ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហជីព​គាំទ្រ​វិធានការ​របស់​ក្រសួង​ការងារ ​ក្នុងការ​ពង្រឹង​ការ​ធ្វើ​អធិការកិច្ច​តាម​រោងចក្រ សហគ្រាស ដើម្បី​ធានា​ការ​ផ្តល់​អត្ថប្រយោជន៍ពេញលេញ​ដល់​កម្មករនិយោជិត

4 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ បណ្តា​សហជីព​នៅ​កម្ពុជា​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​វិធានការ​ពង្រឹង​ការ​ធ្វើ​អធិការកិច្ច​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើ​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប…

រាជធានីភ្នំពេញ​ ៖ បណ្តា​សហជីព​នៅ​កម្ពុជា​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​វិធានការ​ពង្រឹង​ការ​ធ្វើ​អធិការកិច្ច​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើ​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ ​២០២៥​ នេះ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​គោរព​ច្បាប់​ការងារ​, ការ​អនុវត្ត​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​សម្រាប់​កម្មករនិយោជិត ពី​សំណាក់​និយោជក ជៀសវាង​មានការ​តវ៉ា ឬ​វិវាទ​ការងារ​កើតឡើង ​។

លោក គង់ អាទិត្យ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​លើក​ឡើង​ថា យន្តការ​ពង្រឹង​ការ​ធ្វើ​អធិការកិច្ច​របស់​ក្រសួង​ការងារ​គឺជា​រឿង​ល្អ​ណាស់​សម្រាប់​រក្សា​ឱ្យ​បាន​នូវ​ការ​គោរព​សិទ្ធិ និង​តាមដាន​ការ​អនុវត្ត​ការ​ផ្តល់​អត្ថប្រយោជន៍​ដល់​កម្មករនិយោជិត​ពី​សំណាក់​និយោជក ដើម្បី​ធានា​បាន​ថា ម្ចាស់​រោងចក្រ សហគ្រាស​ទាំងនោះ​មិន​កេង​ប្រ​វ័​ញ្ញ និង​ផ្តល់​អត្ថប្រយោជន៍​បាន​ពេញលេញ​តាម​ច្បាប់​ការងារ​ដែល​មាន​ចែង​ជា​ធរមាន ជា​ពិសេស​លើ​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំឆ្នាំ​ ។

ប្រធាន​សហភាព​ការងារ​កម្ពុ​ជាមួយ​នេះ បាន​គូសបញ្ជាក់​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ​មិន​ត្រឹមតែ​លើកកម្ពស់​សិទ្ធិ និង​ផលប្រយោជន៍​កម្មករនិយោជិត​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ក៏​ដើម្បី​រក្សា​ឱ្យ​បាន​នូវ​បរិយាកាស​វិនិយោគ​នៅ​ក្នុងស្រុក​មួយ ដែល​ធានា​បាន​នូវ​ផលិតភាព​និង​ស្ថិរភាព ពីព្រោះ​កាលណា​នៅ​ក្នុងស្រុក​មានការ​គោរព​ច្បាប់​បាន​ត្រឹមត្រូវ នោះ​កម្មករ​កាន់តែ​មាន​ផលិតភាព​ការងារ ដោយឡែក​អ្នក​វិនិយោគ​ថ្មី​ក៏​មានការ​ចាប់អារម្មណ៍​លើ​ប្រទេស​កម្ពុជា ខណៈ​ដែល​ស្ថានភាព​ការងារ​កាន់តែ​ប្រសើរ​ឡើង ​។ ដូច្នេះ​ហើយ​ការ​ពង្រឹង​ច្បាប់ និង​ការ​អនុវត្ត​ច្បាប់​គឺ​ពិតជា​រឿង​សំខាន់​ណាស់​សម្រាប់​បរិបទ​ការ​វិនិយោគ ​។

ប្រធាន​សហភាព​ការងារ​កម្ពុជា​រូប​នេះ​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា យន្តការ​ពង្រឹង​ការ​ធ្វើ​អធិការកិច្ច​របស់​ក្រសួង​ការងារ​នា​ពេល​នេះ ជាមួយ​ផ្នែក​ចូលរួម​យ៉ាង​សំខាន់​ដើម្បី​ធានា​ឱ្យ​នូវ​គោលនយោបាយ​ថ្នាក់​ជាតិ​គឺ​ប្រែក្លាយ​សហគ្រាស​មួយ ជា​សហគមន៍​សុខសាន្ត​មួយ​ផង​ដែរ​។ លោក​ក៏​សង្កត់ធ្ងន់​ផង​ដែរ​ថា បណ្តា​សហជីព​មូលដ្ឋាន និង​និយោជក​ត្រូវ​រួម​គ្នា​ធ្វើការ​ដោះស្រាយ​នូវ​បញ្ហា​ផ្សេង​ៗ​ឱ្យ​បាន​ទាន់​ពេល ប្រ​សិន​រក​ដំណោះស្រាយ​មិន​បាន ត្រូវ​បញ្ជូន​មក​ក្រសួង​ការងារ ដែល​ជា​សេនាធិការ​ខាង​ការងារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​រក​ដំណោះស្រាយ ជៀស​ជាង​ខ្ទប់​រឿង ហើយ​ឈាន​ដល់​ការ​បង្កើត​ជម្លោះ​នៅ​ទីតាំង​ផ្ទាល់​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សង្គម​។

ដោយឡែក លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បាន​គូសបញ្ជាក់​ផង​ដែរ​ថា លោក​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​យន្តការ​ពង្រឹង​ការ​ធ្វើ​អធិការកិច្ច​របស់​ក្រសួង​ការងារ​ពីព្រោះ​ដើម្បី​ត្រួតពិនិត្យ និង​ធ្វើ​ឱ្យ​បណ្តា​ម្ចាស់​រោងចក្រ សហគ្រាស អនុវត្ត​បាន​ពេញលេញ និង​ត្រឹមត្រូវ​នូវ​ប្រាក់​ឈ្នួល​អប្បបរមា និង​អត្ថប្រយោជន៍​ជា​ច្រើន​ផ្សេង​ៗ​ទៀត​ដល់​កម្មករនិយោជិត​នៅ​កម្ពុជា​។ កិច្ចការ​ទាំងនេះ​សុទ្ធសឹងតែ​ជា​អ្វី​ដែល​កម្មករនិយោជិត​ចង់បាន និង​ទាមទារ​ការ​យកចិត្តទុកដាក់​ពី​ភាគី​ពាក់ព័ន្ធ​។

ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​រូប​នេះ​មើលឃើញ​ថា តាំងពី​ពេល​មុន​ៗ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជា​ច្រើន​ដើម្បី​លើកកម្ពស់​ជីវភាព និង​ការ​រស់នៅ រួម​ទាំង​សុខុមាលភាព​របស់​បងប្អូន​កម្មករនិយោជិត ដូច្នេះ​ហើយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ត្រូវ​តែ​ផ្តល់​ឱ្យ​ដល់​កម្មករ តាម​រយៈ​ការ​អនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ឱ្យ​បាន​ត្រឹមត្រូវ និង​ច្បាស់លាស់​បំផុត​ពី​សំណាក់​និយោជក​។

គួរ​បញ្ជាក់​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី ​១៨ ខែមករា ឆ្នាំ​ ២០២៤ បាន​ចេញ​សេចក្តីណែនាំ និង​ក្រើនរំលឹក​ដល់​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប ត្រូវ​អនុវត្ត​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៥ ចាប់ពី​ថ្ងៃ​ទី​ ១ ខែមករា ឆ្នាំ​ ២០២៥ តទៅ ដោយ​ត្រូវ​ទូទាត់​ចំនួន ២ ​ដង ក្នុង ​១ ​ខែ ​។

ទន្ទឹម​នឹង​នេះ ម្ចាស់​ឬ​នាយក​សហគ្រាស គ្រឹះស្ថាន ត្រូវ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ចំនួន ២​ដង ក្នុង​១​ឆ្នាំ រួម​និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ ជូន​កម្មករនិយោជិត​ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​។ ក្នុង​ករណី​មានការ​ខកខាន​ទូទាត់ ឬ​គណនា​ដោយ​មិន​បាន​ត្រឹមត្រូវ ដែល​នាំ​ឱ្យ​មាន​វិវាទ​ការងារ​កើតឡើង អធិការ​ការងារ​នឹង​ចាត់វិធានការ​ផាកពិន័យ​សហគ្រាស គ្រឹះស្ថាន​នោះ យ៉ាង​តឹងរ៉ឹង​តាម​ច្បាប់​ជា​ធរមាន​ ។

ក្នុង​ករណី​សង្ស័យ​ថា ការ​គណនា​ប្រាក់​ឈ្នួល ប្រាក់​បំណាច់​អតីតភាព​ការងារ និង​/​ឬ​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ អនុវត្ត​មិន​បាន​ត្រឹមត្រូវ​តាម​ច្បាប់ សូម​បងប្អូន​កម្មករនិយោជិត ឬ​សហជីព​ដែល​ជា​តំណាង​របស់​បងប្អូន​កម្មករនិយោជិត​ជូនដំណឹង​មក​អធិការ​ការងារ តាម​រយៈ​ប្រព័ន្ធ​ទាន់​ហេតុការណ៍​លេខ ១២៩៧ ឬ ១២៨៦ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន ចៀសវាង​ការ​យក​ជម្រើស​តវ៉ា​តាម​រយៈ​ការ​បិទផ្លូវ​សាធារណៈ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​អាច​ឈាន​ដល់​ការ​ប្រព្រឹត្ត​ល្មើសច្បាប់​ជាយថាហេតុ​ ៕ អត្ថបទសហការ