រាជធានីភ្នំពេញ ៖ ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ លើកឡើងថា ខ្លួនជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាកោះគុតដែលស្ថិតក្នុងតំបន់ត្រួតស៊ីគ្នានៃព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ ដោយសន្តិវិធី ជាជាងនាំគ្នាធ្វើបាតុកម្មពោរពេញដោយកំហឹងក្រោមរបៀបវារៈនយោបាយបក្សប្រឆាំងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងការទូត និងសន្តិសុខជាតិ ។
លោក អ៊ុ វិរៈ ដែលជាពលករផ្នែកកសិកម្ម ក្នុងតំបន់ស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ បានលើកឡើងថា ខ្លួនមិនចូលរួមបាតុកម្មដែលជាការបំផុសបំផុលពីសំណាក់ក្រុមបក្សប្រឆាំងម្តងហើយម្តងទៀតនោះទេ ព្រោះការធ្វើបាតុកម្មនេះមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាព្រំដែនបានទេ ក៏ប៉ុន្តែធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា ថៃ ដែលជាប្រទេសភូមិផងរបងជាប់គ្នា ជាពិសេសអាចបង្កស្ថានការណ៍កាន់តែតានតឹងឈានដល់ជម្លោះព្រំដែនទៀតផង។
លោកបញ្ជាក់ថា នឹងមិនចូលរួមបាតុកម្មទេ ដោយលោកជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន និងបូរណភាពទឹកដីជាមួយប្រទេសជិតខាង។ ក្នុងនាមជាពលករនៅសាធារណរដ្ឋកូរ៉េ ជឿជាក់លើសមត្ថភាពដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីលើការចចារបញ្ហាទឹកដីជាមួយប្រទេសជិតខាង ដោយឈរលើគោលជំហរសន្តិវិធី ។
ដោយឡែក លោក យុន សុវិក្រឹត ពលករផ្នែកឧស្សាហកម្មក្នុងតំបន់ស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ បានលើកឡើងថា នឹងមិនចូលរួមធ្វើបាតុកម្មលើរឿងកោះគុតនោះទេ ដោយលោកលើកឡើងថាខ្លួនជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន និងបូរណភាពទឹកដីជាមួយប្រទេសជិតខាង។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការទាញភ្ជាប់បញ្ហាកោះគុតដែលស្ថិតក្នុងតំបន់ត្រួតស៊ីគ្នានៃព្រំដែនសមុទ្ររវាងកម្ពុជា និងថៃមកបញ្ជេះកំហឹងពលរដ្ឋ ក្នុងចេតនាទុច្ចរិតបង្កឱ្យមានជម្លោះរវាងប្រទេសជិតខាង និងនាំឱ្យខ្មែរបែកបាក់ជាតិជាខ្លាំង ខណៈជាក់ស្តែង ភាគីកម្ពុជា និងថៃកំពុងតែធ្វើការចរចាគ្នានៅឡើយ ។
គួររំឭកថា ក្រុមប្រឆាំងជ្រុលនិយមឧទ្ទាមក្រៅច្បាប់នៅតែព្យាយាមយកកោះគុតមកធ្វើជាលេស ដើម្បីកៀរគរមនុស្សមកធ្វើបាតុកម្មនៅសាធារណរដ្ឋកូរ៉េ ប៉ុន្ដែការអំពាវនាវ ការកៀរគរមនុស្សរបស់ពួកគេគ្មានប្រសិទ្ធភាពនោះទេ ក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋកម្ពុជា ដោយសារពលរដ្ឋបានដឹងច្បាស់ពីល្បិចកលខ្មៅងងឹតរបស់ក្រុមប្រឆាំងជ្រុលនិយមឧទ្ទាមក្រៅច្បាប់ ដែលមានគោលបំណងដើម្បីបម្រើតែផលប្រយោជន៍ដល់បក្សពួកមួយក្រុមតូចរបស់ខ្លួនប៉ុណ្ណោះ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ