ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ថ្នាក់ដឹកនាំ​ក្រសួង​ការងារ​ ចុះ​សួរសុខទុក្ខ និងទទួលទាន​អាហារ​ជាមួយ​បងប្អូន​កម្មករនិយោជិត រោងចក្រក្នុង​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ

1 ខែ មុន

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ​២៤ ខែកក្កដា ឆ្នាំ ​២០២៤ ​នេះ ថ្នាក់ដឹកនាំ​ចំនួន ​៣…

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ​២៤ ខែកក្កដា ឆ្នាំ ​២០២៤ ​នេះ ថ្នាក់ដឹកនាំ​ចំនួន ​៣ ​រូប ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​បងប្អូន​កម្មករនិយោជិត និង​ពិភាក្សា​ការងារ​ជាមួយ​តំណាង​និយោជក​រោងចក្រ​ចំនួន ​៣ ​ទីតាំង ក្នុង​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ​។​ 

កម្មវិធី​ចុះ​សំណេះសំណាល និង​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​បងប្អូន​កម្មករនិយោជិត​នេះ​រោងចក្រ COMO APPAREL CO.,LTD ដឹកនាំ​ដោយ​ឯកឧត្តម ងុ​យ រិ​ទ្ធ រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, និង​រោងចក្រ C.F.C GARMENT PTY CO.,LTD. ដឹកនាំ​ដោយ ឯកឧត្តម សាន គឹ​ម​ហុង អនុរដ្ឋលេខាធិការ និង​រោងចក្រ SUNICON (CAMBODIA) APPAREL CO.,LTD  ដឹកនាំ​ដោយ ឯកឧត្តម វិត សុវណ្ណ​ឧត្តម អនុរដ្ឋលេខាធិការ​ ។

នៅ​ក្នុង​ការ​ចុះ​សួរសុខទុក្ខ និង​ពិនិត្យ​មើល​ស្ថានភាព​ការងារ​របស់​បងប្អូន​កម្មករនិយោជិត​ជាង ១ ៨០០​នាក់ ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ COMO APPAREL CO.,LTD. ស្ថិត​ក្នុង ខណ្ឌ​កំ​បូល ឯកឧត្តម ងុ​យ រិ​ទ្ធ រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​និយោជក​រោងចក្រ និង​បាន​សំណេះសំណាល​ផ្ទាល់​ជាមួយ​បងប្អូន​កម្មករនិយោជិត​តាម​ផ្នែក​នីមួយ​ៗ​នៅ​ក្នុង​រោងចក្រ ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​ការងារ និង​ដំណើរការ​នៃ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ខ្សែ​ចង្វាក់​ផលិតកម្ម​នៅ​ក្នុង​អាគារ​រោងចក្រ​ ។​ 

ក្រោយ​ការ​ទទួលទាន​អាហារ​ថ្ងៃត្រង់ និង​ជួប​សំណេះសំណាល​សាកសួរ​ផ្ទាល់​ជាមួយ​បងប្អូន​កម្មករនិយោជិត​រួច ឯកឧត្តម ងុ​យ រិ​ទ្ធ បាន​វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​ទៅ​ដល់​ម្ចាស់​រោងចក្រ COMO APPAREL CO.,LTD.. ដែល​មិន​ត្រឹមតែ​គោរព​តាម​ច្បាប់​ការងារ​យ៉ាង​ខ្ជាប់ខ្ជួន និង​អនុវត្ត​ស្តង់ដា​ការងារ​បាន​យ៉ាង​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ទៅ​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​បាន​កំណត់​ក្នុង​ការ​ផ្តល់​អត្ថប្រយោជន៍​ដល់​បងប្អូន​កម្មករនិយោជិត​ផង​ដែរ​ ។​ 

ដោយឡែក ក្នុង​ការ​ចុះ​សំណេះសំណាល សួរសុខទុក្ខ និង​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​បងប្អូន​កម្មករនិយោជិត​ជាង ៨០០​ នាក់ នៅ​រោងចក្រ C.F.C GARMENT PTY CO.,LTD. ក្នុង​ខណ្ឌ​កំ​បូល ឯកឧត្តម សាន គឹ​ម​ហុង អនុរដ្ឋលេខាធិការ បាន​ដើរ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​ក្នុង​ដំណើរការ​ផលិតកម្ម ក្នុង​រោងចក្រ ដូច​ជា កន្លែង​កាត់ដេរ កន្លែង​វេច​ខ្ចប់ តុ​កាត់ ឃ្លាំង កា​តុង QC (​ការ​ពិនិត្យ​គុណភាព​) ពេទ្យ​សង្គ្រោះ ផង​ដែរ ​។ ឯកឧត្តម សាន គឹ​ម​ហុង និង​ក្រុមការងារ ក៏​បាន​ទទួលទាន​អាហា​ថ្ងៃត្រង់​ជាមួយ​បងប្អូន​កម្មករនិយោជិត​នៅ​ក្នុង​បរិយាកាស​ដ៏​មាន​ភាព​ស្និទ្ធស្នាល​ ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្ដម ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​រោងចក្រ ដោយ​បាន​គូសបញ្ជាក់​ថា ការ​ចុះ​សួរសុខទុក្ខ​បងប្អូន​កម្មករនិយោជិត​ដោយ​ផ្ទាល់​នៅ​តាម​រោងចក្រ​នេះ គឺជា​ការ​គិតគូរ​យកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​ ៧ ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​លើ​បងប្អូន​កម្មករនិយោជិត​នៅ​តាម​រោងចក្រ សហគ្រាស​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស ធ្វើ​យ៉ាងណា​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​កាន់តែ​ជិត​ស្និត​រវាង​រដ្ឋាភិបាល ជាមួយ​បណ្តា​ម្ចាស់​រោងចក្រ សហគ្រាស ជា​ពិសេស​នោះ​គឺ​សុខទុក្ខ​របស់​បងប្អូន​កម្មករនិយោជិត​ដែល​រដ្ឋាភិបាល​តែងតែ​គិតគូរ​ជា​និច្ច​ ។

ទន្ទឹម​នេះ​ដែរ ក្នុង​ការ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​បងប្អូន​កម្មករនិយោជិត​ជាង ៨០០ ​នាក់ នៃ​រោងចក្រ SUNICON (CAMBODIA) APPAREL CO.,LTD. ស្ថិត​ក្នុង​ខណ្ឌ​កំ​បូល ឯកឧត្តម វិត សុវណ្ណ​ឧត្តម អនុរដ្ឋលេខាធិការ ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋបាល និង​នាយក​សហគ្រាស ដើម្បី​សាកសួរ​ព័ត៌មាន​មួយ​ចំនួន​ទាក់ទង​នឹង​លក្ខ​ខ​ណ្ខ​ការងារ និង​អត្ថប្រយោជន៍​ផ្សេង​ដែល​រោងចក្រ SUNICON (CAMBODIA) APPAREL CO.,LTD. ផ្តល់​ជូន​បងប្អូន​កម្មករនិយោជិត​ ។ នា​ឱកាស​នោះ​ដែរ ឯកឧត្តម ក៏​បាន​ចុះ​ពិនិត្យ​មើល​ផ្ទាល់​តាម​ខ្សែ​ចង្វាក់​ផលិតកម្ម​នៅ​ក្នុង​អគារ​រោងចក្រ និង​បាន​ជួប​សាកសួរ​សុខទុក្ខ​បងប្អូន​កម្មករនិយោជិត និង​បាន​ទទួលទាន​បាយ​ថ្ងៃត្រង់​នៅ​អាហា​ដ្ឋា​ន​ក្នុង​រោងចក្រ​រួម​គ្នា​ផង​ដែរ ​។

ឯកឧត្តម​អនុរដ្ឋលេខាធិការ បាន​កត់សំគាល់​ឃើញ​ថា ម្ចាស់​រោងចក្រ​បាន​អនុវត្ត​លក្ខខណ្ឌ​ការងារ​បាន​ល្អ និង​បាន​ផ្តល់​អត្ថប្រយោជន៍​ផ្សេង​ៗ​ជូន​បងប្អូន​កម្ម​និយោជិត​បាន​យ៉ាង​ល្អ​ដូចដែល​ច្បាប់​ការងារ​បាន​កំណត់​ផង​ដែរ​។ ក្នុង​ឱកាស​នោះ ឯកឧត្តម បាន​វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​ទៅ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស ដែល​បាន​ផ្តល់​កិច្ចសហការ​យ៉ាង​ល្អជា​មួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ការ​រៀបចំ​ជំនួប​សំណេះសំណាល សួរសុខទុក្ខ និង​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​បងប្អូន​កម្មករនិយោជិត​ប្រកបដោយ​ភាព​ស្និ​ទ​ស្នាល​ ។ ទន្ទឹម​នេះ ឯកឧត្តម​បាន​ស្នើ​ឱ្យ​ម្ចាស់​រោងចក្រ​បន្ត​យកចិត្តទុកដាក់​លើ​សុវត្ថិភាព​របស់​កម្មករនិយោជិត​ទាំងអស់ ជា​ពិសេស​បន្ត​ផ្តល់​អត្ថប្រយោជន៍​ឱ្យ​បាន​ពេញលេញ​តាម​ច្បាប់​ការងារ​ជូន​ដល់​កម្មករនិយោជិត​ទាំងអស់​ផង​ដែរ​ ៕ អត្ថបទសហការ