រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសន្និសីទថ្នាក់ទេសាភិបាល ធនាគារកណ្តាល នៃបណ្តាប្រទេសជាសមាជិកមជ្ឈមណ្ឌលស៊ាសិន លើកទី ៦០ នាថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៤ នៅទីក្រុងសេអ៊ូល សាធាណរដ្ឋកូរ៉េ ។
សន្និសីទប្រចាំឆ្នាំនេះផ្តោតលើប្រធានបទសំខាន់ៗ ដែលកើតឡើងជុំវិញពិភពលោក ។ សម្រាប់ឆ្នាំ២០២៤នេះ អង្គសន្និសីទបានពិភាក្សាអំពីជោគវាសនានៃសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ ២០២៥ ខាងមុខ ក៏ដូចជាផលប៉ះពាល់ នៃការបែងចែកសេដ្ឋកិច្ច នៃប្រទេសក្នុងតំបន់អាស៊ី ទៅជាតំបន់សេដ្ឋកិច្ចតាមសក្តានុពលផ្សេងៗគ្នា ។ នៅចំពោះមុខវាគ្មិន និងគណៈប្រតិភូមកពីធនាគារកណ្តាល នៃបណ្តាប្រទេសជាសមាជិកចំនួន ១៨ ផ្សេងទៀត លោកជំទាវ ទេសាភិបាល បានលើកឡើង ពីសម្ពាធ លើឯករាជ្យភាពរបស់ធនាគារកណ្តាល ក្នុងការអនុវត្តនិងដឹកនាំនយោបាយរូបិយវត្ថុ ជាពិសេសធនាគារកណ្តាល នៃប្រទេសកំពុងអភិវឌ្ឍន៍ ហើយសម្ពាធនេះបានកើតឡើង មកពីមុខព្រួញចំនួនពីរ ។
មុខព្រួញទី ១ គឺការទប់ស្កាត់ការកើនឡើង នៃអតិផរណាដ៏ខ្ពស់ ដែលកើតឡើងដោយសារកត្តាអាក់ខាន ក្នុងការផ្គត់ផ្គង់ក្នុងបរិការណ៍ នៃសង្គ្រាមនិងជម្លោះភូមិសាស្ត្រនយោបាយ ។ ក្នុងមុខព្រួញនេះ ធនាគារកណ្តាលភាគច្រើនត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់ ដើម្បីកាត់បន្ថយសម្ពាធអតិផរណា ។ ជាផលវិបាក វិធានការនេះបានដាក់សម្ពាធបន្ថែម លើកំណើនសេដ្ឋកិច្ចកំពុងមានល្បឿនយឺតស្រាប់ ។
មុខព្រួញទី ២ ធនាគារកណ្តាលក្នុងប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍ ត្រូវបង្ខំចិត្តកែសម្រួលនយោបាយរូបិយវត្ថុ ជាពិសេស អត្រាការប្រាក់គោល ឱ្យស្របតាមជំហរនយោបាយរូបិយវត្ថុរបស់ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដូចជា សហរដ្ឋអាមេរិក ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ បើទោះបីជាអតិផរណា នៅប្រទេសទាំងនោះស្ថិតនៅកម្រិតទាបក្តី ។ វិធានការសម្រួលនយោបាយរូបិយវត្ថុនេះ នឹងដាក់សម្ពាធលើកិច្ចខំប្រឹងប្រែងដើម្បីជំរុញកំណើន ។
ទន្ទឹមនេះ លោកជំទាវក៏បានលើកឡើងពីអនុសាសន៍ ជាគោលនយោបាយ សម្រាប់ជំរុញកំណើនក្នុងស្ថានភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន តាមរយៈការលើកកម្ពស់ផលិតភាព ជាពិសេស ការចាប់យកបច្ចេកវិទ្យានិងនវានុវត្តន៍ ដូចជា បញ្ញាសិប្បនិម្មិត្ត (AI) និងការប្រែក្លាយទៅជាសេដ្ឋកិច្ចបៃតងជាដើម ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ