ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ​ចេញ​សេចក្ដីណែនាំ​ដើម្បី​ពង្រឹង​វិធានការ​សុវត្ថិភាព និង​សុខភាព​ការងារ​ក្នុង​ករណី​មាន​គ្រោះ​ជំនន់​ទឹកភ្លៀង

23 ម៉ោង មុន

រាជធានីភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១៣ ខែតុលា​នេះ បាន​ចេញ​សេចក្តីណែនាំ​ដល់​ម្ចាស់ ឬ​នាយក​សហគ្រាស ក្រុមហ៊ុន រោងចក្រ និង​កម្មករនិយោជិត​ទាំងអស់…

រាជធានីភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១៣ ខែតុលា​នេះ បាន​ចេញ​សេចក្តីណែនាំ​ដល់​ម្ចាស់ ឬ​នាយក​សហគ្រាស ក្រុមហ៊ុន រោងចក្រ និង​កម្មករនិយោជិត​ទាំងអស់ ដែល​ស្ថិត​ក្នុង​ដែន​អនុវត្ត​ច្បាប់​ស្ដី​ពី​ការងារ ចូលរួម​ពង្រឹង​វិធានការ​សុវត្ថិភាព និង​សុខភាព​ការងារ​ក្នុង​ករណី​មាន​គ្រោះ​ជំនន់​ទឹកភ្លៀង ដើម្បី​បង្ការ​ហានិភ័យ​ដែល អាច​កើត​មាន​ឡើងជា​យថាហេតុ​ ។

តាម​រយៈ​សេចក្តីជូនដំណឹង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ជូន​ទៅ​ម្ចាស់ ឬ​នាយក​សហគ្រាស ក្រុមហ៊ុន រោងចក្រ នូវ​ការ​ណែនាំ ១០​ចំណុច ដើម្បី​បង្ការ​ហានិភ័យ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ដោយសារ​គ្រោះ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុងភូមិ​សាស្ត្រ ដែល​មាន​សហគ្រាស ក្រុមហ៊ុន រោងចក្រ និង​កន្លែង​ស្នាក់​នៅ​របស់​កម្មករនិយោជិត​ ។

វិធានការ​ទាំងនោះ ​រួម​មាន​ជា​អាទិ៍ តាមដាន​ស្ថានភាព​ទឹកជំនន់​ជា​ប្រចាំ​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​។ បង្កើត​ក្រុមការងារ​ទទួល​បន្ទុក និង​រៀបចំ​បណ្តាញ​ទំនាក់ទំនង​ឱ្យ​បាន​ច្បាស់លាស់ ព្រមទាំង ត្រៀម​ផែនការ​ជួយ​សង្គ្រោះ មធ្យោបាយ​ការពារ និង​ជម្លៀស​កម្មករនិយោជិត ក្នុង​ករណី​មាន​ទឹកជំនន់​។ ត្រួតពិនិត្យ​បណ្តាញ​អគ្គិសនី​ឱ្យ​បាន​ត្រឹមត្រូវ​សម​ស្រប​តាម​លក្ខណៈ​បច្ចេកទេស និង​សុវត្ថិភាព សម្រាប់​បង្ការ និង​បញ្ចៀស​បញ្ហា​ជាយថាហេតុ​ណាមួយ និង​រៀបចំ​វិធានការ​សង្គ្រោះ​បឋម និង​វិធីសាស្ត្រ​ជួយ​សង្គ្រោះ​ជា​អាទិ៍ ក្នុង​ករណី​លង់ទឹក ឆក់​ចរន្តអគ្គិសនី សត្វ​ទិច ចឹក ឬ​ខាំ ​។

ទន្ទឹម​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ក្រើនរំលឹក ​ទៅ​ដល់​បងប្អូន​កម្មករនិយោជិត បង្កើន​ការ​ប្រុង​ប្រយ័ត្ន​គ្រោះថ្នាក់​ផ្ទាល់ខ្លួន​ជា​អាទិ៍ លង់ទឹក ឆក់​ចរន្តអគ្គិសនី សត្វ​ទិច ចឹក ឬ​ខាំ​។ ផ្តល់​ព័ត៌មាន​អំពី​ស្ថានភាព​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​ខ្លួន​ទៅ​កាន់​និយោជក​ជា​ប្រចាំ ក្នុងអំឡុងពេល​ឈប់​សម្រាក​ដោយសារ​គ្រោះ​ទឹកជំនន់​។ អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការ​ណែនាំ​របស់​និយោជក និង​អាជ្ញាធរ​ពាក់ព័ន្ធ ក៏​ដូច​ជា អនុវត្ត​ឱ្យ​បាន​ហ្មត់ចត់​តាម​វិធានការ​របស់​អាជ្ញាធរ​មូលដ្ឋាន និង​វិធានការ​នានា​របស់​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​សហការ​ឱ្យ​បាន​ពេញលេញ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុង​ករណី​មានការ​ណែនាំ​ជាក់ស្តែង ​។

ប្រភព​ដដែល​បញ្ជាក់​ថា ក្នុង​ករណី​ចាំបាច់​ម្ចាស់ ឬ​នាយក​សហគ្រាស ក្រុមហ៊ុន រោងចក្រ និង​កម្មករនិយោជិត អាច​ទាក់ទង​ក្រសួង​ការងារ និង​បណ្ដុះបណ្តាល​វិជ្ជាជីវៈ​តាម​រយៈ​ប្រព័ន្ធ Hotline លេខ ១២៨៦ ឬ ស្គែ​ន QR Code ដែល​ភ្ជាប់​ជាមួយ​សេចក្តីជូនដំណឹង​របស់​ក្រសួង ដើម្បី​អធិការ​ការងារ​ចុះ​ធ្វើការ​វាយតម្លៃ​កម្រិត​ហានិភ័យ ដែល​អាច​កើត​មាន​ឡើង​ចំពោះ​សុវត្ថិភាព​កម្មករនិយោជិត ក្នុងអំឡុងពេល​មាន​ទឹកជំនន់ ៕ អត្ថបទសហការ