ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ ​៖ អបអរសាទរ​ពលករ​ខ្មែរ​មក​ពី​ថៃចំនួន ៣៤​នាក់​​ ទទួល​បាន​ឱកាស​ការងារ​ភ្លាម​ៗ​នៅក្នុង​ខេត្តកោះកុង​

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ចន្ទ ទី ​២៣ ខែមិថុនា ឆ្នាំ​ ២០២៥​ នេះ ពលករ​ខ្មែរ​ចំនួន…

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ចន្ទ ទី ​២៣ ខែមិថុនា ឆ្នាំ​ ២០២៥​ នេះ ពលករ​ខ្មែរ​ចំនួន ៣៤​នាក់​ដែល​ទើប​ត្រឡប់​ពី​ប្រទេស​ថៃ​បាន​ទទួល​ឱកាស​ការងារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង​ចេ​ជាង និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង​ក្រោម​ការ​សម្របសម្រួល​ពី​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​រួម​មាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេង​ទៀត ក៏​ដូច​ជា​អាជ្ញាធរ​ខេត្តកោះកុង​ផង​ដែរ ​។

ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តកោះកុង លោក យក់ សង្វាត បានឱ្យ​ដឹង​ថា ពលករ​ទាំង ៣៤​ រូប​ដែល​មាន​ស្ត្រី ១២​នាក់ បាន​ផ្តើម​ធ្វើការ​នៅ​ថ្ងៃ​ចន្ទ ទី ​២៣ នេះ ដោយ ៣២​នាក់​ធ្វើការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង​ចេ​ជាង ខណៈ​ដែល​ពលករ​ពីរ​រូប​ដែល​ជា​ប្តី​ប្រពន្ធ​ទៅ​ធ្វើការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង​ដែល​មាន​ទីតាំង​ក្នុងស្រុក​មណ្ឌល​សីមា ក្នុង​ជំនាញ​កសិកម្ម​ ។

ទន្ទឹម​នឹង​នេះ អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ស៊ុន មេ​សា បាន​អបអរសាទរ​ទៅ​ដល់​បងប្អូន​ពលករ​ទាំង ៣៤​រូប​ដែល​ទទួល​បាន​ឱកាស​ការងារ​ភ្លាម​ៗ​ពី​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អាជ្ញាធរ​ខេត្តកោះកុង​ដែល​សម្របសម្រួល​ជួយ​ផ្គូផ្គង​ផ្តល់​ឱកាស​ការងា​នៅ​កន្លែង​តែ​ម្តង ​។

បើ​យោង​តាម​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ខេត្តកោះកុង មានឱកាស​ការងារ​ប្រមាណ​ជាង ៧០០០​កន្លែង​ដែល​កំពុង​រង់ចាំ​ការ​ដាក់​ពាក្យ​បំពេញការងារ ខណៈ​ដែល​កម្ពុជា​កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​ប្រមាណ ២៥​ម៉ឺន​នាក់​នៅ​ទូ​ទាំង​ប្រទេស ​។

ជាមួយ​គ្នា​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​បងប្អូន​ពលករ​ខ្មែរ​ដែល​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ ក៏​ដូច​ជា​មាន​បំណង​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​សូម​ទាក់ទង និង​ចូល​សាកសួរ​ព័ត៌មាន​នៅ​មណ្ឌល​សំចត ឬ​កន្លែង​ទទួល​ពលករ​នៅ​តាម​ច្រកព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៅ​កម្ពុជា ក៏​ដូច​ជា​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ និង​អត្ថប្រយោជន៍​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) ដែល​ជា​ការ​គិតគូរ​របស់​រាជរដ្ឋាភិបាល​ ៕ អត្ថបទសហការ