ប្រទេសចិន ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាក្រោមប្រធានបទស្តីពី “កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន តាមប្រព័ន្ធអេឡិចត្រូនិក” ក្នុងឱកាសនៃការចូលរួមក្នុងវេទិកាបូអាវសម្រាប់អាស៊ី (Boao Forum for Asia) ប្រចាំឆ្នាំ ២០២៥ នាថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ ក្នុងខេត្តហៃណាន ប្រទេសចិន ។
តាមរយៈកិច្ចពិភាក្សានេះ លោកជំទាវបណ្ឌិត បាយវាយតម្លៃខ្ពស់ចំពោះការតភ្ជាប់ប្រព័ន្ធទូទាត់រវាងកុម្ពុជា និងចិន ព្រមទាំងបានលើកទ្បើងពីតួនាទីចាំបាច់របស់ប្រព័ន្ធទូទាត់ឆ្លងដែននៅក្នុងប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងបានរំលេចពីបទពិសោធន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការខិតខំពង្រីកការទូទាត់ឆ្លងដែនតាមរយៈប្រព័ន្ធបាគង ទៅតាមបណ្តាប្រទេសជាដៃគូពាណិជ្ជរបស់កម្ពុជា ។
បន្ថែមពីនេះ លោកជំទាវបណ្ឌិត បានផ្តល់នូវទស្សនាទានថ្មីៗបន្ថែមទៀត ក្នុងការជំរុញណិជ្ជកម្មឆ្លងដែនតាមប្រព័ន្ធអេទ្បិចត្រូនិក ដែលក្នុងនោះរួមមាន ៖ ១/-ការគិតគូរនូវគោលនយោបាយគាំទ្រលើកទឹកចិត្តដល់សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកក្នុងការបង្កើនសមត្ថភាពនិងគុណភាពផលិតផលសម្រាប់ទីផ្សារឆ្លងដែន ២/-ការរៀបចំឲ្យកាន់តែមានប្រសិទ្ធភាពចំពោះយន្តការទ្បូជីស្ទីក ប្រព័ន្ធពន្ធគយ និងការស្វែងរកទីផ្សារជាដើម និង ៣/- ការពង្រីកប្រព័ន្ធទូទាត់ដោយផ្ទាល់រវាងអ្នកនាំចេញនិងនាំចូលផលិតផលឆ្លងដែន ដើម្បីពន្លឿន និងធ្វើឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការទូទាត់ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ