ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួងការងារ ៖ កិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន Shandong Dolang Technology Equipment នឹងជំរុញកម្មវិធីសិក្សា TVET ស្របតាមស្តង់ដារសិក្សានៃប្រទេសចិន និងអាល្លឺម៉ង់ 

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់កម្ពុជា ជាមួយក្រុមហ៊ុន Shandong Dolang Technology Equipment Co., Ltd. នៃប្រទេសចិន នឹងជួយជំរុញកម្មវិធីសិក្សា TVET របស់កម្ពុជា ស្របតាមស្តង់ដារសិក្សានៃប្រទេសចិន និងអាល្លឺម៉ង់ ដែលនឹងចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា ។ ទន្ទឹមនេះកិច្ចសហប្រតិបត្តិការនេះនឹងបង្កើតភាពជាដៃគូ ដើម្បីលើកកម្ពស់ និងផ្លាស់ប្តូរកម្មវិធីសិក្សាជាអន្តរជាតិលើជំនាញ TVET ជាពិសេសក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ។  

ការបញ្ជាក់ដូចនេះនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ជាំង ជូតុង (JIANG Zuodong) នាយកប្រតិបត្តិ ក្រុមហ៊ុន Shandong Dolang Technology Equipment Co., Ltd. កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។  

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បាននិងកំពុងអភិវឌ្ឍធនធានមនុស្ស និងកម្លាំងពលកម្មជំនាញតាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើជំនាញសំខាន់ៗ ស្របតាមកំណើនសេដ្ឋកិច្ចសង្គម ឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត ជាពិសេសក្នុងបរិបទនៃឧស្សាហកម្ម 4.0 ។ 

គួរបញ្ជាក់ថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា ដែលមានសុពលភាពរយៈពេល ៥ឆ្នាំនេះ នឹងពង្រឹងការកសាងសមត្ថភាពកាន់តែប្រសើរថែមទៀតដល់គ្រូ និងសិស្សក្នុងវិស័យ TVET ដោយកិច្ចសហប្រតិបត្តិការនេះ ផ្តោតលើ ទី ១. ពង្រឹងការអភិវឌ្ឍជំនាញតាមរយៈកម្មវិធីផ្លាស់ប្តូរគ្រូ និងសិស្ស និងការទទួលស្គាល់ស្តង់ដាវិជ្ជាជីវៈកម្ពុជា-ចិន ។ ទី ២. បង្កើតស្តង់ដាការងារគ្របដណ្តប់លើវិស័យសំខាន់ៗនៃ TVET ស្របតាមអាទិភាពសេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជា ។ និងទី ៣. ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ផ្តោតលើវិស័យដូចជា កសិកម្មទំនើប អេឡិចត្រូនិកស្វ័យប្រវត្តិកម្ម មនុស្សយន្ត ផលិតកម្មឧស្សាហកម្ម បច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាឆ្លាតវៃនិងបញ្ញាសិប្បនិម្មិត (AI) ៕ អត្ថបទសហការ