ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វេស​ឡាញ​រៀបចំ​វេទិកា​ចែករំលែក ​ដើម្បី​ជំរុញប្រសិទ្ធភាព​ការងារ សុភមង្គល​គ្រួសារ និង​ទំនាក់ទំនាក់​សង្គម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ​២៨ ខែមីនា ឆ្នាំ​ ២០២៥ ​នេះ ថ្នាក់ដឹកនាំ​ការិយាល័យ​កណ្តាល និង​គ្រប់​សាខា​នៃ​បណ្តាញ​គ្រឹះស្ថាន​អប់រំ…

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ​២៨ ខែមីនា ឆ្នាំ​ ២០២៥ ​នេះ ថ្នាក់ដឹកនាំ​ការិយាល័យ​កណ្តាល និង​គ្រប់​សាខា​នៃ​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ប្រមាណ​ជាង​ ១០០​នាក់​បាន​ចូលរួម​ដោយ​ផ្ទាល់ និង​តាម​ប្រពន្ធ​អន​ឡាញ​ក្នុង​វេទិកា​ចែករំលែក និង​ពិភាក្សា “LEARNING CAFE” លើ​ប្រធានបទ​បី​ផ្សេង​គ្នា ដើម្បី​ចែករំលែក​ចំណេះដឹង ជំនាញ ព័ត៌មាន និង​បទ​ពិសោធន៍​ថ្មី​ៗ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​គោលបំណង​ជំរុញ​ប្រសិទ្ធភាព​បំពេញការងារ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ក៏​ដូច​ជា​បង្កើន​សេចក្តីសុខ​សុភមង្គល​ក្នុង​គ្រួសារ និង​ទំនាក់ទំនង​ល្អ​ក្នុង​សង្គម​ផង​ដែរ ។

សម្រាប់​ប្រធានបទ​ដំបូង​គេ ”​ភាព​ឆ្លាត​វៃ​ផ្នែក​អារម្មណ៍​-​ផ្លូវចិត្ត​” ធ្វើ​បទ​បង្ហាញ​ដោយ​ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ដែល​ផ្តោត​លើ ​៖ ទី ​១ មាន​សតិ ឬ​ត្រូវ​ឈេ្វ​ង​យល់​ពី​ខ្លួនឯង​ឱ្យ​បាន​ច្បាស់លាស់ ទី​ ២ ត្រូវ​ចេះ​លើកទឹកចិត្ត​ខ្លួនឯង​ជា​ប្រចាំ ទី​៣ ចេះ​ឈេ្វ​ង​យល់​ពី​អារម្មណ៍ និង​តម្រូវការ​របស់​អ្នក​ដទៃ ទី ​៤ មាន​ជំនាញ​ប្រាស្រ័យ​ទាក់ទង​ល្អ​ក្នុង​សង្គម និង​ទី​ ៥ មាន​សមត្ថភាព​គ្រប់គ្រង​ខ្លួនឯង​ទាំង​ពេលវេលា សមិទ្ធផល​ការងារ និង​អារម្មណ៍ ​។

ចំណែក​ប្រធានបទ​ទី ​២ ”​គោលការណ៍​ទាំង​ ១០ ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​” លើក​ឡើង​ដោយ​លោក ពុ​យ ស៊ី​ធុន នាយក​រដ្ឋបាល​នៃ​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន​ ។ គោលការណ៍​ទាំងនោះ​មាន​៖ ទី​ ១ គោលបំណង ទី​ ២ រក្សា​ឥរិយាបថ​វិជ្ជមាន ទី​ ៣ ទំនាក់ទំនង​ល្អ ការ​ប្រាស្រ័យ​ទំនាក់ទំនង​ល្អ ទី​ ៤ វិន័យ​ផ្ទាល់ខ្លួន ទី ​៥ ផ្នត់គំនិត​វិជ្ជមាន ទី ​៦ ការ​ប្រើប្រាស់​ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព ទី​៧ អភិវឌ្ឍ​ចំណេះដឹង ទី​៨ អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់ខ្លួន ទី​៩ ការ​ដឹងគុណ និង​ទី ​១០ ការ​ចេះ​គ្រប់គ្រង និង​ប្រើប្រាស់​ហិរញ្ញវត្ថុ​ ។

រីឯ​ប្រធានបទ​ចុង​ក្រោយ​គេ​ធ្វើ​បទ​បង្ហាញ​ដោយ​អ្នកគ្រូ ប៊ុ​ន នី នាយិកា​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ច្បារ​អំពៅ លើ​ប្រធានបទ “​គុណប្រយោជន៍​នៃ​ជំនាញ​ទន់​” ដោយ​លើកយក​ចំណុច ​៖ ទី​ ១ ជំនាញ​ទំនាក់ទំនង ទី​ ២ ការ​ធ្វើ​ការងារ​ជា​ក្រុម ទី​៣ ជំនាញ​ដោះស្រាយ​បញ្ហា ទី ​៤ ការ​គ្រប់គ្រង​ពេលវេលា និង​ទី​ ៥ ជំនាញ​ភាព​ជា​អ្នកដឹកនាំ​ ។

គួរ​ជម្រាប​ថា បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យ​ខេ​សិន គ្រុប​បាន​ផ្តល់​ឱកាស​សិក្សា​ដល់​បុគ្គលិក​គ្រប់​លំដាប់ថ្នាក់​តាម​រយៈ​វគ្គ​បណ្តុះបណ្តាល សិក្ខាសាលា វគ្គ​បំប៉ន​សមត្ថភាព និង​អាហារូបករណ៍​កម្រិត​ឧត្តម​សិក្សា​ក្នុងស្រុក និង​ក្រៅប្រទេស ក្នុង​ទិស​ដៅ​ចូលរួម​ចំណែក​អភិវឌ្ឍ​មូលធន​មនុស្ស​នៅ​កម្ពុជា​ ។ លើស​ពី​នេះ វេស​ឡាញ​ក៏​មាន​យុទ្ធសាស្ត្រ​ផែនការ​ស្នង​ដំណែង​សម្រាប់​បុគ្គលិក​ឆ្នើម ដើម្បី​បង្កើន​អ្នកដឹកនាំ​ជំនាន់​ថ្មី និង​ទទួល​ឱកាស​រីក​ចំរើន​ក្នុង​ស្ថាប័ន​ផង​ដែរ ​៕ អត្ថបទសហការ