ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្ពុជា​កំពុង​រៀបចំ​គោលនយោបាយ «​ទេសចរណ៍ពិសិដ្ឋ​ ឆ្នាំ ​២០២៥-២០៣៥» ដើម្បីទាក់ទាញ​ទេសចរ​គុណភាព​លំដាប់​ខ្ពស់​ឱ្យមកទស្សនា ស្នាក់​អាស្រ័យ និង​វិនិយោគ​នៅ​កម្ពុជា

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ កំពុង​រៀបចំ​គោលនយោបាយ​ស្តី​ពី «​ទេសចរណ៍​ពិសិដ្ឋ​ឆ្នាំ​ ២០២៥-២០៣៥» ដែល​មាន​ចក្ខុវិស័យ​ប្រែក្លាយ​តំបន់​ដែល​មាន​សក្តានុពល​នៅ​កម្ពុជា ទៅ​ជា​គោលដៅ​ទេសចរណ៍ «​តំបន់​ទេសចរណ៍​ពិសិដ្ឋ​»…

រាជធានី​ភ្នំពេញ​ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ កំពុង​រៀបចំ​គោលនយោបាយ​ស្តី​ពី «​ទេសចរណ៍​ពិសិដ្ឋ​ឆ្នាំ​ ២០២៥-២០៣៥» ដែល​មាន​ចក្ខុវិស័យ​ប្រែក្លាយ​តំបន់​ដែល​មាន​សក្តានុពល​នៅ​កម្ពុជា ទៅ​ជា​គោលដៅ​ទេសចរណ៍ «​តំបន់​ទេសចរណ៍​ពិសិដ្ឋ​» ពិសេស​គឺ​ដើម្បី​ទាក់ទាញ​ទេសចរ​ពិសេស និង​ទេសចរ​គុណភាព​លំដាប់​ខ្ពស់​ឱ្យមក​ទស្សនា ស្នាក់​អាស្រ័យ ធ្វើ​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា ។

សូម​ជម្រាប​ថា កាលពី​ឆ្នាំ​ ២០១៨ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​តាក់តែង​គោលនយោបាយ​ទេសចរណ៍​ពិសិដ្ឋ​នេះ​ដែរ ប៉ុន្តែ​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ ​១៩​ នោះ កិច្ចការ​រៀបចំ​ទាំងនេះ​ក៏​ហាក់ដូចជា​នៅ​ទ្រឹង​សិន​ ។ រហូត​ដល់​មានការ​បង្កើត​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កាលពី​ពេល​ថ្មី​ៗ​នេះ ទើប​គណៈកម្មាធិការ​ជាតិ​ថ្មី​នេះ​ចាប់ផ្ដើម​ដឹកនាំ​ការ​រៀបចំ​ឱ្យ​មាន​គោលនយោបាយ​ស្តី​ពី​ទេសចរណ៍​ពិសិដ្ឋ​ឡើង​វិញ ​។

ជាក់ស្ដែង​ក្នុង​កិច្ចប្រជុំ​លើក​ទី​ ២ របស់​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ នា​ថ្ងៃ​ទី​ ១៨ ខែកុម្ភៈ ឆ្នាំ ​២០២៥ នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ទេស​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​គោលនយោបាយ​ស្តី​ពី «​ទេសចរណ៍​ពិសិដ្ឋ​ឆ្នាំ ​២០២៥-២០៣៥» ដោយ​មានការ​ចូលរួម​ពី​ឯកឧត្តម​ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជា​អនុប្រធាន​អចិន្ត្រៃយ៍ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជា​អនុប្រធាន ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​អនុប្រធាន ព្រមទាំង​ថ្នាក់ដឹកនាំ និង​សមាជិក​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ជា​ច្រើន​រូប ​។ អង្គប្រជុំ​បាន​ពិភាក្សា​យ៉ាង​ផុសផុល​លើ​កិច្ចការ​ជា​ច្រើន ហើយ​ក៏​បាន​ផ្ដោត​សំខាន់​លើ​ការពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​គោលនយោបាយ​ស្តី​ពី «​ទេសចរណ៍​ពិសិដ្ឋ​ឆ្នាំ​២០២៥-២០៣៥» នេះ​ដែរ ​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ថោ​ង ខុន បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ស្តី​ពី​ទេសចរណ៍​ពិសិដ្ឋ​ឆ្នាំ ​២០២៥-២០៣៥ សំដៅ​លើកកម្ពស់​កិត្យានុភាព​កម្ពុជា​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​គុណភាព ប្រកបដោយ​ការ​ស្ថាបនា និង​អភិវឌ្ឍ​មូលដ្ឋាន​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​អាទិភាព ស្រប​តាម​និន្នាកា​រវិ​វត្ត​នៃ​វិស័យ​ទេសចរណ៍ ទាក់ទាញ​ទេសចរ​គុណភាព​លំដាប់​ខ្ពស់​ឱ្យមក​ទស្សនា ស្នាក់​អាស្រ័យ ធ្វើ​ធុរកិច្ច និង​វិនិយោគ ដែល​ជា​ការ​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​សង្គម​យើង​» ​។

អ្វី​ទៅ​ជា «​ទេសចរណ៍​ពិសិដ្ឋ​»​ ? តំបន់​ទេសចរណ៍​ពិសិដ្ឋ សំដៅ​ដល់​តំបន់​ដែល​មាន​សក្តានុពល​ទេសចរណ៍​ខ្ពស់​នៅ​កម្ពុជា ដែល​ត្រូវ​បាន​កំណត់​ដោយ​រាជរដ្ឋាភិបាល ​។ តំបន់​ទេសចរណ៍​ពិសិដ្ឋ​នីមួយ​ៗ​ប្រមូលផ្តុំ​ដោយ​សម្បទា និង​សេវាកម្ម​ទេសចរណ៍​សំខាន់​ៗ រួម​មាន ​៖ សេវាកម្ម​ស្នាក់​នៅ និវេសនដ្ឋាន​ទេសចរណ៍ សេវាកម្ម​ម្ហូបអាហារ​ និង​ភេសជ្ជៈ មណ្ឌល​សម្រាកលម្ហែ​កម្សាន្ត​ទេសចរណ៍ មណ្ឌលកីឡា​ទេសចរណ៍ សួន ឧទ្យាន មណ្ឌល​ផ្តល់​សេវា​ថែទាំ​សុខភាព​ទេសចរណ៍ មណ្ឌល​សេវាកម្ម​ទេសចរណ៍​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​ ។

លើស​ពី​នេះ តំបន់​ទេសចរណ៍​ពិសិដ្ឋ ត្រូវ​បាន​រៀបចំ​ឱ្យ​មាន​ហេ​ដ្ឋា​រចនា​សម្ពន្ធ​គាំទ្រ​គ្រប់គ្រាន់​ស្រប​តាម​ស្តង់ដារ មាន​សម្បទា និង​សេវាកម្ម​សំខាន់​ៗ ដូច​ជា សេវាកម្ម​ហិរញ្ញវត្ថុ ទូរគមនាគមន៍ អប់រំ ថែរក្សា សុខភាព សុខាភិបាល ​។​ល​។ ប្រកបដោយ​គុណភាព​ខ្ពស់ សម្រាប់​ទ្រទ្រង់​ដល់​តម្រូវការ និង​ចំណាប់អារម្មណ៍​របស់​ទេសចរ និង​អ្នក​វិនិយោគ ​។ តំបន់​ទេសចរណ៍​ពិសិដ្ឋ អាច​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​រាជរដ្ឋាភិបាល ឬ​ដោយ​វិស័យ​ឯកជន ឬ​ក្រោម​ភាព​ជា​ដៃគូ​រវាង​រដ្ឋ​ និង​ឯកជន ដោយ​មានការ​លើកទឹកចិត្ត​និង​គាំទ្រ​ពី​រាជរដ្ឋាភិបាល និង​ស្រប​តាម​ក្រប​ខណ្ឌ​គតិ​យុ​ត្ត​ជា​ធរមាន​ដែល​ត្រូវ​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​ ។

ឯកឧត្តម ទិ​ត ច​ន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​នេះ បាន​បញ្ជាក់​ដែរ​ថា «​តំបន់​ទេសចរណ៍​ពិសិដ្ឋ មិន​អាច​បង្កើត​ឡើង​នៅ​តំបន់​ព្រំដែន ឬ​កៀក​នឹង​តំបន់​ព្រំដែន ឬ​ក៏​តំបន់​ដែល​មាន​ហានិភ័យ​ផ្សេង​ៗ​ឡើយ​» ​។ ឯកឧត្តម​ក៏​បាន​ពន្យល់​ពី​ចំណុច​ដែល​ហៅ​ថា «​ទេសចរ​ពិសេស​» គឺ​សំដៅ​ដល់​ទេសចរ​អន្តរជាតិ​ដែល​ទទួល​បានការ​អនុញ្ញាត​ចូល​ចេញ និង​ស្នាក់​នៅ​ក្នុង​តំបន់​ទេសចរណ៍​ពិសិដ្ឋ ស្រប​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​។

ឯកឧត្តម​បន្ត​ថា​ ទេសចរ​ពិសេស ត្រូវ​បាន​ផ្តល់​សិទ្ធិ​ និង​ការ​អនុញ្ញាត​ក្នុង​ការ​វិនិយោគ ចូលរួម​ក្នុង​សកម្មភាព​ធុរកិច្ច អភិវឌ្ឍ និង​អាស្រ័យ​ផល​នៅ​ក្នុង​តំបន់​ទេសចរណ៍​ពិសិដ្ឋ ដោយសារ​ធនធាន ​និង​ឥទ្ធិពល​របស់​ទេសចរ​ទាំងនោះ ក្នុង​ការ​ជំរុញ ​និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ពិសិដ្ឋ និង​សេដ្ឋកិច្ច​កម្ពុជា​ទាំងមូល​ ។ ទេសចរ​ពិសេស​អាច​មាន​ទម្រង់​ជា​ទេសចរ​ធុរកិច្ច ទេសចរ​ផ្ទះ​ទី​ ២ ទេសចរ​និវត្តជន (​មាន​ធនធាន​) និង​ប្រភេទ​ទេសចរ​ផ្សេង​ៗ​ទៀត និង​ទទួល​បាន​សិទ្ធិ​ពិសេស​នានា​ក្នុង​ការ​ចូល​ចេញ ស្នាក់​អាស្រ័យ និង​ទទួលផល​ប្រយោជន៍​ក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​ទទួល​បាន​សិទ្ធិ​អាស្រ័យ​ផល​ក្នុង​តំបន់​ទេសចរណ៍​ពិសិដ្ឋ ស្រប​តាម​ច្បាប់​និង​ក្រប​ខណ្ឌ​គតិ​យុ​ត្ត​ដែល​មាន​ជា​ធរមាន ឬ​នឹង​ត្រូវ​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​ ៕ អត្ថបទសហការ