រាជធានីភ្នំពេញ ៖ សហជីពធំៗដែលមានឥទ្ធិពលនៅកម្ពុជា បានប្រកាសគាំទ្រពេញទំហឹងចំពោះប្រជាពលរដ្ឋ សិស្សនិស្សិត និងពលករខ្មែរកំពុងស្នាក់នៅសាធារណរដ្ឋកូរ៉េ ដែលបានប្ដេជ្ញាចិត្តមិនចូលរួមបាតុកម្មជាមួយក្រុមជ្រុលនិយមឧទ្ទាមក្រៅច្បាប់ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី ខណៈពួកគេបានថ្កោលទោសអ្នកផ្ដួចផ្ដើមបាតុកម្មទាំងអស់នោះ ។
លោក អ៊ុន ដារ៉ា ប្រធានសហភាពកម្ពុជាពន្លឺកម្មករបានថ្លែងថា៖ «ខ្ញុំពេញចិត្តចំពោះការប្ដេជ្ញាចិត្តរបស់បងប្អូន និងក្មួយៗដែលកំពុងស្នាក់នៅ ឬក៏ធ្វើការងារជាពលករនៅសាធារណរដ្ឋកូរ៉េ ដែលមិនចូលរួមពាក់ព័ន្ធបាតុកម្មជាមួយក្រុមជ្រុលនិយមទាំងនោះ ព្រោះបាតុកម្មមិនមែនជាដំណោះស្រាយ ហើយតែងនាំឱ្យខាតបង់ពេលវេលា លុយកាក់ កិត្តិយសខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល» ។
លោកបន្តថា៖ «សូមបងប្អូនកុំចាញ់ឧបាយកលបោកបញ្ឆោតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចដែលបានញុះញង់ ហើយខ្ញុំគាំទ្រពេញទំហឹងតែម្ដងចំពោះបងប្អូន យើងកុំទៅចូលរួមធ្វើបាតុកម្ម ព្រោះបាតុកម្មមិនមែនជាជម្រើសដែលធ្វើឱ្យស្រុកទេសយើងរីកចំរើននោះទេ គឺមានការជួយគ្នា ដើម្បីអភិវឌ្ឍស្រុកទេសយើង» ។
លោក អ៊ុន ដារ៉ា បន្ថែមថា បាតុកម្មធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ស្រុកទេសរបស់គេ និងខូចទាំងឈ្មោះជាជាតិខ្មែរនៅលើឆាកអន្តរជាតិ។ ដូច្នេះ ក្នុងនាមជាពលរដ្ឋខ្មែរឈប់ចាញ់ឧបាយកលបោកបញ្ឆោតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលបានញុះញង់បងប្អូនឱ្យចូលរួមបាតុកម្មដែលគ្រោងរៀបចំធ្វើនៅថ្ងៃខាងមុខនេះ ។
លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជាបានថ្លែងថា៖«ខ្ញុំគាំទ្រចំពោះការប្ដេជ្ញាចិត្តរបស់បងប្អូនខ្មែរយើងនៅកូរ៉េ ដែលពួកគាត់តាំងចិត្តខ្ពស់មិនចូលរួមបាតុកម្មជាមួយក្រុមជ្រុលនិយមទាំងនោះ ព្រោះបាតុកម្ម មិនមែនជាដំណោះស្រាយទេ ហើយនាំឱ្យខាតបង់ពេលវេលា លុយកាក់ កិត្តិយសខ្លួនឯង និងសង្គមជាតិយើងនៅបរទេសទៅវិញទេ» ។
លោកបន្តថា ក្រុមជ្រុលនិយមឧទ្ទាមក្រៅច្បាប់កំពុងអុជអាលដែលយកបញ្ហាទឹកដី មកដុតបញ្ឆេះពលរដ្ឋ និងចង់ឱ្យកម្ពុជាប៉ះទង្គិចដោយអាវុធជាមួយប្រទេសជិតខាង។ ពួកគេមានចេតនានាំឱ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម បាត់បង់អាយុជីវិតប្រជាជន បាត់បង់ទឹកដីកាន់តែច្រើនថែមទៀត និងបំផ្លាញសេដ្ឋកិច្ចទាំងស្រុង ។
ចំណែកលោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជាបានថ្លែងថា៖«ក្រុមជ្រុលនិយមនៅតែប្រើលេសទាមទារកោះគុតទាំងងងឹតងងុល ហើយមានតែខ្មែរដែលមាននិន្នាការបម្រើបរទេសទេ ដែលចង់រុញខែ្មរឱ្យប្តឹងទៅតុលាការអន្តរជាតិលើករណីកោះគុត។ ដូចដែលសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ៗហើយ គឺប្រទេសយើងទាំងពីរកំពុងតែធ្វើការជាមួយគ្នាដោយសន្តិវិធី និងយកច្បាប់ជាគោល» ។
ក្នុងនាមលោកជាពលរដ្ឋខ្មែរ លោកបានបង្ហាញពីភាពជឿជាក់ខ្ពស់ និងទុកលទ្ធភាពឱ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចរចាបញ្ហាព្រំដែនសមុទ្រជាមួយភាគីថៃ ដោយមិនចាំបាច់ប្តឹងទៅតុលាការអន្ដរជាតិនោះទេ ហើយចៀសវាងការដុតបញ្ឆេះពលរដ្ឋ និងចង់ឱ្យកម្ពុជាប៉ះទង្គិចដោយអាវុធជាមួយប្រទេសជិតខាង ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានថ្លែងថា៖«ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋកុំលង់ក្នុងឧបាយកលរបស់ជនក្បត់ជាតិនេះ ព្រោះពួកគេបោកប្រាស់បងប្អូន ហើយអ្នកដែលរងគ្រោះយកជីវិតទៅការពារជនក្បត់ជាតិ គឺបងប្អូន ហើយអ្នកដែលលំបាក គឺក្រុមគ្រួសារបងប្អូន» ។
លោកបន្តថា ពួកគេគ្រាន់តែបោកប្រាស់បងប្អូន ដើម្បីរៃអង្គាស់ប្រាក់ពីបងប្អូនបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ការបាតុកម្មនៅលើទឹកដីបរទេស គឺជាចេតនាបំផ្លាញកិត្តិយសជាតិនៅលើឆាកអន្តរជាតិដែលមិនអាចចាត់ទុកជាយុវជន ឬពលរដ្ឋជាអ្នកស្នេហាជាតិបានទេ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ