ហើយថែមទាំងចាក់គ្រឹះដ៏រឹងមាំ សម្រាប់ភាពជោគជ័យនាពេលអនាគត ។
សូមស្វែងរកការចេញផ្សាយ សេចក្តីប្រកាសព័ត៌មានផ្លូវការពី Global Finance ដែលប្រកាសអ្នកឈ្នះពាន ធនាគារឆ្នើមនៅអាស៊ីប៉ាស៊ីហ្វិកឆ្នាំ 2025 ទីនេះ ។
អំពីធនាគារ ABA ៖ ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2023 ។
ធនាគារ ABA មាន 99 សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 46 កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង 1,700 នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA មានអតិថិជនជាង 4 លាននាក់ ដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ ។
ធនាគារ ABA គឺជាបុត្រសម្ពន្ធរបស់ធនាគារជាតិ កាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយ មានទ្រព្យសកម្ម ជាង 334 ប៊ីលាន ដុល្លារ អាមេរិក គិតត្រឹម ថ្ងៃទី 31 ខែមករា ឆ្នាំ 2025 និងមានបណ្តាញធនាគារឆ្លើយឆ្លងដ៏ធំនៅទូទាំង ពិភពលោក ។
អំពីទស្សនាវដ្ដី Global Finance ៖ ទស្សនាវដ្តី Global Finance បង្កើតឡើងនៅឆ្នាំ 1987 មានការចុះផ្សាយចំនួន 50,000 ច្បាប់ និងមានអ្នកអាននៅ 193 ប្រទេស ។
អ្នកអានទស្សនាវដ្តី Global Finance រួមមាន មន្ត្រីជាន់ខ្ពស់ផ្នែកសាជីវកម្ម និងមន្ត្រីហិរញ្ញវត្ថុដែលទទួលខុសត្រូវក្នុងការធ្វើការសម្រេចចិត្តនានាទាក់ទងនឹងការវិនិយោគ និងយុទ្ធសាស្ត្រនៅក្នុងក្រុមហ៊ុនចម្រុះជាតិសាសន៍ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ។
ទស្សនាវដ្តី Global Finance ជ្រើសរើសជាទៀងទាត់នូវធនាគារកំពូលៗក្នុងចំណោមធនាគារ និងគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុនានា។ ពានរង្វាន់ទាំងអស់នេះបានក្លាយជាបទដ្ឋានឧត្តមភាពដែលអាចទុកចិត្តបានសម្រាប់សហគមន៍ហិរញ្ញវត្ថុសកលលោក ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ