ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនតាម QR Code រវាងកម្ពុជា និងម៉ាឡេស៊ី

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ថ្ងៃ​ទី​ ១៩​ ខែកញ្ញា ​ឆ្នាំ ​២០២៤ ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​ធនាគារកណ្តាល​ម៉ា​ឡេ​ស៊ី…

រាជធានី​ភ្នំពេញ ​៖ ថ្ងៃ​ទី​ ១៩​ ខែកញ្ញា ​ឆ្នាំ ​២០២៤ ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​ធនាគារកណ្តាល​ម៉ា​ឡេ​ស៊ី (BNM) បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ ​គម្រោង​ទូទាត់​ឆ្លង​ដែន​ តាម​ឃ្យូ​អរ​កូត (QR Code) រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​មាន​ធនាគារ មេឃ​ប៊ែ​ង ជា​ធនាគារ​ប្រតិបត្តិការ​។ កា​រត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​តាម​ឃ្យូ​អរ​កូត ​រវាង​ប្រទេស​ទាំង​ពីរ នឹង​ផ្តល់​លទ្ធភាព​ឱ្យ​ប្រជាជន​កម្ពុជា​ ទទួល​បាន​នូវ​បទ​ពិសោធ​ទូទាត់ ​ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព ​។

ចាប់ពី​ឥឡូវនេះ អ្នកដំណើរ​មក​ពី​ព្រះរាជាណាចក្រ​កម្ពុជា ​អាច​ប្រើប្រាស់​កម្មវិធី​ទូទាត់​បាគង (Bakong) និង​កម្មវិធី​ធនាគារ​ចល័ត​ របស់​ធនាគារ មេ​យ​ប៊ែ​ង (M2U KH) ដើម្បី​ស្កេ​ន និង​ទូទាត់​ប្រាក់​ទៅ​កាន់​ទីតាំង​ពាណិជ្ជករ​ ជាង​ពីរ​លាន​កន្លែង ដូច​ជា​នៅ​តាម​ភោជនីយដ្ឋាន ផ្សារ​ទំនើប មន្ទីរពេទ្យ និង​កន្លែង​លក់ដូរ​ផ្សេង​ៗ ដែល​បង្ហាញ​ឃ្យូ​អរ​កូត DuitNow QR ដែល​ជា​ឃ្យូ​អរ​កូត ថ្នាក់​ជាតិ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ ។ ការ​ពង្រីក​បណ្តាញ​ទូទាត់​យ៉ាង​ទូលំទូលាយ​នេះ នឹង​ធានា​ថា​អ្នក​ប្រើប្រាស់​កម្មវិធី​ទូទាត់​បាគង និង​កម្មវិធី M2U KH អាច​ទទួល​បាន​បទ​ពិសោធន៍​ទូទាត់​យ៉ាង​រលូន និង​ងាយស្រួល​នៅ​ទូ​ទាំង​ប្រទេស​ម៉ា​ឡេ​ស៊ី​ ។

នៅ​ក្នុង​ដំណាក់កាល​ទី​១​នៃ​គម្រោង​ត​ភ្ជាប់​នេះ ប្រជាជន​កម្ពុជា​អាច​ប្រើប្រាស់​កម្មវិធី​ទូទាត់​បាគង និង​កម្មវិធី M2U KH សម្រាប់​ទូទាត់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​ស្កេ​ន​ឃ្យូ​អរ​កូត DuitNow QR នៅ​តាម​ទីតាំង​ពាណិជ្ជករ​ដោយ​ផ្ទាល់ បាន​យ៉ាង​ងាយស្រួល ​។ ប្រជាជន​កម្ពុជា​ដែល​មាន​គណនី​ជា​ប្រាក់​រៀល អាច​ធ្វើការ​ទូទាត់​ដោយ​ប្រើ​រូបិយប័ណ្ណ​រៀល​ខ្មែរ (KHR) ជា​រូបិយប័ណ្ណ​គោល ខណៈ​រូបិយប័ណ្ណ​ទូទាត់​ជា រីង​ហ្គី​ត​ម៉ា​ឡេ​ស៊ី (MYR)​ ។ គម្រោង​ទូទាត់​ឆ្លង​ដែន​នេះ​នឹង​ផ្តល់​នូវ​ភាព​ងាយស្រួល រហ័ស និង​សុវត្ថិភាព​សម្រាប់​ប្រជាជន​កម្ពុជា ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ឆ្លង​ដែន នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​ ។

លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​៖ «​ព្រឹត្តិការណ៍​នា​ថ្ងៃនេះ គឺជា​សមិទ្ធផល​ដ៏​សំខាន់​មួយ ដែល​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹង​មាំ​រវាង​ធនាគារកណ្តាល​ទាំង​ពីរ និង​ដៃគូ​សហការ​របស់​យើង​នៅ​ប្រទេស​ទាំង​ពីរ​។ គម្រោង​ទូទាត់​ឆ្លង​ដែន​នេះ ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ ដែល​បង្ហាញ​ពី​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន លើ​កា​រត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​រាយ ដែល​មាន​ភាព​រហ័ស ប្រសិទ្ធភាព និង​សុវត្ថិភាព និង​ដែល​ត្រូវ​បាន​ត​ភ្ជាប់​ទូ​ទាំង​តំបន់​» ។

លោក​ជំទាវ​បណ្ឌិត​បន្ត​ថា​កា​រត​ភ្ជាប់​គម្រោង​ទូទាត់​ឆ្លង​ដែន​ តាម​ឃ្យូ​អរ​កូត​នេះ សម្រេច​ទៅ​បាន​ដោយ​មាន កិច្ច​សហប្រតិបត្តិការ​យ៉ាង​រឹង​មាំ​ពី សំណាក់​ដៃគូ​សំខាន់​ៗ ពី​ប្រទេស​ទាំង​ពីរ រួម​មាន ប្រព័ន្ធ​ទូទាត់​បាគង របស់​ធនាគារជាតិ​នៃ​កម្ពុជា និង Payment Network Malaysia (PayNet) និង ធនាគារ មេ​យ​ប៊ែ​ង ដែល​ជា​ធនាគារ​ប្រតិបត្តិការ ​។ ក្នុង​នាម​ជា​ស្ថាប័នហិរញ្ញវត្ថុ​ឈាន​មុនគេ​មួយ​ក្នុង​តំបន់ ធនាគារ មេ​យ​ប៊ែ​ង ត្រូវ​បាន​ផ្តល់​ទំនុក​ចិត្តជា​ធនាគារ​ប្រតិបត្តិការ សម្រាប់​កិច្ចសហការ​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ម៉ា​ឡេ​ស៊ី​ ។ ការ​ផ្តល់​សេវា​ទូទាត់​ឆ្លង​ប្រទេស​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​បន្ត​ប្តេជ្ញា​ចិត្ត របស់​ធនាគារ មេ​យ​ប៊ែ​ង ក្នុង​ការ​ពង្រីក​សេវាកម្ម​ហិរញ្ញវត្ថុ​ឆ្លង​ដែន​របស់​ខ្លួន ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​ភាព​ងាយស្រួល និង​សុវត្ថិភាព​ខ្ពស់ តាម​រយៈ​ប្រព័ន្ធ​ទូទាត់ ​បែប​ឌី​ជី​ថ​ល​របស់​ធនាគារ​ ។

លោក Dato’ Khairussaleh Ramli ប្រធាន និង នាយក ប្រតិបត្តិ នៃ​សម្ព័ន្ធ ធនាគារ មេ​យ​ប៊ែ​ង មាន​ប្រសាសន៍​ថា​៖ «កា​រត​ភ្ជាប់​គម្រោង​ទូទាត់​ឆ្លង​ដែន​ តាម​ឃ្យូ​អរ​កូត​នេះ នឹង​ពង្រីក​វិសាលភាព​ នៃ សេវាកម្ម​ទូទាត់​ឆ្លង​ប្រទេស របស់​ធនាគារ មេ​យ​ប៊ែ​ង ហើយ​ក៏​នឹង​រួមចំណែក ​ដល់​ការ​សម្រេច​បាន​នូវ​ទំនើប​កម្ម ក៏​ដូច​ជា​ការ​អភិវឌ្ឍ​កាន់តែ​រីក​ចម្រើន នៅ​ក្នុង​តំបន់​អាស៊ាន ​។ គំនិត​ផ្តួចផ្តើម​នេះ​ក៏​ស្រប​តាម​យុទ្ធសាស្ត្រ M25+ របស់​យើង​ក្នុង​ការ​ពង្រឹង​វត្តមាន​របស់​ធនាគារ មេ​យ​ប៊ែ​ង នៅ​ក្នុង​តំបន់ ដោយ​ផ្តល់​នូវ​ដំណោះស្រាយ​អាជីវកម្ម និង​សេវាកម្ម​ដែល​មាន​ភាព​ខុស​ប្លែក​ពី​គេ ជូន​ដល់​អតិថិជន​របស់​យើង ​។ ទាំងនេះ បាន​ឆ្លុះ​បញ្ចាំង​ពី ទំនើប​កម្ម​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា របស់​ធនាគារ មេ​យ​ប៊ែ​ង នៅ​គ្រប់​បណ្តា​ប្រទេស​ជា​គោលដៅ​សំខាន់​» ​។

លោក Farhan Ahmad នាយក ប្រតិបត្តិ​នៃ PayNet Group មាន​ប្រសាសន៍​ថា​៖ «PayNet មាន​សេចក្តី​សោមនស្ស​រីករាយ ក្នុង​ការ​ស្វាគមន៍ ព្រះរាជាណាចក្រ​កម្ពុជា ជា​ដៃគូ សម្រាប់​គម្រោង​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ឌី​ជី​ថ​ល​ក្នុង​តំបន់​អាស៊ាន​របស់​យើង​។ ចាប់ពី​ឥឡូវនេះ​តទៅ អ្នកដំណើរ​ពី​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អាច​ទូទាត់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​យ៉ាង​ងាយស្រួល និង​សុវត្ថិភាព​ខ្ពស់​”​។ លោក​បាន​បន្ថែម​ថា “​តាម​រយៈ​ការ​ផ្សា​ភ្ជាប់ អ្នកដំណើរ​កម្ពុជា ជាមួយនឹង​ពាណិជ្ជករ​ដែល​មាន​ឃ្យូ​អរ​កូត DuitNow QR ជាង ២​លាន​កន្លែង​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី យើង​រំពឹង​ថា សកម្មភាព​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អន្តរ​អាស៊ាន នឹង​ត្រូវ​បាន​សម្រួល និង​ព​ន្លឿ​ន​បាន​មួយ​កម្រិត​ទៀត​» ​។

ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន​តាម​ឃ្យូ​អរ​កូត រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ម៉ា​ឡេ​ស៊ី ជា​សមិទ្ធផល ក្រោម​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹង​មាំ ​រវាង​ប្រទេស​ទាំង​ពីរ​ ។ ដំណើរ​ឆ្ពោះទៅ​រក​ការ​ទូទាត់​ឆ្លង​ដែន​ដ៏​រលូន​ រវាង​ប្រទេស​ទាំង​ពីរ​នេះ បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​២០២១ នៅ​ពេល ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារ មេ​យ​ប៊ែ​ង បាន​ដាក់​សម្ពោធ​ឱ្យ​ដំណើរការ​សេវា​ផ្ទេរ​ប្រាក់​ឆ្លង​ដែន​ដំបូង​គេ​បង្អស់ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​ត​ភ្ជាប់​ប្រព័ន្ធ​ធនាគារ មេ​យ​ប៊ែ​ង ទៅ​នឹង​ប្រព័ន្ធ​បាគង​ ។

នៅ​ដើមឆ្នាំ​២០២៤​ នេះ ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្តាល​ម៉ា​ឡេ​ស៊ី បាន​ចុះហត្ថលេខា​លើ អនុស្សរណៈ​យោគយល់​ស្តី​ពី កិច្ច​សហប្រតិបត្តិការ​ផ្នែក​នវានុវត្តន៍​ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​ទូទាត់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ ដោយ​ផ្តោត​ទៅ​លើ​កា​រត​ភ្ជាប់​ការ​ទូទាត់​ឆ្លង​ដែន​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ងាយស្រួល សុវត្ថិភាព ឆាប់រហ័ស និង​តម្លៃ​សមរម្យ​ ។

នៅ​ដំណាក់កាល​បន្ទាប់ ប្រជាជន​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​នឹង​អាច​ប្រើប្រាស់ ​កម្មវិធី​ធនាគារ​ចល័ត​របស់​គ្រឹះស្ថាន​ធនាគារពាណិជ្ជ​ជា​សមាជិក ដើម្បី​ស្កេ​ន​ខេ​អេ​ច​ឃ្យូ​អរ​កូត (KHQR Code) ទៅ​កាន់​ពាណិជ្ជករ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ ដំណើរ​អភិវឌ្ឍន៍​មួយ​ជំហាន​ទៀត​នេះ នឹង​ជួយ​ជំរុញ​ពាណិជ្ជកម្ម​ឆ្លង​ដែន និង​ផ្ដល់​ជា​កាលានុវត្តភាព​ដល់​ពាណិជ្ជករ ជា​ពិសេស​អាជីវកម្ម​តូច​ៗ អាច​ទទួល​បាន​ប្រតិបត្តិការ​ទូទាត់​កាន់តែ​ទូលំទូលាយ ​ពី​អតិថិជន ដែល​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ហើយនឹង​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ​ ៕ អត្ថបទសហការ