ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឆ្លើយតបទៅតាមការសន្យា អ្នកឧកញ៉ា លាង ពៅ(ភី ធើរ) អគ្គនាយក ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង បានបំពេញក្តីបំណងចុងក្រោយរបស់វីរកងទ័ព ប៊ុង តុងធៀន

1 ថ្ងៃ មុន

អ្នកឧកញ៉ា លាង ពៅ អគ្គនាយក ក្រុមហ៊ុន​ស៊ីម៉ងត៍​អូដ្ឋ ជីប ម៉ុង បាន​ឆ្លើយ​តប​ទៅ​តាម​សន្យា​ចំពោះ​គ្រួសារ វីរ​កងទ័ព ប៊ុ​ង…

អ្នកឧកញ៉ា លាង ពៅ អគ្គនាយក ក្រុមហ៊ុន​ស៊ីម៉ងត៍​អូដ្ឋ ជីប ម៉ុង បាន​ឆ្លើយ​តប​ទៅ​តាម​សន្យា​ចំពោះ​គ្រួសារ វីរ​កងទ័ព ប៊ុ​ង តុង​ធៀន ក៏​ដូច​បំពេញ​ក្តី​បំណង​ចុង​ក្រោយ ដែល​បាន​ផ្តាំផ្ញើ​មុន​ពេល​វីរ​កងទ័ព តុង ធៀន ពលី​ក្នុង​បុព្វហេតុ​ជាតិ ដោយ​ផ្តាំ​ទៅ​ម្តាយ​អោយ​យក​ប្រាក់ខែ​ទា​ហ៊ាន​របស់​ខ្លួន​ទាំងអស់ បង់​រំ​លោះ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​បន្ត​ដោយ​ចង់​ឲ្យ​គ្រួសារ​រស់នៅ​ដោយ​ផា​សុខភាព និង​សុវត្ថិភាព ។ ទាំងនេះ​ហើយ​ដែល​ធ្វើ​អោយ អ្នកឧកញ៉ា សែន​ស្រណោះ អាណិត​ជា​ពន់ពេក ។

ថ្ងៃនេះ​លោក​ឧកញ៉ា បាន​ប្រគល់​ទឹកប្រាក់​សរុប​សម្រាប់​ផ្តាច់​កម្ចី​ផ្ទះ​ទាំងអស់ ជូន​ក្រុម​គ្រួសារ​វីរ​កងទ័ព តុង ធៀន និង​ធានា​ថា ផ្ទះ​ដែល​ក្មួយ​បាន​សន្សំ​រំ​លោះ​សម្រាប់​ក្រុម​គ្រួសារ​នោះ នឹង​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ពិតប្រាកដ ដូច​ជា ក្តី​បំណង​ចុង​ក្រោយ​របស់​តុង ធៀន ប្រាកដ​មែន ។

បន្ថែម​លើស​ពី​នេះ ក្រុម​គ្រួសារ​វីរ​កងទ័ព តុង ធៀន អញ្ជើញ​អ្នកឧកញ៉ា ទៅ​មើល​ផ្ទះ​ផ្ទាល់​ដែល​រៀបចំ​រួចរាល់ ។ អ្វី​ដែល​កាន់តែ​ក្តុកក្តួល​នោះ គឺ​កាលពី​នៅ​មានជីវិត​ក្មួយ​តុង ធៀន វីរ​កងទ័ព​វ័យក្មេង ចង់បាន​បន្ទប់​ផ្ទាល់ខ្លួន​មួយ ក្នុងផ្ទះ​ថ្មី​នេះ​ដោយ​សង្ឃឹមថា នឹង​បាន​ចូល​រស់នៅ​ក្រោយ​ត្រលប់​ពី​សមរភូមិ​វិញ តែ​ពេល​នេះ​ពិតជា​គួរ​អោយ​សោកស្តាយ​បំផុត​នៅ​សល់​តែ​បន្ទប់​ទទេ តែ​បាត់​ម្ចាស់​បាត់​ទៅ​ហើយ ។ ក្រុម​គ្រួសារ​ជីប ម៉ុង និង​ស៊ីម៉ងត៍​អូដ្ឋ​ជីប ម៉ុង សង្ឃឹមថា ការ​រួមចំណែក​នេះ បាន​បំពេញ​បំណងប្រាថ្នា តុង ធៀន​ចុង​ក្រោយ និង​សូម​អោយ​វិញ្ញាណក្ខន្ធ តុង ធៀន ទៅ​កាន់​សុគតិភព ។

ការ​លះបង់​ដ៏​ធំធេង​របស់​វីរ​កងទ័ព ប៊ុ​ង តុង​ធៀន និង​វីរ​កងទ័ព​ទាំងអស់ ត្រូវ​បាន​ចង​ចាំ​ជា​និច្ច ក្នុង​ដួងចិត្ត​ប្រជាជន​ខ្មែរ និង​ជា​សញ្ញា​នៃ​ស្មារតី​សាមគ្គី​ជាតិ ។ ហើយ​អ្នកឧកញ៉ា និង​ក្រុម​គ្រួសារ ពិតជា​សូម​គោរព​ដឹងគុណ​ដល់​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព​កម្ពុជា​ទាំងអស់ ក៏​ដូច​ជា រាជរដ្ឋាភិបាល​ក្នុង​ការពារ​បូរណភាព​ដែនដី​កម្ពុជា​យើង ។

ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ ក្រុមហ៊ុន ជីប ម៉ុង និង​ស៊ីម៉ងត៍​អូដ្ឋ ជីប ម៉ុង ដែល​មាន​ឈាមជ័រ​ជា​ខ្មែរ​មួយ​នេះ នៅ​តែ​បន្ត​ប្រកៀក​ស្មា​ជាមួយ​បងប្អូន​ប្រជាជន​ខ្មែរ រួមសុខ​រួមទុក្ខ​ជាមួយ​វីរ​កងទ័ព​ជួរ​មុខ ដើម្បី​ការពារ​ជាតិ​មាតុភូមិ​កម្ពុជា ។ រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​ជីប ម៉ុង បាន​ឧបត្ថម្ភ​ទឹកប្រាក់​សរុប​ប្រមាណ ៧ លាន​ដុល្លារ​ដោយ​រួម​បញ្ចូល​ទាំង​ជំនួយ​ផ្សេង​ៗ​ទៀត​ដូច​ជា អង្ករ ទឹក​សុទ្ធ អំបុក តង់ និង​ភេសជ្ជៈ ជូន​ដល់​បងប្អូន​ភៀស​សឹក និង​វិ​រ​កងទ័ព​កម្ពុជា ។ បន្ថែម​លើស​ពី​នេះ ក្រុមហ៊ុន​ស៊ីម៉ងត៍​អូដ្ឋ​ជីប ម៉ុង បាន​ឧបត្ថម្ភ​ស៊ីម៉ងត៍​សរុប​ជូន​ទៅ​រាជរដ្ឋាភិបាល និង​កងទ័ព​ជិត​២០០០​តោន ដើម្បី​យក​ទៅ​សាងសង់​លាន​ដ្ឋា​ន និង​សំណង់​ផ្សេង​ៗ​ជូន​ដល់​វីរ​កងទ័ព​ដែល​កំពុង​ឈរជើង​យ៉ាង​រឹង​មាំ ដើម្បី​ការពារ​ដែន​អធិបតេយ្យភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្រុមហ៊ុន ជីប ម៉ុង នៅ​ជាមួយ​ប្រជាជន​ខ្មែរ ខ្មែរ​តែ​មួយ ខ្មែរ​រួម​គ្នា​ខ្មែរ​ខ្លាំង ៕ សហការី