ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គម្រោង CW1 កំណាត់​ផ្លូវជាតិ​លេខ ​៧ បាន​បញ្ចប់​មុន​កាលកំណត់ក្រុមហ៊ុន POLY CHANGDA បង្ហាញ​ពី​សមត្ថភាព​ប្រកបដោយប្រសិទ្ធភាព​ក្នុង​ការ​សាងសង់

11 ខែ មុន

ខេត្តក្រចេះ ​៖ ឯកឧត្តម ផែង សុវិជ្ជា​នោ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​គម្រោង CW1 កំណាត់​ផ្លូវជាតិ​លេខ ​៧…

ខេត្តក្រចេះ ​៖ ឯកឧត្តម ផែង សុវិជ្ជា​នោ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​គម្រោង CW1 កំណាត់​ផ្លូវជាតិ​លេខ ​៧ ដែល​បាន​បញ្ចប់​ដោយ​ការ​ត្រួតពិនិត្យ និង​ការ​ប្រគល់​ទទួល​ទទួល​បាន​ភាព​ជោគជ័យ​នា​ព្រឹក​ថ្ងៃ​ទី ​៣០ ខែកក្កដា ឆ្នាំ ​២០២៤ ។ គម្រោង​ផ្លូវ​មួយ​នេះ​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន POLY CHANGDA ដែល​មាន​ប្រវែង​សរុប ៣១,២៥២ ​គីឡូម៉ែត្រ ដែល​ចាប់ផ្តើម​ពី​ចំណុច​លេខ PK300+000 និង​បញ្ចប់​នៅ​ត្រង់​ចំណុច​លេខ PK331+252​ ។ គម្រោង​គ្របដណ្តប់​លើ​ការ​ជួសជុល​ផ្ទៃ​ផ្លូវ​ដើម ការ​ពង្រីក​ស្មា​ផ្លូវ ការ​ក្រាល​កៅស៊ូ​ពីរ​ជាន់ ការ​រៀបចំ​ប្រព័ន្ធ​លូ និង​បរិក្ខារ​សុវត្ថិភាព​ចរាចរណ៍​ ។​ល​។

រយៈពេល​សាងសង់​ត្រូវ​បាន​កំណត់​រយៈពេល ១៨ ខែ ប៉ុន្តែ​ក្រុមហ៊ុន POLY CHANGDA បាន​បញ្ចប់​គម្រោង​ទាំងមូល​មុន​ការ​កំណត់ ដោយ​ប្រើប្រាស់​ត្រឹមតែ រយៈពេល ១២​ ខែ​ប៉ុណ្ណោះ ដែល​បាន​បង្ហាញ​យ៉ាង​ពេញលេញ​នូវ​ការ​គ្រប់គ្រង​គម្រោង​ដ៏​ល្អ​ឥត​ខ្ចោះ និង​សមត្ថភាព​សាងសង់​ប្រកបដោយ​ប្រសិទ្ធភាព​ ។

ឯកឧត្តម ផែង សុវិជ្ជា​នោ បាន​សម្តែង​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​លទ្ធផល​ការងារ​ដ៏​ឆ្នើម​របស់​ក្រុមការងារ​នៃ​គម្រោង​ទាំង​ផ្នែក​គុណភាព និង​វឌ្ឍនភាព និង​បាន​ចង្អុលបង្ហាញ​ថា សមិទ្ធិ​ផល​នេះ​បាន​ប្រែ​ក្លាយជា​គំរូ​ថ្មី​សម្រាប់​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា ​។ ឯកឧត្តម បាន​បញ្ជាក់​ថា ខ្ញុំ​មាន​ទឹកចិត្ត​សប្បាយ​រីករាយ​ព្រោះថា​នៅ​ពេល​ដែល​ក្រុមការងារ​យើង​ចុះ​មក​ពិនិត្យ​ការដ្ឋាន​ដើម្បី​ធ្វើការ​ប្រគល់​ទទួល​ការដ្ឋាន​ដែល​ស្ថាបនា​ហើយ​បែប​នេះ ហើយ​ឃើញ​ថា​ការ​ស្ថាបនា​បាន​អនុលោម​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ហើយ​គុណភាព​ទៀត​សោត​ក៏​ល្អ​ទទួលយក​បាន​។ ចំណុច​មួយទៀត​ដែល​ល្អ​គឺ​ក្រុមហ៊ុន POLY CHANGDA​នេះ​បាន​ស្ថាបនា​កំណាត់​ផ្លូវ​ប្រវែង ៣១,២៥២​ គីឡូម៉ែត្រ​នេះ​ក្នុង​រយៈពេល ៩ ​ខែ គឺ​បាន​បញ្ចប់​មុន​កិច្ចសន្យា​ស្ថាបនា​ដល់​ទៅ ៩ ​ខែ ​។ តាម​កិច្ចសន្យា​ក្រុមហ៊ុន​ត្រូវ​ស្ថាបនា​ក្នុង​រយៈពេល ១៨ ហើយ​ថែទាំ ៦០ ​ខែ តែ​ការ​ស្ថាបនា​ហើយ​ក្នុង​រយៈពេល​មុន​ផែនការ ៩ ​ខែ​បែប​នេះ ធ្វើ​ឲ្យ​ចំណេញ​ដល់​ក្រុមហ៊ុន​ស្ថាបនា និង​ក្រសួង​យើង​ក៏​ចំណេញ​ដែរ​ ។ បន្ត​ទៅ​ទៀត​គឺ​យើង​ដាក់​ផ្លូវ ៣១,២៥២​គីឡូម៉ែត្រ​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​ថែទាំ​ដែល​មាន​ថិរវេលា ៦០ ​ខែ ​។

ឯកឧត្តម​បន្ដ​ថា កំណត់​ផ្លូវ ៣១,២៥២​ គីឡូម៉ែត្រ​នេះ គឺជា​កំណាត់​ផ្លូវ​មួយ​ក្នុង​ចំណោម​កំណាត់​ផ្លូវ ៤​ខ្សែ ដែល​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ទទួល​ថវិការ​សម្បទាន​ពី​ធនាគា​ពិភពលោក​ក្នុង​ទឹកប្រាក់​ចំនួន ៧០​ លាន​ដុល្លារ​អា​មេ​រិ​ក ​។ កំណាត់​ផ្លូវ ៣១,២៥២ ​គីឡូម៉ែត្រ​នេះ មាន​តម្លៃ​សរុប​ទាំង​ការ​ស្ថាបនា និង​ថែទាំ​មាន​ចំនួន ១២,៧​ លាន​ដុល្លារ​អា​មេ​រិ​ក ​។ ទឹកប្រាក់​ចំនួន ១២,៧​ លាន​ដុល្លារ នេះ​សម្រាប់​ការ​ស្ថាបនា​ទៅ​លើ​ការ​លើក​កម្រិត​ពី​ផ្លូវ​ចាស់​ដែល​ជា​ប្រភេទ​ផ្លូវ​កៅស៊ូ​ពី​ស្រទាប់​ឬ DBST ពី​ទទឹង ៧ ​ម៉ែត្រ ទៅ​ជា​ផ្លូវ​ចាក់​កៅស៊ូ​បេតុង AC ដែល​មាន​ទទឹង ១០ ​ម៉ែត្រ ហើយ​និង​រយៈពេល​ថែទាំ ៦០ ​ខែ ​។ ក្រុមហ៊ុន POLY CHANGDA នេះ ជា​ក្រុមហ៊ុន​អន្តរជាតិ​របស់​ប្រទេស​ចិន ក្រុមហ៊ុន​នេះ​មាន​វត្តមាន​ក្នុង​ការ​ស្ថាបនា​ផ្លូវថ្នល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ចាប់តាំងពី​ឆ្នាំ ​២០០៦ មក​ម្ល៉េះ​ ។ ខ្ញុំ​ចាំ​បាន​ថា​ គម្រោង​ដែល​ក្រុមហ៊ុន POLY CHANGDA នេះ​បាន​ស្ថាបនា​ទី​មួយ​ក្នុង​ប្រទេស​កម្ពុជា​យើង​គឺ​ស្ថាបនា​ស្ពាន​លូ​នៅ​ផ្លូវជាតិ​លេខ ៥៦ និង​ផ្លូវជាតិ​លេខ ៦៨ ក្រោម​គម្រោង​ធនាគារអភិវឌ្ឍន៍អាស៊ី​ ។

ឯកឧត្តម​បន្ដ​ទៀត​ថា ក្រុមហ៊ុន​នេះ​តែងតែមាន​វត្តមាន​ក្នុង​ការ​ស្ថាបនា​គម្រោង​ធនាគារអភិវឌ្ឍន៍អាស៊ី និង​ធនាគារពិភពលោក​ជា​បន្តបន្ទាប់​រហូត​មក​ទល់​ពេល​នេះ ​។ យើង​សង្កេត​ឃើញ​ថា​ ក្រុមហ៊ុន​នេះ​តែង​ប្រឹងប្រែង​អនុវត្ត​ការងារ​ប្រកបដោយ​គុណភាព​ល្អ ហើយ​ទទួលយក​បាន ​។ ខ្ញុំ​សូម​កោតសរសើរ​ក្រុមហ៊ុន​នេះ ​។ ឯកឧត្តម​គិត​ថា មក​ទល់​ពេល​នេះ​យើង​អាច​សន្មត​បាន ហើយ​គួរ​បែងចែក​វិស័យ​ដឹក​ជញ្ជូន​ដែល​រីក​ចម្រើន​ក្រោម​សម័យ​សម្ដេច​តេ​ជោ​សែន​គឺ​មក​ទល់​ឆ្នាំ ​២០២៣ ហើយ​នៅ​សម័យ​សម្ដេច​ធិ​បតី​ចាប់ពី​ឆ្នាំ ​២០២៣​ តទៅ ​។

ក្នុង​សម័យ​សម្ដេច​តេ​ជោ​សែន យើង​បាន​ស្ដារ​ផ្លូវជាតិ ផ្លូវ​ខេត្ត​បាន​ជាង ៦ ​ពាន់​គីឡូម៉ែត្រ គឺ​ខ្ញុំ​មាន​ន័យ​សំដៅ​ទៅ​លើ​ផ្លូវថ្នល់​ដែល​យើង​ក្រាល​កៅស៊ូ ឬ​ក្រាល​បេតុង ហើយ​ក៏​បូក​រួម​ទាំង​ផ្លូវ​ក្រាល​កៅស៊ូ ក្រួស​ក្រហម និង​ផ្លូវ​ក្រសួង​អភិវឌ្ឍន៍ជនបទ ​។ បន្ថែម​ទៀត​នោះ​គឺ​យើង​បាន​ស្ដារ​ប្រវែង​រាប់​សែន​គីឡូម៉ែត្រ ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​គ្រប់​ទិស​ទី​ច្រកល្ហក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ​។ នេះ​ជា​សក្ខីភាព​ដ៏​ច្បាស់​អំពី​ជោគជ័យ​ដ៏​ធំធេង​នៃ​គោលនយោបាយ សមាហរណកម្ម​ជាតិ​លើ​វិស័យ​ដឹក​ជញ្ជូន ចំណែកឯ​កិច្ចការ​សមាហរណកម្ម​កម្ពុជា​ទៅ​ក្នុង​តំបន់ យើង​បាន​ស្ថាបនា​ផ្លូវ​សេដ្ឋកិច្ច​សំខាន់​សំខាន់​ដូច​ជា​ផ្លូវ​លេខ​ ១ លេខ ​៥ លេខ ​៤ លេខ ​៦ លេខ​ ៧ និង​ផ្លូវ​ច្រករបៀង​ជា​ច្រើន​ទៀត​ដែល​បង្ក​ការ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម និង​ថៃ ​។

ឯកឧត្តម​បាន​បញ្ជាក់​ថា យើង​បាន​ស្តារ​ឡើង​វិញ​នូវ​ផ្លូវ​អយស្ម័យយាន​ខ្សែ​ខាងត្បូង​ពី​ភ្នំពេញ​ទៅ​កំពង់​ផែ​ក្រុងព្រះសីហនុ ដែល​ជា​កំពង់​ផែ​ទឹក​ជ្រៅ​តែ​មួយ​គត់​របស់​កម្ពុជា ​។ ខ្សែ​រថភ្លើង​មួយ​ខ្សែ​ទៀត​នៅ​ទិស​ខាងជើង គឺ​ផ្សារ​ភ្ជាប់​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែ​ត និង​ប្រទេស​ថៃ សម្រាប់​បម្រើ​ការ​ដឹក​ជញ្ជូន​ទំនិញ​រវាង​កម្ពុជា និង​ថៃ​នឹង​ដឹក​ទំនិញ​កសិកម្ម​តាម​បណ្ដា​ខេត្ត​តាម​ដងផ្លូវ​រថភ្លើង​នេះ​។ យើង​បាន​ស្តារ​កំពង់​ផែ​ធំ​ៗ​ពីរ​សំខាន់​ៗ គឺ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​ពី​កម្ពុជា​ទៅ​អឺរ៉ុប ឥណ្ឌា​មជ្ឈិមបូព៌ា និង​អាហ្វ្រិក និង​កំពង់​ផែ​ភ្នំពេញ​សម្រាប់​ដឹក​ទំនិញ​ទៅ​កំពង់​ផែ​កា​មា​តទៅ​ប្រទេស​វៀតណាម ហើយ​បន្ត​ទៅ​សហរដ្ឋអាមេរិក ​។

ឯកឧត្តម​បាន​បន្ត​ថា យើង​មាន​អាកាសយានដ្ឋាន​អន្តរជាតិ​ទំនើប​ៗ​ចំនួន​៣​នៅ​ក្រុងភ្នំពេញ ក្រុងព្រះសីហនុ និង​ក្រុង​សៀមរាប ដែល​ភ្ជាប់​ការ​ដឹក​ជញ្ជូន​ផ្លូវអាកាស​ពី​កម្ពុជា​ទៅ​ក្នុង​តំបន់​។​ថ្មី​ៗ​នេះ ​គឺ​យើង​បាន​ដាក់​ឲ្យ​ដំណើរការ​អាកាសយាន​ថ្មី​នៅ​ខេត្តសៀមរាប ​។ នៅ​មាន​សមិទ្ធផល​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​រៀបរាប់​មិន​អស់​ទេ ជា​រួម​សមិទ្ធផល​ដ៏​ធំធេង​នេះ​ត្រូវ​បាន​ទទួលស្គាល់​និង​កោតសរសើរ​ពី​សំណាក់​ដៃគូ​អភិវឌ្ឍន៍​នៅ​បណ្ដា​ប្រទេស និង​ស្ថាប័ន​ជា​ច្រើន​នៅ​លើ​ឆាក​អន្តរជាតិ​ ។ សមិទ្ធផល​ដ៏​ធំធេង​នេះ យើង​សម្រេច​បាន​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​បំផុត​របស់​សម្តេច​តេ​ជោ​សែន ​អតីត​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​បន្ត​ទៅ​ទៀត សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​យើង​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​លើ​វិស័យ​ដឹក​ជញ្ជូន​យ៉ាង​ច្បាស់លាស់ គឺ​ទំនើប​កម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​គ្រប់​អង្គភាព និង​ស្ថាបនា​បន្ថែម​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន ដែល​វា​ចាំបាច់ ក្រសួង​សាធារណការ​ដឹក​ជញ្ជូន ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម ប៉េង ពោធិ៍​នា ក្រោម​ការ​រៀបចំ​ផែនការ និង​គម្រោង​ដើម្បី​ឈាន​ទៅ​បាន​គោ​លន​យ​បាយ​យុទ្ធសាស្ដ្រ​របស់​រាជរដ្ឋាភិបាល ​។

ឯកឧត្តម​បាន​បន្ដ​ទៀត​ថា ជាក់ស្ដែង​ផ្លូវ​ដែល​យើង​មក​ទទួល​ថ្ងៃនេះ ជា​លទ្ធផល​នៃ​គោលនយោបាយ​យុទ្ធសាស្ដ្រ​ទំនើប​កម្ម​នៃ​ហេ​ដ្ថា​រចនាសម្ព័ន្ធ​ផ្លូវគោក ​។ យើង​បាន​លើក​កម្រិត​ផ្លូវជាតិ​លេខ​ ១ ពី​ប្រភេទ DBST ទៅ AC ពី​ទទឹង ៧​ ម៉ែត្រ ទៅ ​១០ ម៉ែត្រ យើង​បាន​លើក​កម្រិត​ផ្លូវជាតិ​លេខ​ ៥ ទៅ​ជា ៤​ គន្លង លើ​កម្រិត​ផ្លូវជាតិ​លេខ ​៤ ទៅ​ជា ៤ ​គន្លង​ដែល​មាន​ប្រវែង ៤៣ ​គីឡូម៉ែត្រ ហើយ​កំពុង​ធ្វើ​ផែនការ​ដើម្បី​ត្រៀម​ធ្វើ​អោយ​ផ្លូវជាតិ ​៤ ​នេះ​ទៅ​ជា ៤ ​គន្លង​នៃ​ផ្លួ​វ​ជាតិ​លេខ ​៤ ទាំងមូល​តែ​ម្ដង​ ។ យើង​កំពុង​សិក្សា​លើ​កម្រិត​ផ្លូវ​ច្រក​រវាង​សេដ្ឋកិច្ច​កម្ពុជា និង​វៀតណាម ដើម្បី​ឈាន​សម្រួលការ​ដឹក​ជញ្ជូន​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ ដែល​តាម​ការ​បាន់​ស្មាន​ទំហំ​ពាណិជ្ជកម្ម​អាច​ឈាន​ទៅ​ដល់ ១០ ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ចុងឆ្នាំ ​២០២៤ ​។ ដោយឡែក​កំពង់​ផែ អាកាសយាន​ដ្ធា​ន​ក៏​កំពុង​ស្ថិត​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​ពិ​ណិ​ជ្ជ​កម្ម​ដែរ​ ។ ឯកឧត្តម​សង្ឃឹម​យ៉ាង​មុតមាំ​ថា គោលនយោបាយ និង​យុទ្ធសាស្ដ្រ និង​ដឹក​ជញ្ជូន​ដែល​សម្ដេច​ធិ​បតី​នាយករ​ដ្ធ​មន្ដ្រី​យើង​បាន​ដាក់​ចេញ​ក្នុង​អាណ្ដិ​តទី ​៧​ នេះ ពិតជា​ត្រឹមត្រូវ​ហើយ​កំពុង​ចាប់ផ្តើម​ចេញ​ជា​ផ្លែផ្កា ​។

លោក Wen Miaojun នៃ​គម្រោង CW1 កំណាត់​ផ្លូវជាតិ​លេខ ​៧ នៃ​ក្រុមហ៊ុន POLY CHANGDA សាខា​កម្ពុជា ក៏​បាន​បង្ហាញ​នូវ​មោទនភាព​ចំពោះ​ការ​អនុវត្ត​របស់​ក្រុមការងារ ​។ លោក​បាន​និយាយ​ថា ​៖ “​យើង​បាន​ប្រមូល​នូវ​បទ​ពិសោធន៍​ជា​ច្រើន​ក្នុង​រយៈពេល ១៩ ឆ្នាំ​របស់​យើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ ការ​អនុវត្ត​គម្រោង​នេះ​ដោយ​ជោគជ័យ​គឺ​ដោយសារ​តែ​ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញលេញ​ពី​ទីស្នាក់ការ​កណ្តាល​នៃ​ក្រុមហ៊ុន និង​ការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ ​។​”

លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ដោយ​មានការ​ជួយ​គ្រាំ​ទ្រ​លើ​ថវិកា​គម្រោង​ដែល​ផ្តល់​ដោយ​ធនាគារពិភពលោក និង​ការ​ណែនាំ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ពង្រឹង​បន្ថែម​លើ​ការ​អនុវត្ត និង​សមិទ្ធផល​នៃ​គម្រោង​នេះ​ ។ លោក Wen Miaojun បាន​និយាយ​ថា ការ​បញ្ចប់​គម្រោង​នេះ​មុន​កាលកំណត់ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​គួរ​ឱ្យ​កត់សម្គាល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​លើកកម្ពស់​កា​រត​ភ្ជាប់​ការ​ដឹក​ជញ្ជូន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជិតខាង​ដូច​ជា​ប្រទេស​ឡាវ និង​វៀតណាម ដែល​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់ និង​ការ​អភិវឌ្ឍន៍​សង្គម​ ៕ អត្ថបទសហការ