ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម​ អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ការងារ ​និង​សុខមាលភាព ​ប្រទេស​ជប៉ុន

1 ខែ មុន

ប្រទេស​សិង្ហ​បុរី​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង ឯកឧត្តម សេ​ជិ…

ប្រទេស​សិង្ហ​បុរី​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង ឯកឧត្តម សេ​ជិ ថា​ណា​កា (Seiji Tanaka) អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ការងារ​ និង​សុខមាលភាព​នៃ​ប្រទេស​ជប៉ុន បាន​ជួប​ពិភាក្សា​គ្នា​ជា​លក្ខណៈ​ទ្វេភាគី នា​ព្រឹក​ថ្ងៃ​ទី​ ៣១ ខែតុលា ឆ្នាំ​ ២០២៤ អំឡុង​ពេល​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការងារ​អាស៊ាន លើក​ទី ​២៨ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ ។

នៅ​ក្នុង​ជំនួប​ទ្វេភាគី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​ភាគី​ជប៉ុន​សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​កន្លង​មក ពិសេស​តាម​រយៈ​ជំនួយ​អភិវឌ្ឍ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្ដរជាតិ​ជប៉ុន (JICA) និង​ការ​បញ្ជូន​អ្នកជំនាញ​ឯកទេស​ជនជាតិ​ជប៉ុន​មក​កម្ពុជា លើ​វិស័យ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ (TVET) និង​សុវត្ថិភាព និង​សុខភាព​ការងារ (OSH) ដែល​ជា​កាតាលីករ​ជំរុញ​យ៉ាង​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ ។

បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​សារៈសំខាន់​នៃ​កម្មវិធី​ការងារ​សម្រាប់​ការ​អភិវឌ្ឍ​ជំនាញ (Employment for Skill Development Program) ថ្មី​របស់​ជប៉ុន ដែល​នឹង​ត្រូវ​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នៅ​ឆ្នាំ​ ២០២៧ ដោយ​កម្មវិធី​នេះ​នឹង​អាច​ជួយ​ពង្រឹង​បន្ថែម​កិច្ច​សហប្រតិបត្តិការ “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​” រវាង​ប្រទេស​ទាំង​ពីរ តាម​រយៈ​ការ​ផ្ដល់​អាទិភាព និង​លើកទឹកចិត្ត​ឱ្យ​កម្ពុជា ក៏​ដូច​ជា​ប្រទេស​បញ្ជូន​ដទៃ​ទៀត បង្កើន​ការ​បញ្ជូន​ពលករ​ជំនាញ (Skilled Workers) ទៅ​ជប៉ុន ជា​ជាង​ការ​បញ្ជូន​កម្មសិក្សាការី​បច្ចេកទេស (Techinal Intern Trainees)​។ កម្មវិធី​នេះ​មិន​ត្រឹមតែ​រួមចំណែក​ក្នុង​ការ​ជួយ​បង្កើន​កម្លាំង​ពលកម្ម​ជំនាញ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ជប៉ុន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​សង្គម​សេដ្ឋកិច្ច​របស់​កម្ពុជា ពិសេស​ក្រោយ​ពលករ​ជំនាញ​ទាំងនោះ​វិល​ត្រឡប់​មក​កម្ពុជា​វិញ ​។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម សេ​ជិ ថា​ណា​កា បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​ឯកឧត្តម​រដ្ឋមន្ត្រី និង​បញ្ជាក់​គោល​ជំហរ​របស់​ប្រទេស​ជប៉ុន ក្នុង​ការ​ជួយ​គាំទ្រ និង​លើកកម្ពស់​ប្រព័ន្ធ​កម្មសិក្សាការី និង​ពលករ​ជំនាញ​ដែល​កំពុង​អនុវត្ត​ក្នុង​ពេល​បច្ចុប្បន្ន​បន្ថែម​ទៀត ព្រមទាំង​សង្ឃឹមថា កម្មវិធី​បណ្ដុះបណ្ដាល​ការងារ​ថ្មី​របស់​ជប៉ុន នៅ​ឆ្នាំ​ ២០២៧ នឹង​ក្លាយជា​យន្ដការ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​ធនធានមនុស្ស និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​ ។

ឯកឧត្តម​អនុរដ្ឋមន្ត្រី ក៏​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា លើ​វិស័យ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​  ក្នុង​គោលបំណង​បង្កើន​ការ​បណ្តុះបណ្តាល​ជំនាញ បង្កើន​សមត្ថភាព និង​ការ​ផ្លាស់​ប្តូរ​ជំនាញ ដើម្បី​បង្កើន​ផលិតភាព​ការងារ​ដល់​កម្លាំង​ពលកម្ម​របស់​កម្ពុជា ជា​ពិសេស​សម្រាប់​ពលករ​ដែល​ធ្វើ​សមាហរណកម្ម​ត្រឡប់​មក​មាតុភូមិ​វិញ ដើម្បី​អាច​ទទួល​បានការ​ងារ​ដែល​មាន​ស្ថេ​រ​ភាព និង​មាន​ប្រាក់​ចំណូល​សមរម្យ​។ ទន្ទឹម​នឹង​នេះ ឯកឧត្តម ក៏​បាន​លើក​ឡើង​ពី​អាទិភាព​ថ្មី​មួយទៀត​របស់​ជប៉ុន​សម្រាប់​កាលៈទេសៈ​ក្រោយ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ក្នុង​ការ​ចែករំលែក​ឧត្ត​មា​នុ​ត្តន៍ និង​បទ​ពិសោធន៍​ពាក់ព័ន្ធ​នឹង​សុខភាព​ផ្លូវចិត្ត​នៅ​កន្លែងធ្វើការ តាម​រយៈ​អង្គការ​អន្ដរជាតិ​ខាង​ការងារ (ILO) ​៕ អត្ថបទសហការ