ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វេជ្ជបណ្ឌិត ជំនាញ​ផ្នែក​វះកាត់​ខួរក្បាល និង​ឆ្អឹងខ្នង នៃ​មន្ទីរពេទ្យ​ រ៉ូ​យ៉ា​ល់​ភ្នំពេញ ​ណែនាំឱ្យប្រជាជន​កម្ពុជា ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ Stroke ឬ​ដាច់​សរសៃឈាម​ខួរក្បាល

7 ខែ មុន

រាជធានីភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត SURACHET SRIKAEW អ្នកជំនាញ​ផ្នែក​វះកាត់​ខួរក្បាល និង​ឆ្អឹងខ្នង នៃ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​បាន​ណែនាំ ​ឱ្យ​ប្រជាជន​កម្ពុជា​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ចំពោះ​ជំងឺ…

រាជធានីភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត SURACHET SRIKAEW អ្នកជំនាញ​ផ្នែក​វះកាត់​ខួរក្បាល និង​ឆ្អឹងខ្នង នៃ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​បាន​ណែនាំ ​ឱ្យ​ប្រជាជន​កម្ពុជា​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ចំពោះ​ជំងឺ Stroke ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ព្រោះ​ជំងឺ​នេះ អាច​ជួយ​សង្គ្រោះ និង​ការពារ​បាន​ទាន់​ពេលវេលា​ត្រឹមតែ​រយៈពេល ​៤ ​ម៉ោង កន្លះ​តែ​ប៉ុណ្ណោះ ដោយ​ចៀសវាង និង​កាត់​បន្ថយ​ការ​ហូប​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង អាហារ​មាន​ជាតិ​ផ្អែម​ខ្លាំង និង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន ជា​ពិសេស​ត្រូវ​ធ្វើការ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់ ​។ ការ​ណែនាំ​របស់​លោក​វេជ្ជបណ្ឌិត​បែប​នេះ ធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​ចែករំលែក​ចំណេះដឹង​ អំពី​បញ្ហា​ការ​កៀប​សរសៃ​ឆ្នឹ​ង​ខ្នង និង​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ដែល​រៀបចំ​ដោយ​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​ ២៦ ខែសីហា ឆ្នាំ ​២០២៤​ ។

លោក​វេជ្ជបណ្ឌិត SURACHET SRIKAEW បាន​លើក​ឡើង​ថា ជំងឺ Stroke ចែក​ចេញ​ជា​ពីរ​ផ្នែក​ធំ​ៗ កើតឡើង​ដោយសារ​តែ ទី​ ១ អ្នក​ដែល​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​ដល់​ខួរក្បាល ទី ​២ ការ​បែក​សរសៃឈាម​ក្នុង​ខួរក្បាល ហើយ​អ្នកជំងឺ​កើត Stroke ខ្វះ​ឈាមរ​ត់ទៅ​ចិញ្ចឹម​ខួរក្បាល​ដោយសារ​តែ​សរសៃឈាម​ខួរក្បាល​ឈាមកក​ទៅ​ជា​កំណក​ឈាម​ច្រើន​ជាង​អ្នក​ដែល​បែក​សរសៃឈាម​ក្នុង​ខួរក្បាល ​។  ​លោក​វេជ្ជបណ្ឌិត​បាន​គូសបញ្ជាក់​ថា ​៖ «​សម្រាប់​អ្នកជំងឺ Stroke ត្រូវ​ប្រញាប់​មក​មន្ទីរពេទ្យ​ឱ្យ​បាន​លឿន​ក្នុង​រយៈពេល​តែ​៤​ម៉ោង​កន្លះ​ប៉ុណ្ណោះ ដែល​នេះ​គឺជា​ការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​អ្នកជំងឺ Stroke បើ​យើង​ធ្វើ​ឱ្យ​បាន​ទាន់​ពេលវេលា​ក្នុង​រយៈពេល​ ៤​ ម៉ោង​កន្លះ​នេះ យើង​អាច​ព្យាបាល​បាន និង​ធ្វើ​ឱ្យ​អ្នកជំងឺ​មាន​សុខភាព​ល្អ​ឡើង​វិញ​»​ ។

លោក​វេជ្ជបណ្ឌិត​បាន​ពន្យល់​ផង​ដែរ​ថា អ្នក​ដែល​កើត​ជំងឺ Stroke ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នេះ បង្ហាញ​នូវ​អាកា​រៈ​ឈឺក្បាល​ធ្ងន់ធ្ងរ និង​ខ្លាំង​បំផុត​មិន​ដែល​ជួប​ប្រទះ​សោះ ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​ជំងឺលើសឈាម ​។ ចំពោះ​អ្នក​ដែល​មាន​អាកា​រៈ​កើត​ជំងឺ Stroke ត្រូវ​មើលទៅ​លើ​ការ​ឈរ មិន​មាន​ភាពរឹងមាំ ទឹកមុខ​វៀច ឬ​មានការ​ធ្លាក់​ជាដើម ភ្នែក​មើល​មិន​ច្បាស់ ហើយ ត្រូវ​ប្រញាប់​មក​មន្ទីរពេទ្យ​ក្នុង​រយៈពេល ​៤​ ម៉ោង​កន្លះ ដើម្បី​ឱ្យ​គ្រូពេទ្យ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា ​។

បើ​តាម​លោក​វេជ្ជបណ្ឌិត SURACHET SRIKAEW សម្រាប់​វិធី​ការពារ​លើ​ការ​កើត​ជំងឺ Stroke នេះ គឺ​ចំពោះ​អ្នក​ដែល​ធាត់ ត្រូវ​តែ​មានការ​ប្រយ័ត្នប្រយែង​លើ​ការ​ហូប​ចុក ដូច​ជា​បន្ថយ​ការ​ហូប​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ពេក ផ្អែម​ពេក និង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន ហើយ​ត្រូវ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​ប្រចាំ​ថ្ងៃ និង​ត្រូវ​ឈប់​ជក់បារី ឬ​ហូប​ស្រា​ជាដើម ​។ ជាមួយ​គ្នា​នេះ ការ​ហូប​អាហារ​ដែល​ផ្ដល់​ប្រយោជន៍ ហើយ​តប​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ពេក ផ្អែម​ពេក កុំ​ហូប​ខ្លាញ់​ច្រើន បន្ថយ​ការ​ហូប​សាច់ និង​ងាក​មក​ហូប​បន្លែ និង​គ្រាប់​ធញ្ញជាតិ​ឱ្យ​បាន​ច្រើន​វិញ ​។

លោក​វេជ្ជបណ្ឌិត​ក៏​បាន​អះអាង​ថា ដោយសារ​តែ​បច្ចុប្បន្ន​បច្ចេកវិទ្យា​មានការ​រីក​ចម្រើន គឺ​យើង​អាច​ពិនិត្យ​ដឹង​មុន​ចំពោះ​អ្នកជំងឺ Stroke បាន ដោយនៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ គឺ​មាន​ឧបករណ៍ ម៉ាស៊ីន​ស្កែ​ន​ទំនើប MRI 3 Tesla ដើម្បី​ស្កើ​ន​មើល​ថា តើ​មាន​ទម្រង់​សរសៃឈាម​ខួរក្បាល​របស់​គាត់​មានការ​ប្រឈម​ជាមួយនឹង​ជំងឺ Stroke ក្នុង​កម្រិត​ណា ឬ​ក៏​មានការ​ប្រឈម​ជាមួយ​ជំងឺ Stroke ជាដើម ដើម្បី​ការពារ​ទប់ស្កាត់​នូវ​ជំងឺ​នេះ​ជា​មុន ​។ ទន្ទឹម​នេះ ក៏​មាន​ឧបករណ៍​សម្រាប់​តាមដាន​បេះ​ដឹង តើ​ថា​បេះដូង​របស់​យើង​មាន​បញ្ហា ឬ​យ៉ាងណា​ដោយសារ​តែ​ជំងឺ​បេះដូង និង​ជំងឺ Stroke នេះ​គឺ​មាន​ទំនាក់ទំនង​គ្នា​តែ​មួយ ​។

លោក​វេជ្ជបណ្ឌិត​បាន​ថ្លែង​បន្ដ​ទៀត​ថា​៖ «​ជំងឺ Stroke នេះ​ជា​ជំងឺ​ធ្ងន់ធ្ងរ តែ​យើង​នៅ​មាន​វិធី​ទប់ទល់ និង​ការពារ​វា​ជាដំបូង ដើម្បី​កុំឱ្យ​យើង​មានការ​ប៉ះពាល់​ដោយ​ជំងឺ Stroke នេះ​បាន​ដោយ​យើង​ត្រូវ​មក​ជួប​គ្រូពេទ្យ និង​ពិនិត្យ​សុខភាព​ឱ្យ​បាន​ទៀងទាត់​» ​។

លោក​វេជ្ជបណ្ឌិត SURACHET SRIKAEW អ្នកជំនាញ​ផ្នែក​វះកាត់​ខួរក្បាល និង​ឆ្អឹងខ្នង​បាន​គូសបញ្ជាក់​ផង​ដែរ​ថា អ្នក​ដែល​អាច​ប្រឈម និង​កើត​ជំងឺ Stroke គឺ​ភាគច្រើន​សម្រាប់​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី​៤០​ឆ្នាំ​ឡើង​ទៅ ប៉ុន្ដែ​បច្ចុប្បន្ន​នេះ មាន​ភាព​ផ្ទុយ​ស្រឡះ​គ្នា​ពី​មុន​ដោយសារ​តែ​អ្នក​ដែល​មាន​អាយុ​វ័យក្មេង​ក៏​អាច​កើត​ជំងឺ Stroke បាន​ដូច​គ្នា​ទៅ​នឹង​អ្នក​ដែល​មាន​អាយុ​ចាប់ពី ​៤០​ ឆ្នាំ ឬ​៥០​ឆ្នាំ​ ឡើង​ទៅ ​។ ចំពោះ​អ្នក​ដែល​កើត​ជំងឺ Stroke វ័យក្មេង​គឺ​មាន​មូលហេតុ​ខុស​គ្នា​ពី អ្នកមាន​វ័យ​ចំណាស់​ ។ «​សម្រាប់​ក្មេង​ដែល​កើត​ជំងឺ Stroke គឺ​បណ្ដាល​មក​ពី​ការ​ខុស​ពី​ប្រក្រតី​នៃ​ផ្នែក​រាង​កាយ និង​សរសៃឈាម​របស់​គាត់​តាំងពី​កំណើត​មក​តែ​ម្ដង​។ ប៉ុន្ដែ ជំងឺ Stroke ជា​ទូទៅ គឺ​បណ្ដាល​មក​ពី​ការ​សឹក​រិច​រិល​នៃ​រាង​កាយ​របស់​យើង​ទៅ​តាម​វ័យ​» ​។ នេះ​គឺជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក​វេជ្ជបណ្ឌិត SURACHET SRIKAEW ​។

សូម​ជម្រាប​ជូន​ថា សិក្ខាសាលា​នេះ​ក៏​មានការ​ធ្វើ​បទ​បង្ហាញ និង​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​ប្រធានបទ “​ការ​គ្រប់គ្រង និង​ការ​ព្យាបាល​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដោយ​លោក​វេជ្ជបណ្ឌិត SURACHET SRIKAEW អ្នកជំនាញ​ផ្នែក​វះកាត់​ខួរក្បាល និង​ឆ្អឹងខ្នង នៃ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ និង​លោក​វេជ្ជបណ្ឌិត CHAIDEJ SASOMBOON អ្នកជំនាញ​ផ្នែក​វះកាត់​ឆ្អឹង នៃ​មន្ទីរពេទ្យ​បាងកក ប្រទេស​ថៃ ដោយ​ធ្វើ​បទ​បង្ហាញ​លើ​ការ​ព្យាបាល ការ​កៀប​សរសៃ​ឆ្អឺ​ង​ខ្នង​  និង​ការ​វះកាត់​ឆ្អឹងខ្នង​ដោយ​ការ​ចោះ​តូច ដែល​ផ្ដល់​ឱកាស​ជួប​ពិភាក្សា និង​ព្រឹក្សា​យោបល់​ដោយ​ឥត​គិតថ្លៃ ​។

យោង​តាម​របាយការណ៍​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ជំងឺ Stroke ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែល​បាន​រក​ឃើញ​ទៅ​លើ​អ្នក​កើត​ជំងឺ Stroke នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មាន​ប្រមាណ ១៤ ០០០ ​នាក់ ក្នុង​មួយ​ឆ្នាំ ហើយ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​នេះ​ គឺ​មាន​ប្រមាណ​ ១​ ម៉ឺន​នាក់ ​។ អ្នក​កើត​ជំងឺ Stroke នៅ​កម្ពុជា​មិន​មាន ចំនួន​ច្រើន​នោះ​ទេ ប៉ុន្ដែ​ចំពោះ​អត្រា​ស្លា.ប់​គឺ​មាន​ចំនួន​ច្រើន បើ​ប្រៀបធៀប​ជាមួយនឹង​ប្រទេស​ជិតខាង ​៕ អត្ថបទសហការ