ខេត្តកំពង់ធំ ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងថា រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុត ដល់ការអភិវឌ្ឍធនធានមនុស្ស តាមរយៈ ការកែទម្រង់ប្រព័ន្ធអប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសិក្សាធិការ ជាពិសេសសាលារៀនជាដើម ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីសម្ភោធអគារសិក្សា ១ខ្នង ៣បន្ទប់ និងសមិទ្ធផលផ្សេងៗនៅសាលាបឋមសិក្សាបឹងខ្វែក ស្ថិតក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៦ នេះថា សមិទ្ធផលជារូបវន្តដ៏ថ្មីស្រឡាង ដែលបានកើតឡើងនៅពេលនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ នេះគឺជា ផ្លែផ្កាដ៏ពិតប្រាកដ ដែលកើតចេញពីការខិតខំអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបាននិងកំពុងបោះជំហានទៅមុខលើគ្រប់វិស័យ។

លោកជំទាវបណ្ឌិត បន្តថា ជុំវិញវិស័យអប់រំនេះ រាជរដ្ឋាភិបាលតែងតែផ្ដល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការកែទម្រង់ប្រព័ន្ធអប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសិក្សាធិការនៅតាមជនបទដូចជា សាលារៀនដែលកំពុងសម្ពោធ នាថ្ងៃនេះជាដើម ដើម្បីធានាថា គ្មានកុមារណាម្នាក់ត្រូវបានបោះបង់ចោលនោះឡើយ។ ដូច្នេះសូមក្មួយៗត្រូវយកចិត្តទុកដាក់ខិតខំ រៀនសូត្រឱ្យបានខ្លាំងក្លា ដូចប្រសាសន៍សម្តេចធិបតីនាយករដ្ឋមន្ត្រី តែងតែលើកឡើងថា “រៀនឱ្យចេះ រៀនឱ្យមានជំនាញ និងរៀនឱ្យ មានការងារធ្វើ”។ លោកជំទាវ ក៏បានបន្ថែមថា ភាពជោគជ័យក្នុងការសិក្សារបស់ក្មួយៗ គឺជាមោទនភាពរបស់មាតាបិតា អាណាព្យា បាល លោកគ្រូ-អ្នកគ្រូ រាជរដ្ឋាភិបាល និងសប្បុរសជនដែលជាអ្នកឧបត្ថម្ភផងដែរ។ ហេតុនេះសូមក្មួយៗខិតខំរៀនសូត្រ ឱ្យក្លាយ ជាសិស្សឆ្នើម និងសិស្សពូកែ ឱ្យសមទៅនឹងពាក្យស្លោក “ទំពាំងស្នងឫស្សី” របស់ជាតិយើង។

លោកជំទាវបណ្ឌិត បន្ថែមទៀតថា ជាក់ស្តែងអគារសិក្សាថ្មី ១ខ្នង មាន ៣បន្ទប់ ក៏ដូចជាអគារសិក្សាដែលបានជួសជុល ១ខ្នង មាន ៦បន្ទប់ ដែលកំពុងត្រូវបានសម្ពោធនាពេលនេះ មិនមែនគ្រាន់តែជាសំណង់ឥដ្ឋ និងស៊ីម៉ងត៍ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា “ជង្រុកនៃចំណេះដឹង” ជាកន្លែងដែលក្មួយៗនឹងរៀនសូត្រទាំងអក្សរសាស្ត្រ វិទ្យាសាស្ត្រ និងចំណេះដឹងហិរញ្ញវត្ថុជាមូលដ្ឋាន ដើម្បី ក្លាយខ្លួនជាពលរដ្ឋគំរូ និងសកម្មនាពេលអនាគត ជាពិសេសជាបញ្ញវន្ត ជាអ្នកដឹកនាំ និងជាមុខមាត់របស់ខេត្តកំពង់ធំទាំងមូល។

លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងធនាគារ អេស៊ីលីដា, ធនាគារ ស៊ិនហាន, ធនាគារ ABA, ធនាគារ FTB, និងធនាគារ អេ,អឹម.ខេ ដែលបានចូលរួមឧបត្ថម្ភក្នុងការសាងសង់អគារសិក្សានោះ។ ឆ្លៀតក្នុងឱកាសនោះដែរ, លោកជំទាវក៏បាននាំយកនូវអំណោយនិងប្រាក់ឧបត្ថម្ភ ចែកជូនលោកគ្រូ-អ្នកគ្រូ អាណាព្យាបាល សិស្ស បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបប្រមាណ ៣៨៧ នាក់ ក្នុងនោះបានឧបត្ថម្ភសាលាបឋមសិក្សាបឹងខ្វែក ចំនួន ២ លាន រៀល, រដ្ឋបាលស្រុកនិងឃុំ និងយុវជនគណបក្សភូមិ ៤៩ រូប លោកគ្រូ-អ្នកគ្រូ ២៩រូប ក្នុងម្នាក់ៗទទួលបានសារុង ១ និងថវិកា ៣ ម៉ឺន រៀល, ឧបត្ថម្ភអាណាព្យាបាលសិស្ស និងបងប្អូនប្រជាពលរដ្ឋ ២៣៩ រូប ក្នុងម្នាក់ៗទទួលបានសារុង ១ និងថវិកា ២ ម៉ឺនរៀល និងឧបត្ថម្ភសិស្សានុសិស្សចំនួន ៧០រូប ក្នុងម្នាក់ៗទទួលបានឃីត ១កញ្ចប់និងថវិកា ១ម៉ឺនរៀល៕ អត្ថបទសហការ











ចែករំលែកព័តមាននេះ