ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គម្រោង​សាលារៀន ​មាន​សុវត្ថិភាព បាន​បិទបញ្ចប់​ដោយ​ជោគជ័យ ក្រោម​ជំនួយ​ពី​មូលនិធិ​ព្រូដិ​ន​ស៍ និង​ក្រុមហ៊ុន​ព្រូ​ដិ​ន​សល​កម្ពុជា ដោយមាន​សាលា​ចូលរួម​ចំនួន ៩៦

22 ម៉ោង មុន

ខេត្តសៀមរាប, ថ្ងៃ​ទី ០៩ តុលា ២០២៥ ៖ បន្ទាប់​ពី​ការ​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល ៩ ឆ្នាំ មកនេះ…

ខេត្តសៀមរាប, ថ្ងៃ​ទី ០៩ តុលា ២០២៥ ៖ បន្ទាប់​ពី​ការ​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល ៩ ឆ្នាំ មកនេះ មូលនិធិ​ព្រូ​ដិ​ន​ស៍ (Prudence Foundation) ដែល​ជា​មូលនិធិ សប្បុរសធម៌ និង​សហគមន៍ របស់​ក្រុមហ៊ុន​ព្រូ​ដិ​ន​សល​នៅ​អាស៊ី និង អា​ហ្វ្រិ​ច តាម​រយៈ​ក្រុមហ៊ុន ព្រូ​ដិ​ន​សល កម្ពុជា (Prudential Cambodia) និង អង្គការ​ផ្លេ​ន​អន្តរជាតិ​កម្ពុជា (Plan International Cambodia) បាន​ប្រកាស​បញ្ចប់​នូវ​គម្រោង “​ការ​លើកកម្ពស់​គំនិត​ផ្តួចផ្តើម​សាលារៀន​មាន​សុវត្ថិភាព​នៅ​កម្ពុជា​” រយៈពេល​វែង ដោយ​ជោគជ័យ​នៅ​ថ្ងៃនេះ និង​ជួយ​បង្កើន​ភាព​ធន់​និង​ការ​សម្រប​ខ្លួន​របស់​សិស្ស​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ ក្នុង​សាលា​ចំនួន ៩៦ ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ មូលនិធិ​ព្រូ​ដិ​ន​ស៍បាន​ឱ្យ​ដឹង​ថា ដំណាក់កាល​ចុង​ក្រោយ​នេះ (​ដំណាក់កាល​ទី ៣) បាន​ឈាន​ដល់​សមិទ្ធផល​ដ៏​ធំ​មួយ​គឺ​ ៖ ការ​ប្រគល់​ជូន​ជា​ផ្លូវការ​នូវ “​សាលារៀន​មាន​សុវត្ថិភាព​” ថ្មី​ចំនួន ៣៦ សាលា នៅ​ក្នុង​ខេត្តសៀមរាប និង​រតនៈគិរី ជូន​ដល់​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត កាលពី​ថ្ងៃ​ទី ៩ ខែ តុលា ឆ្នាំ ២០២៥​ ។ ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោក​ជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង ឯកឧត្តម ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក​នៃ​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា (IRC) ដោយ​មាន​អ្នកចូលរួម​ជាង ១០០ នាក់ ​។

គម្រោង​នេះ​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​មូលនិធិ​ព្រូ​ដិ​ន និង​អង្គការ​ផ្លេ​ន​អន្តរជាតិ​ហុងកុង សហការ​ជាមួយនឹង​ដៃគូ​អនុវត្តន៍​ដូច​ជា ក្រសួង​អប់រំ យុវជន និង​កីឡា អង្គការ​ផ្លេ​ន​អន្តរជាតិ​កម្ពុជា និង​មូលនិធិ​សិទ្ធិ​កុមារ​ ។ គម្រោង​នេះ​ត្រូវ​បាន​បញ្ចប់​ដោយ​មាន សាលារៀន​រដ្ឋ​សរុប​ចំនួន ៩៦ សាលា ក្នុង​ខេត្តរតនគិរី សៀមរាប និង​ស្ទឹង​ត្រែង ដែល​ត្រូវ​បាន​កំណត់​ជា​ផ្លូវការ​ថា​ជា​បរិស្ថាន​សិក្សា​ដែល​មាន​សុវត្ថិភាព និង​ភាព​ធន់​ជាង​មុន ដែល​បាន​ផ្តល់​ផល​ជៈ​ជា​វិជ្ជមាន​សរុប​ចំនួន ៧៤,៨៦៩ នាក់ ក្នុង​ដំណាក់កាល​ទាំង​បី ​។

ការ​ប្រគល់​នេះ គឺជា​ការ​បញ្ចប់​ដោយ​ជោគជ័យ​នៃ​គំនិត​ផ្តួចផ្តើម ដែល​បាន​ផ្តោត​លើ​ការ កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ ការ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព​រយៈពេល​វែង ដើម្បី​កសាង​ភាព​ធន់​របស់​សាលារៀន តាម​រយៈ​ការ​បង្កើន​ការ​សហការ និង​ការ​គាំទ្រ​ពី​ទីភ្នាក់ងារ​រដ្ឋាភិបាល និង​សហគមន៍​មូលដ្ឋាន​ ។

ឯកឧត្តម ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក នៃ​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “​និយ័ត​ករ​ធានា​រ៉ាបរង​កម្ពុជា ផ្ដោត​សំខាន់ លើ​ការ​ធានា និង​ជួយ​គាំទ្រ​ឱ្យ​វិស័យ​ធានា​រ៉ាប់រង មាន​ភាព​រីក​ចំរើន ប្រកបដោយ​ចីរភាព និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​រួម​គ្នា​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍​ដែល​ខ្លួន​កំពុង​ដំណើរការ​អាជីវកម្ម​។ ខ្ញុំ​សូម​ចូលរួម អបអរ​សារ​ទ ចំពោះ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រុមហ៊ុន​ព្រូ​ដិ​ន​សល កម្ពុជា ក៏​ដូច​ជា​មូលនិធិ​ព្រូ​ដិ​ន​ស៍ និង​ដៃគូ​នានា ដែល​បាន​ចូលរួម​អនុវត្ត​លើកកម្ពស់ ពង្រឹង​ចំណេះដឹង​លើ​ការ​អនុវត្ត​ក្រប​ខណ្ឌ​សាលារៀន​សុវត្ថិភាព និង​សម្របសម្រួល​ផ្ទេរ​សមិទ្ធផល​ដើម្បី​បន្ត​និរន្តរភាព​នៃ​គម្រោង​នេះ​”​ ។

លោក ពន្លឺ តុលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ព្រូ​ដិ​ន​សល កម្ពុជា ឡាវ និង​មី​យ៉ា​ន់​ម៉ា បាន​មាន​ប្រសាសន៍​ថា​ ៖ “​ខ្ញុំ​រំភើប​ណាស់​ដែល​បានឃើញ​ផល​ប៉ះពាល់​ពិតប្រាកដ​នៃ​កម្មវិធី​សាលារៀន​មាន​សុវត្ថិភាព​នេះ​ ។ កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​របស់​យើង ​បាន​បង្កើត​បរិយាកាស​សិក្សា​ដែល​មាន​សុវត្ថិភាព​ជាង​មុន ដែល​ផ្តល់​សិទ្ធ​អំណាច​ដល់​សិស្សានុសិស្ស និង​សហគមន៍​ឱ្យ​មានការ​រីក​ចម្រើន ​។ ការ​ឃើញ​សាលារៀន​ដែល​ធ្លាប់តែ​ងាយ​រង​គ្រោះ ក្លាយទៅជា​កន្លែង​ដែល​មាន​សុវត្ថិភាព ក្នុង​ការ​គាំទ្រ​ការ​សិក្សា​ដល់​សិស្សានុសិស្ស​បែប​នេះ បាន​បង្ហាញ​ពី​សមិទ្ធផល​នៃ​កិច្ចសហការ និង​ការ​ចូលរួម​ពី​សហគមន៍​យ៉ាង​ពិតប្រាកដ​ ។ យើង​មាន​មោទនភាព​ដែល​បាន​ឈរ​ជាមួយ​ដៃគូ អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​គ្រួសារ​របស់​យើង ក្នុង​ការ​កសាង​អនាគត​ដ៏​ភ្លឺស្វាង និង​មាន​ភាព​ធន់​ជាង​មុន សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​កម្ពុជា​” ​។

ដំណាក់កាល​ទី ១ នៃ​គំនិត​ផ្តួចផ្តើម​សាលារៀន​មាន​សុវត្ថិភាព ដែល​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ ២០១៦ បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ និង​សុវត្ថិភាព​សាលារៀន​នៅ​ខេត្តស្ទឹងត្រែង តាម​រយៈ​ការ​បណ្តុះបណ្តាល​គ្រូបង្រៀន សិស្សានុសិស្ស និង​អាជ្ញាធរ​មូលដ្ឋាន​។ ដំណាក់កាល​ទី ២ ចាប់ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២២ បាន​ពង្រីក​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​ទៅ​កាន់​សាលារៀន​ជា​ច្រើន​ទៀត​នៅ​រតនគិរី និង​សៀមរាប ពង្រឹង​ការ​ត្រៀម​បង្ការ​គ្រោះ​មហន្តរាយ និង​ការ​សម្រប​ខ្លួន​ទៅ​នឹង​អាកាសធាតុ​ ។ រួម​គ្នា ដំណាក់កាល​ទាំង​ពីរ​នេះ​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​សាលា​បឋម​សិក្សា​ចំនួន ៦០ និង​កុមារ​រាប់​ពាន់​នាក់ ដោយ​បាន​បង្កើត​ជា​គំរូ​សម្រាប់​បរិស្ថាន​សិក្សា​ដែល​មានសុវត្ថិភាព និង​ភាព​ធន់ ដែល​កំពុង​ត្រូវ​បាន​ពង្រីក​នៅ​ក្នុង​ដំណាក់កាល​ទី ៣ ​។

ការ​កសាង​បន្ត​លើ​ភាព​ជោគជ័យ​នៃ​ដំណាក់កាល​ទាំង​ពីរ ដំណាក់កាល​ទី ៣ នៃ​គំនិត​ផ្តួចផ្តើម​លើកកម្ពស់​សាលារៀន​ដែល​មាន​សុវត្ថិភាព​នេះ បាន​ពង្រឹង​ចំណេះដឹង​របស់​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ អំពី​ការ​ត្រៀម​បង្ការ និង​ការ​បង្ការ​គ្រោះ​មហន្តរាយ ដោយ​ជួយ​ឲ្យ​ពួក​គេ​មាន​ភាព​ធន់​នឹង​អាកាសធាតុ​ ។

លោក យី គឹ​ម​ថា​ន នាយក​ស្តីទី​ប្រចាំ​ប្រទេស​នៃ​អង្គការ​ផ្លេ​ន​អន្តរជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា មុន​ពេល​អនុវត្ត​គម្រោង កុមារ​ភាគច្រើន​ធ្លាប់​អវត្តមាន​ពី​សាលារៀន ជា​ពិសេស​អំឡុង​រដូវវស្សា ​។ លោក​បាន​ពន្យល់​ថា ​៖ “​សាលារៀន​តែងតែ​ជន់​លិច ជួបនឹង​ព្យុះ​ត្រូពិច​នានា និង មាន​អគារ​ទ្រុឌទ្រោម ដូច្នេះ​សិស្ស​មិន​អាចម​ករៀន​ទៀងទាត់​បាន​ទេ ​។ លើស​ពី​នេះ សាលារៀន​ភាគច្រើន​នៅ​ក្នុង​តំបន់​គោលដៅ​របស់​យើង​មិន​មាន​សុវត្ថិភាព​សម្រាប់​សិស្ស​ទេ គឺ​គ្មាន​របង ដំបូល​សាលា​មិន​រឹង​មាំ និង​មាន​មែកឈើ​ងាប់​ៗ​ជា​ច្រើន​”​ ។

ដោយ​មានការ​គាំទ្រ​ពី​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន សាលារៀន​ទាំងនេះ​បច្ចុប្បន្ន​គឺជា​សាលា​គំរូ​នៃ​សាលារៀន​សុវត្ថិភាព​។ សាលារៀន​ទាំងអស់​បាន​បង្កើត​ផែនការ​និរន្តរភាព និង​ឆ្លងកាត់​ការ​វាយតម្លៃ​សុវត្ថិភាព​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ដើម្បី​ធានា​បាន​នូវ​វឌ្ឍនភាព​បន្ត​ ។ លោក គឹ​ម​ថា​ន បាន​បន្ថែម​ថា ​៖ “​គំនិត​ផ្តួចផ្តើម​នេះ​បាន​ធ្វើ​ឱ្យ​ស្ថានភាព​សាលារៀន​មាន​ភាព​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង និង​បាន​បង្កើត​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដើម្បី​ធានា​បាន​នូវ​ភាព​ជោគជ័យ​រយៈពេល​វែង​របស់​ខ្លួន​។ សុវត្ថិភាព​របស់​កុមារ​គឺជា​អា​ធិ​ភាព​ចម្បង​របស់​យើង​ ។ ដោយ​ការ​រួម​គ្នា យើង​កំពុង​ធ្វើ​ឱ្យ​សាលារៀន​មាន​សុវត្ថិភាព សហគមន៍​រឹង​មាំ និង មាន​ភាព​ធន់​ជាង​មុន​”​ ។

គោល​គំនិត «​សាលារៀន​មាន​សុវត្ថិភាព​» ជា​គំនិត​សំខាន់​សម្រាប់​ការ​ផ្តល់​នូវ​បរិស្ថាន​សិក្សា​មួយ​ដែល​ធានា​សុវត្ថិភាព​របស់​សិស្សានុសិស្ស និង​ផ្តល់​ឱកាស​ពេញលេញ​ដល់​ពួក​គេ​សម្រាប់​ការ​សិក្សា​ដោយ​គ្មាន​ការ​រំខាន ​។ រាល់​គំនិត​ផ្តួចផ្តើម​សាលារៀន​មាន​សុវត្ថិភាព​ទាំងអស់ អនុវត្ត​តាម «​ក្របខ័ណ្ឌ​សុវត្ថិភាព​សាលារៀន​ដ៏​ទូលំទូលាយ​» (Comprehensive School Safety – CSS) ​។ ក្រប​ខណ្ឌ នេះ​គាំទ្រ​ដល់​សាលារៀន ការ​គ្រប់គ្រង​ថ្នាក់ គ្រូបង្រៀន សិស្សានុសិស្ស សហគមន៍ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​ធ្វើការ​រួម​គ្នា​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ពី​គ្រប់​គ្រោះថ្នាក់​ទាំងអស់ (​ដែល​បណ្តាល​មក​ពី​ធម្មជាតិ ឬ​មនុស្ស​) ធានា​នូវ​បរិស្ថាន​សិក្សា​ដែល​មាន​សុវត្ថិភាព បង្កើត​យន្តការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឲ្យ​បាន​ច្បាស់លាស់ និង​ធ្វើ​សមាហរណកម្ម​ការ​អប់រំ​ស្តី​ពី​ការ​កាត់​បន្ថយ​ហានិភ័យ និង​ភាព​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ។

លោកស្រី Nicole Ngeow នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​ព្រូ​ដិ​ន បាន​មាន​ប្រសាសន៍​ថា​ ៖ “​កម្មវិធី​សាលារៀន​មាន​សុវត្ថិភាព គឺជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​កសាង​ភាព​ធន់​នៅ​ទូ​ទាំង​តំបន់​របស់​មូលនិធិ​ព្រូ​ដិ​ន ។ យើង​ពិតជា​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចសហការ​យូរអង្វែង​ជាមួយ​ដៃគូ​របស់​យើង ដែល​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នៅ​កម្ពុជា ដែល​បាន​ជួយ​ការពារ​កុមារ​រាប់​ពាន់​នាក់​ដែល​ទៅ​សាលារៀន និង​បាន​បញ្ចូល​ការ​ត្រៀមលក្ខណៈ​សម្រាប់​គ្រោះ​មហន្តរាយ​ទៅ​ក្នុង​ការ​អប់រំ​របស់​ពួក​គេ​”​ ។

ការ​អនុវត្ត​ក្របខ័ណ្ឌ​សុវត្ថិភាព​សាលារៀន​ដ៏​ទូលំទូលាយ (CSS) ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន ជា​ពិសេស​ការ​យល់​ដឹង និង​កិច្ច​សហប្រតិបត្តិការ​ដែល​បាន​កើនឡើង​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ សមិទ្ធផល​ទាំងនេះ​ត្រូវ​បាន​មើលឃើញ​ថា​ជា​លទ្ធផល​នៃ​កិច្ចសហការ​ល្អ និង​ការ​អនុវត្ត​នូវ​ការ​អនុវត្ត​ល្អ​ៗ ​។ ការ​គាំទ្រ​ពី​អង្គការ​ដៃគូ ផ្នែក​ឯកជន និង​សហគមន៍​បាន​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​សាលារៀន​ចំពោះ​ក្របខ័ណ្ឌ​នេះ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​សារៈសំខាន់​សម្រាប់​ការ​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​ផែនការ​យុទ្ធសាស្ត្រ និង​ក្របខ័ណ្ឌ​គោលនយោបាយ​របស់​វិស័យ​អប់រំ​ ។

លោកស្រី ម៉ៅ តាន់​ណា​វី អនុប្រធាន​ការិយាល័យ​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សា និង​ជា​មន្ត្រី​សម្របសម្រួល​សម្រាប់​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថា​ ៖ «​ការ​អនុវត្ត​ក្របខ័ណ្ឌ​សាលារៀន​មាន​សុវត្ថិភាព​គឺ​ស្របគ្នា និង​ឆ្លើយ​តប​ទៅ​នឹង​ក្របខ័ណ្ឌ​ថ្នាក់​ជាតិ និង​តំបន់​សំខាន់​ៗ​មួយ​ចំនួន ​៖ គោលនយោបាយ​ជាតិ​ ៖ រួម​មាន គោលនយោបាយ​សាលា​មិត្តភាព​កុមារ គោលនយោបាយ​គាំពារ​កុមារ ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ និង​ផែនការ​ជាតិ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ និង​ក្របខ័ណ្ឌ​ថ្នាក់​តំបន់ និង​សកល​៖ ឆ្លើយ​តប​ទៅ​នឹង​ក្របខ័ណ្ឌ​សេន​ដាយ ឆ្នាំ​២០១៥-២០៣០ ក្របខ័ណ្ឌ​សុវត្ថិភាព​សាលារៀន​ដ៏​ទូលំទូលាយ ឆ្នាំ ​២០២២-២០៣០ និង​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ឆ្នាំ​ ២០១៥»​ ។

គម្រោង​នេះ​ក៏​បាន​ជួយ​ ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង ​ក្នុង​តំបន់​ផង​ដែរ ដោយ​ការ​តម្រឹម​ខ្លួន​ជាមួយ​ក្រប​ខណ្ឌ​សាលារៀន​មាន​សុវត្ថិភាព​ទូលំទូលាយ ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា​អាច ចែករំលែក​បទ​ពិសោធន៍​ជោគជ័យ និង​រៀនសូត្រ​ពី​ប្រទេស​ដទៃ ​។

អំពី​មូលនិធិ​ព្រូ​ដិ​ន​ស៍
មូលនិធិ​ព្រូ​ដិ​ន​ស៍ (Prudence Foundation) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១១ នៅ​ហុងកុង គឺជា​ផ្នែក​វិនិយោគ​សហគមន៍ និង​សប្បុរសធម៌​របស់​ក្រុមហ៊ុន Prudential plc​ ។ មូលនិធិ​នេះ​កសាង​សុខុមាលភាព​ហិរញ្ញវត្ថុ ភាព​ធន់​នឹង​អាកាសធាតុ និង​សុខភាព​សម្រាប់​សហគមន៍​អាស៊ី និង​អាហ្វ្រិក​ដែល​ខ្វះខាត ​។ យើង​ប្តេជ្ញា​ចំពោះ​ដំណោះស្រាយ​ប្រកបដោយ​និរន្តរភាព និង​រយៈពេល​វែង ដែល​ផ្តល់​សិទ្ធិ​អំណាច​ដល់​បុគ្គល និង​សហគមន៍​ក្នុង​ការ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ប្រកបដោយ​ការ​យល់​ដឹង ទទួល​បាន​ផលិតផល​ហិរញ្ញវត្ថុ​ដែល​មាន​តម្លៃ​សមរម្យ ព្រមទាំង​មានការ​ត្រៀមលក្ខណៈ និង​ការ​ការពារ​កាន់តែ​ប្រសើរ​ប្រឆាំង​នឹង​ហានិភ័យ​សុខភាព​ដែល​ទាក់ទង​នឹង​អាកាសធាតុ​ ។ យើង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ភាព​ជា​ដៃគូ​សាធារណៈ​-​ឯកជន សហការ​ជាមួយ​រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល សហគមន៍ និង​អង្គភាព​ឯកជន​ដទៃ​ទៀត ដើម្បី​កសាង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​សម្រាប់​បំ​លាស់​ប្តូរ​យូរអង្វែង​។ រហូត​មក​ដល់​បច្ចុប្បន្ន កម្មវិធី​របស់​យើង​ត្រូវ​បាន​អនុវត្ត​នៅ​ទូ​ទាំង​ទីផ្សារ​ចំនួន ១៦ ក្នុង​ទ្វីបអាស៊ី និង​អាហ្វ្រិក ដោយ​ទៅ​ដល់​មនុស្ស​រាប់​លាន​នាក់ ​។

អំពី​ក្រុមហ៊ុន​ព្រូ​ដិ​ន​សល កម្ពុជា
ចាប់តាំងពី​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៣ មក ក្រុមហ៊ុន ព្រូ​ដិ​ន​សល កម្ពុជា បាន​ក្លាយជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ធំ​មួយ​នៅ​ក្នុង​ប្រទេស​។ ក្រុមហ៊ុន​បាន​ផ្តល់​ការ​ការពារ​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ជាង ៥០០.០០០ នាក់ ហើយ​បាន​អនុម័ត​សំណង​ទូទាត់​ជាង ៣០,៨ លាន​ដុល្លារ​អា​មេ​រិ​ក គិត​ត្រឹម​ខែតុលា ឆ្នាំ ២០២៥​ ។

អំពី​អង្គការ​ផ្លេ​ន​អន្តរជាតិ​កម្ពុជា
អង្គការ​ផ្លេ​ន​អន្តរជាតិ គឺជា​អង្គការ​អភិវឌ្ឍន៍ និង​មនុស្សធម៌​ឯករាជ្យ​មួយ ដែល​ធ្វើការ​ដើម្បី​ជំរុញ​សិទ្ធិ​កុមារ និង​សមភាព​សម្រាប់​ក្មេង​ស្រី​។​យើង​ជឿជាក់​លើ​ថាមពល និង​សក្តានុពល​របស់​កុមារ​គ្រប់​រូប ប៉ុន្តែ​យើង​ដឹង​ថា សក្តានុពល​នេះ​តែងតែ​ត្រូវ​បាន​រារាំង​ដោយ​ភាព​ក្រីក្រ អំពើ​ហិ.ង្សា ការ​បែងចែក និង​ការ​រើសអើង​ ។ ហើយ​ក្នុង​ចំណោម​បញ្ហា​ទាំង​អស់នេះ ក្មេង​ស្រី​គឺ​ងាយ​រង​ផល​ប៉ះពាល់​ជាងគេ​។ យើង​ធ្វើការ​ជាមួយ​កុមារ យុវជន អ្នកគាំទ្រ និង​ដៃគូ ដើម្បី​ឆ្ពោះទៅ​រក​ពិភពលោក​មួយ​ដែល​មាន​យុត្តិធម៌ ដោយ​ដោះស្រាយ​មូលហេតុ​ឫសគល់​នៃ​បញ្ហា​ដែល​ក្មេង​ស្រី និង​កុមារ​ងាយ​រង​គ្រោះ​ប្រឈម​មុខ​ ។

យើង​គាំទ្រ​សិទ្ធិ​កុមារ​តាំងពី​កំណើត​រហូត​ដល់​ពេញវ័យ ហើយ​យើង​ជួយ​កុមារ​ឲ្យ​ត្រៀមលក្ខណៈ និង​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ និង​ទុក្ខ​លំបាក ​។ យើង​ជំរុញ​ការ​ផ្លាស់​ប្តូរ​ទាំង​ការ​អនុវត្ត និង​គោលនយោបាយ​នៅ​ថ្នាក់​មូលដ្ឋាន ថ្នាក់​ជាតិ និង​ថ្នាក់​សកល ដោយ​ប្រើប្រាស់​បទ​ពិសោធន៍ និង​ចំណេះដឹង​របស់​យើង​ ។

អស់​រយៈពេល​ជាង ៨៥ ឆ្នាំ​មក​ហើយ យើង​បាន​ធ្វើការ​ជាមួយ​អ្នក​ដែល​តស៊ូ​ដូច​គ្នា ដើម្បី​ផ្លាស់​ប្តូរជីវិត​កុមារ​ទាំងអស់​នៅ​ក្នុង​ប្រទេស​ជាង ៨០​។ យើង​នឹង​មិន​ឈប់​ទេ រហូត​ដល់​យើង​ទាំងអស់​គ្នា​មាន​សមភាព​ ។

ព័ត៌មាន​បន្ថែម
•​ ​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី មូលនិធិ​ព្រូ​ដិ​ន (Prudence Foundation) ៖ www.prudencefoundation.com
•​ ​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី ក្រុមហ៊ុន ព្រូ​ដិ​ន​សល កម្ពុជា​៖ www.prudential.com.kh ៕ អត្ថបទសហការ