ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក​ជំទាវ​អនុប្រធាន​កិត្តិយស​ សាខា​កាកបាទក្រហម​ ខេត្តកំពង់ធំ​ អញ្ជើញ​កាន់បិណ្ឌ​ទី​ ១​ នៅក្នុងស្រុក​ស​ន្ទុ​ក

3 ខែ មុន

ខេត្តកំពង់ធំ ​៖​ នៅ​ព្រឹក​ថ្ងៃ​ពុធ ថ្ងៃ​ទី ​១៨ ខែកញ្ញា ឆ្នាំ ​២០២៤ ​ដែល​ជា​ថ្ងៃ​កាន់បិណ្ឌ​ទី​ ១…

ខេត្តកំពង់ធំ ​៖​ នៅ​ព្រឹក​ថ្ងៃ​ពុធ ថ្ងៃ​ទី ​១៨ ខែកញ្ញា ឆ្នាំ ​២០២៤ ​ដែល​ជា​ថ្ងៃ​កាន់បិណ្ឌ​ទី​ ១ នេះ​លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ​ និង​ក្រុមការងារ​បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី ​១​ ជាមួយ​ប្រជា​ពុទ្ធបរិស័ទ​នៅ​វត្ត​សង់​ឃ្លាំង វត្ត​ធម្ម​នាថ និង វត្តស​ន្ទុ​ក​ក្រៅ​ក្នុងស្រុក​ស​ន្ទុ​ក​ខេត្តកំពង់ធំ ​។

សូម​បញ្ជាក់​ជូន​ថា​ ​ពិធីបុណ្យ​ភ្ជុំ បិណ្ឌ​ឆ្នាំ​នេះ​ចាប់ផ្ដើម​ពី​ថ្ងៃ​ពុធ ១​រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃ​ទី​ ១៨ ខែកញ្ញា ឆ្នាំ ​២០២៤ រហូត​ដល់​ថ្ងៃ​អង្គារ ១៤​រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃ​ទី​ ១ ខែតុលា ឆ្នាំ ​២០២៤ ​។ ពិធី​កាន់បិណ្ឌ​នេះ​ត្រូវ​បាន​ប្រជាជន​កម្ពុជា ធ្វើការ​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​ទៅ​តាម​ទំនៀមទំលាប់​ប្រពៃណី នៃ​ព្រះពុទ្ធ​សាសនា មាន​ដូច ជា​ពិធី នមស្សកា ព្រះ​រតនត្រ័យ សមាទានសីល និមន្ដ​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត រាប់ បាត្រ បង្សុកូល វេរចង្ហាន់ និង​គ្រឿង​បរិក្ខា​ប្រគេន​ព្រះសង្ឃ​ផង​ដែរ ។

ហើយ​តាម​ទំនៀមទំលាប់​ខ្មែរ​នេះ​ដែរ​ក្រៅពី​ការ​រាប់ បាត្រ បង្សុកូល វេរចង្ហាន់ និង​គ្រឿង​បរិក្ខា​ប្រគេន​ព្រះសង្ឃ​នោះ​ប្រជាជន​យើង​ក៏​មាន​ថ្វាយ​គ្រឿង​សក្ការៈបូជា នមស្សការ​ថ្វាយ​ព្រះ​រតនៈត្រៃ សមាទានសីល ទៅ​តាម​ទំនាម ទម្លាប់​ប្រពៃណី​សាសនា​ផង​ដែរ ​។

នៅ​ក្នុង​ឱកាសលោក​ជំទាវ ខៀវ ស៊ី​ណា និង​ក្រុមការងារ​រួម​ជាមួយ​ប្រជា​ពុទ្ធបរិស័ទ​បាន​អញ្ជើញ​រាប់បាត្រ និង​បង្សុកូល ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​បុព្វការី​ជន វិ​រៈ​យុទ្ធ​ជន វិ​រៈ​យុទ្ធ​នារី ដែល​ពលី​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ និង​ឧទ្ទិស​កុសល​ដល់​ញាត្តិ​កាល​ទាំង​៧​សណ្តាន ដែល​បាន​ចែក​ឋាន​ទៅ​បរលោក​ខាង​មុខ​ផង​ដែរ ​។ លោក​ជំទាវ ខៀវ ស៊ី​ណា បាន​ចាត់​ទុក​ការ​មក​ជួបជុំ​គ្នា​មក​ធ្វើបុណ្យ​ធ្វើ​ទាន និង​ការ​គោរព​ប្រតិបត្តិ បូជា​តាម​ជំនឿ​សាសនា ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​នា​ពេល​នេះ ​គឺ​ដោយសារ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​។ ដូចនេះ សុខ​សន្តិភាព ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​នេះ​មាន​តម្លៃ​ណាស់​ដែល​យើង​ត្រូវ​ការពារ​ថែរក្សា​ឲ្យ​បាន​គង់វង្ស​ ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​លោក​ជំទាវ​ខៀវ ស៊ី​ណា ជា ចាន់​តូ បាន​នាំ​យក​ទេយ្យវត្ថុ គ្រឿង​បរិក្ខា និង​បច្ច័យ​មួយ​ចំនួន​ប្រគេន​ដល់​ព្រះសង្ឃ​វត្ត​ទាំង​៣​សម្រាប់​ចាត់ចែង​និង​ប្រើប្រាស់​នៅ​ក្នុង​រយះ​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ​នេះ​ផង​ដែរ​ ៕ អត្ថបទសហការ