រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប សហការជាមួយសហគ្រិនខ្មែរ រៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញអំពី “នវានុវត្តន៍នៃសហគ្រិនភាព និងគំរូអាជីវកម្ម” សម្រាប់សិស្សានុសិស្សថ្នាក់ទី១០ ដល់ទី១២ នៃសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ទាំង១៥សាខា ដើម្បីឈ្វេងយល់ពីគំនិតបង្កើតអាជីវកម្ម ការរៀបចំផែនការអាជីវកម្ម ការប្រើប្រាស់បច្ចេកវិទ្យាក្នុងអាជីវកម្ម ការច្នៃប្រឌិតផលិត និងភាពជាសហគ្រិនឆ្នើម ។
លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះឡើង គឺចង់ជួយទៅដល់សិស្សថ្នាក់វិទ្យាល័យ ក្នុងការពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាសហគ្រិនភាពដល់ពួកគេ ។
បើតាមប្រសាសន៍របស់លោកឧកញ៉ា ប៉ិច បូឡែន សហគ្រិនភាព គឺជាចំណេះជំនាញ ដែលយុវជនគួរតែមាន សម្រាប់អនាគតទៅថ្ងៃខាងមុខ ក្នុងការបង្កើតអាជីវកម្មខ្លួនឯង ឬធ្វើការងារផ្សេងៗដោយប្រើប្រាស់ចំណេះដឹងមួយនេះ ដើម្បីការរីកចម្រើន ។ លោកឧកញ៉ាបញ្ជាក់ថា មិនថាប្អូនៗមានក្តីស្រមៃក្នុងការចាប់ផ្តើមអាជីវកម្ម ឬចង់ក្លាយជាអ្នកដឹកនាំនៅលើវិស័យណាមួយ ជំនាញសហគ្រិនភាពនឹងជួយពួកគេបាន ។
“នៅពេលដែលកូនៗដឹងពីបំណិនសហគ្រិន កូនអាចយកទៅធ្វើការ អាចយកទៅប្រើប្រាស់នៅក្នុងសហគ្រាសផ្ទាល់ខ្លួន នៅក្នុងអាជីវកម្មផ្ទាល់ខ្លួន ក៏ដូចជាចូលរួមអភិវឌ្ឍក្រុមហ៊ុន ឬក៏សហគ្រាសណាមួយដែលកូនចូលទៅបំពេញការងារ” ។
ក្នុងនោះដែរ លោកឧកញ៉ា ប៉ិច បូឡែន ក៏បានបង្ហាញពីភាពជាសហគ្រិនឆ្នើម ដល់សិស្សានុសិស្ស ដែលត្រូវចងចាំនៅក្នុងការអនុវត្ត ដោយក្នុងនោះ សហគ្រិនឆ្នើម គឺចាំបាច់ត្រូវមានគំនិតច្នៃប្រឌិត នវានុវត្តន៍ បូករួមជាមួយចំណេះដឹងបច្ចេកវិទ្យា ហើយអ្វីដែលសំខាន់បន្ថែមទៀតក្នុងនាមជាសហគ្រិន គឺត្រូវមានវិន័យ ចេះប្រើប្រាស់ពេលវេលា មានផែនការច្បាស់លាស់ និងមានមនុស្សឆ្នើមជួយការងារ ។
លោកឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ថា សហគ្រិនឆ្នើមនៅសម័យនេះ ត្រូវចេះបច្ចេកវិទ្យា មានទេព្យកោសល្យ មានចំណេះដឹងអាជីវកម្មដែលត្រូវធ្វើ ចេះវិភាគបរិយាកាសអាជីវកម្ម ឬម៉ាក្រូសេដ្ឋកិច្ច, បន្ទាប់មកទៀតត្រូវមានជំនាញធ្វើអាជីវកម្ម ដូចជាចេះរៀបចំផែនការអាជីវកម្ម ចេះបង្កើតផលិតផល ចេះទាក់ទាញមនុស្សឆ្នើម និងក៏ត្រូវចេះរកទុនវិនិយោគ ។
និយាយអំពីគំនិតនៃការបង្កើតអាជីវកម្មវិញ អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន ក៏បានធ្វើការចែករំលែកគំនិតមួយចំនួន ទៅដល់សិស្សានុសិស្ស ដោយបានលើកឡើងថា ក្នុងនាមជាសហគ្រិន គឺមិនមែនគិតតែពីផលចំណេញចូល ហោប៉ៅតែមួយមុខនោះទេ ពោលនៅមុនពេលបង្កើតអាជីវកម្មជាផលិតផល ឬសេវាកម្មណាមួយ គឺចាំបាច់ត្រូវគិតពីផលប្រយោជន៍សង្គមជាតិ សេដ្ឋកិច្ច ក៏ដូចជាមុខមាត់ប្រទេស ដោយនិយាយជារួម ការបើកអាជីវកម្មអ្វីមួយ យើងត្រូវបង្កើនគុណតម្លៃដល់សេដ្ឋកិច្ច គិតដល់ប្រទេសជាតិ ផលប៉ះពាល់សង្គម បរិស្ថាន តែក៏កុំភ្លេចផលអាជីវកម្មខ្លួនឯង ។ “សំខាន់មួយទៀត ពេលបើកអាជីវកម្មអ្វីក៏ក្រោយ ជាអាជីវកម្មដែលអនុលោមតាមច្បាប់ មានអភិបាលកិច្ចត្រឹមត្រូវ និងគិតដល់ផលប៉ះពាល់ទៅមុខ…”។
ក្នុងឱកាសនោះដែរ លោក ពក បញ្ញាពេជ្រ អ្នកឯកទេសជាន់ខ្ពស់ កម្មវិធីសហគ្រិនភាព និងនវានុវត្តន៍ នៃសហគ្រិនខ្មែរ លើកឡើងថា មានអាជីវកម្មជាច្រើនដែលបង្កើតឡើងដោយជនជាតិខ្មែរបានរីកធំធាត់ ប៉ុន្តែដំបូងឡើយអាជីវកម្មទាំងនោះសុទ្ធសឹងតែចាប់ផ្តើមឡើងដោយការធ្វើការផែនការអាជីវកម្មជាមុន ហើយផែនការអាជីវកម្មទៀតសោតនៅពេលបច្ចុប្បន្ននេះ គឺមានច្រើនប្រភេទទៅតាមអាជីវកម្មនីមួយៗ ដូច្នេះទាមទារឱ្យអ្នកដែលចង់ក្លាយជាសហគ្រិន ត្រូវសិក្សារៀនសូត្រពីការធ្វើផែនការអាជីវកម្មទាំងនោះ ។
ក្នុងឱកាសនោះដែរ លោក បញ្ញាពេជ្រ ក៏បានធ្វើការចែករំលែក ពីរបៀបនៃការធ្វើផែនការអាជីវកម្មទៅដល់សិស្សានុសិស្ស ដែលកំពុងស្ថិតនៅក្នុងថ្នាក់វិទ្យាល័យ ដើម្បីបានជាផ្នត់គំនិតអាជីវកម្មសម្រាប់ពួកគេអាចយកទៅ អនុវត្តមុនពេលបើកអាជីវកម្ម ឬសេវាកម្មណាមួយទៅថ្ងៃអនាគត ។
គួរបញ្ជាក់ថា សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍បានបញ្ចូលកម្មវិធីបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពសម្រាប់សិស្សកម្រិតបឋមសិក្សា រហូតដល់កម្រិតវិទ្យាល័យ ដើម្បីបញ្ជៀបចំណេះដឹង ក្នុងការប្រើប្រាស់ និងគ្រប់គ្រងលុយប្រកបដោយប្រសិទ្ធភាព ការចេះវិនិយោគ ការទប់ទល់នឹងសម្ភារនិយម និងបង្កើតផ្នត់គំនិតអាជីវកម្ម ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ