ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​ការងារ​៖ ការ​បង្កើត​កម្លាំង​ពលកម្ម​ជំនាញ​ សម្រាប់​ឆ្លើយ​តប​តម្រូវការ​ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន និង​អនាគត

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ពី​គន្លឹះ​សំខាន់​ៗ​នៃ​កំណែទម្រង់​ក្នុង​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុង​អាណត្តិ​ទី​៧…

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ពី​គន្លឹះ​សំខាន់​ៗ​នៃ​កំណែទម្រង់​ក្នុង​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុង​អាណត្តិ​ទី​៧ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។ ពោល​គឺ​ដើម្បី​បង្កើត​កម្លាំង​ពលកម្ម​ជំនាញ ដែល​ជា​អាទិភាព​របស់​កម្ពុជា ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ និង​ជំរុញ​ផលិតភាព​នៃ​កម្លាំង​ពលកម្ម​ដែល​ជា​ធនធាន​មាន​សមត្ថភាព និង​ផលិតភាព​ខ្ពស់ ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន និង​អនាគត​។ ទន្ទឹម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើក​ឡើង​អំពី​អាទិភាព​ដែល​ក្រសួង​ការងារ និង​បណ្តុប​ណ្តា​ល​វិជ្ជាជីវៈ បាន​និង​កំពុងធ្វើការ​ដើម្បី​បង្កើត​កម្លាំង​ពលកម្ម​ជំនាញ ជា​ពិសេស​ការ​ពង្រឹង​លើ​វិស័យ TVET និង​ការ​បណ្តុះបណ្តាល​ជំនាញ​ពាក់ព័ន្ធ​នឹង វិស័យ​បច្ចេកទេស ឧស្សាហកម្ម ដែល​ស្រប​ទៅ​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​។

ការ​គូសបញ្ជាក់​នូវ​គន្លឹះ​សំខាន់​ៗ​នេះ គឺ​នៅ​ក្នុង​ឱកាស​ដែល​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​ក្នុង​កិច្ច​ពិភាក្សា ស្តី​ពី​   “​បញ្ហា​ប្រឈម​នៃ​រចនាសម្ព័ន្ធ និង​របៀបវារៈ​កំណែទម្រង់​បន្ទាន់​សម្រាប់​កំណើន​រយៈពេល​វែង​ដោយ​គុណភាព​” នា​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៥ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដោយ​មាន​វត្តមាន​របស់ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​ប្រទេស​កម្ពុជា ជា​ប្រធាន​វគ្គ​ពិភាក្សា រួម​ជាមួយ​វាគ្មិន​ផ្សេង​ទៀត គឺ​ឯកឧត្តម យក់ ប៊ុ​ន​ណា រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​មុខងារសាធារណៈ​, លោក​ជំទាវ​ឧកញ៉ា កែវ មុំ ស្ថាបនិក​ក្រុមហ៊ុន លី​លី ហ្វ៊ូ​ដ អ៊ិ​ន​ដាស​ទ្រី ខូ អិ​ល​ធី​ឌី​, សាស្ត្រាចារ្យ Yasuyuki Sawada សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​តូ​ក្យូ និង​ជា​អតីត​ប្រធាន​សេដ្ឋវិទូ​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​, លោក​បណ្ឌិត សុង សុ​ភក្តិ នាយក​ប្រតិបត្តិ​រង និង​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន CDRI ​។

កិច្ច​ពិភាក្សា​នេះ គឺជា​ផ្នែក​សំខាន់​មួយ​នៃ​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ «​យុទ្ធសាស្ត្រ​កំណើន​ថ្មី​របស់​ប្រទេស​កម្ពុជា​៖ អាទិភាព​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​គុណភាព​ខ្ពស់ និង​និរន្ត​ភាព​» ដែល​រៀបចំ​ឡើង​ដោយ វិទ្យាស្ថាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) សហការ​ជាមួយ​ស្ថានទូត​អូស្ត្រាលី​នៅ​កម្ពុជា និង​កម្មវិធី​ភាព​ជា​ដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​ធន់ (CAPRED) ​។ គោលបំណង​ចម្បង​នៃ​សន្និសីទ​ឆ្នាំ​នេះ គឺ​ដើម្បី​ធ្វើការ​វាយតម្លៃ​ពី​ភាព​ខ្លាំង និង​ភាព​ខ្សោយ ​នៃ​សមិទ្ធកម្ម​សេដ្ឋកិច្ច​របស់​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ដើម្បី​កំណត់​ទិដ្ឋភាព សំខាន់​ៗ​ដែល​ចាំបាច់​ត្រូវ​កែ​លម្អ ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​អភិវឌ្ឍន៍​កម្ពុជា ដោយ​មានការ​សម្របសម្រួល​កិច្ច​សន្ទនា​ក្នុង​ចំណោម​អ្នកជំនាញ​ជាន់ខ្ពស់ ​ដើម្បី​យល់​ឱ្យ​កាន់តែ​ច្បាស់​ អំពី​បញ្ហា​ប្រឈម​ចំពោះ​មុខ និង​កាលានុវត្តភាព ដើម្បី​ជួយ​កម្ពុជា ក្នុង​ការ​អនុវត្ត​កម្មវិធី​កំណែទម្រង់​ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​បរិការណ៍​នៃ​ស្ថានភាព​ដែល​មាន​ភាព​មិន​ច្បាស់លាស់​ ដែល​អាច​ប៉ះពាល់​ដល់​គន្លង​ នៃ​ការ​អភិវឌ្ឍ​នា​ពេល​អនាគត ​នៅ​កម្ពុជា ​៕ អត្ថបទសហការ