ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មេ​សហជីព​នៅ​កម្ពុជា​៖​ គោលនយោបាយ ​ប​.​ស​.​ស​.​ របស់​រដ្ឋាភិបាល​ជួយ​កាត់​បន្ថយ​ជម្លោះ រវាង​កម្មករ និង​និយោជក និង​បង្កើត​ឱ្យ​មាន​សុ​ខុ​ដុម​នី​យ​កម្ម

1 ខែ មុន

រាជធានីភ្នំពេញ​៖ ​មេ​សហជីព​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា គោលនយោបាយ​ក្នុង​ការ​ផ្តល់ សេវា​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប.ស.​ស​) មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ជូន​កម្មករនិយោជិត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​កាត់​បន្ថយ​ជម្លោះ រវាង​កម្មករ និង​និយោជក នៅ​តាម​បណ្តា​រោងចក្រ​សហគ្រាស​ទៀត​ផង…

រាជធានីភ្នំពេញ​៖ ​មេ​សហជីព​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា គោលនយោបាយ​ក្នុង​ការ​ផ្តល់ សេវា​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប.ស.​ស​) មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ជូន​កម្មករនិយោជិត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​កាត់​បន្ថយ​ជម្លោះ រវាង​កម្មករ និង​និយោជក នៅ​តាម​បណ្តា​រោងចក្រ​សហគ្រាស​ទៀត​ផង ​។

លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា បានឱ្យ​ដឹង​ថា បស​ស បាន​ជួយ​សម្រាល​បន្ទុក​ដ៏​ច្រើន​សម្រាប់​កម្មករនិយោជិត ដែល​មានការ​គាំពារ​ចំពោះ​ការ​ព្យាបាល​ជំងឺ ការ​ថែទាំ​សុខភាព ការ​ពិនិត្យ​ផ្ទៃពោះ និង​សម្រាលកូន ជាដើម មិនតែប៉ុណ្ណោះ ប.ស.​ស ក៏​បាន​បញ្ឈប់​លែងឱ្យ​កម្មករ និង​និយោជក​មាន​ជម្លោះ​ជាមួយ​គ្នា ពេល​មាន​គ្រោះថ្នាក់​ការងារ​កើតឡើង ផង​ដែរ ​។

លោក​បាន​បញ្ជាក់​ថា ភាព​ក្តៅក្រហាយ ទោម្និញ​ដាក់​គ្នា​រវាង​កម្មករ និង​យោជក ដែល​ធ្លាប់​កើតឡើង គឺ​នៅ​ពេល​មាន​គ្រោះថ្នាក់​ការងារ​ធ្ងន់ធ្ងរ ដែល​និយោជក​ភ្លាម​ៗ​ ពិបាក​ក្នុង​ការ​មាន​លទ្ធភាព​ទទួលខុសត្រូវ បាន​ធ្វើ​ឱ្យ​មានការ​ប្តឹង​តវ៉ា​ពី​សំណាក់​កម្មករនិយោជិត ​។ យ៉ាងណា​ក៏​ដោយ នៅ​ពេល​មាន​សេវា បស​ស បញ្ហា​ទាំងនោះ​ត្រូវ​បាន​បញ្ចប់ ដោយ​គ្រាន់តែ​ភាគី​និយោជក បង់​ភាគទាន​ទៅ ប.ស.​ស ដើម្បី​ធ្វើការ​ដោះស្រាយ​បន្ត​ ។

លោក​ថ្លែង​ថា​៖ «​នៅ​ពេល​យើង​មាន​សេវា បស​ស រាល់​គ្រោះថ្នាក់​ការងារ រាល់​ជំងឺ​វិជ្ជាជីវៈ​ទាំងឡាយ​ណា គឺជា​បន្ទុក​របស់ បស​ស ដូចនេះ​ភាគី​កម្មករនិយោជិត​មិន​ចាំបាច់​បែរមុខ​ព្រួញ​ទៅ​កាន់​និយោជក ហើយ​និយោជក​ក៏​មិន​ចាំបាច់​ពាក់មុខយក្ស ក្នុង​ស្ថានភាព​ណាមួយ​មក​កាន់​កម្មករ​របស់​ខ្លួន​ ដែល​ទាមទារ​នោះ​ទេ គឺ​គ្រាន់តែ​បង់​ភាគទាន​ទៅ​ ប.ស.​ស ​ដើម្បី​ចាត់ចែង​ដោះស្រាយ​បន្ត​ជា​ការ​ស្រេច​» ។

លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ ថ្លែង​ថា សេវា ប.ស.​ស ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្មករ និយោជិត ​។ ក្នុង​ពេល​បច្ចុប្បន្ន​ការ​បង់ ប.ស.​ស គឺជា​បន្ទុក​របស់​និយោជក ដែល​ទាំងនេះ​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ​ក្នុង​សម្រួល​ឱ្យ​និយោជក​ជា​អ្នក​ទទួលខុសត្រូវ ​១០០​ ភាគរយ ​។

លោក​ថ្លែង​ថា​៖ «​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ យើង​ឃើញ​ថា នៅ​ពេល​បងប្អូន​មាន​ជំងឺ​ឈឺ​ថ្កាត់​អស់​រាប់​សិប​ម៉ឺន​ដុល្លារ រាប់​សិប​ពាន់​ដុល្លារ​គឺ បងប្អូន​អត់​មាន​ចំណាយ​អី​សូ​ម្បី​ ១​ ដុល្លារ​នោះ​ទេ គឺជា​បន្ទុក​របស់​រដ្ឋ​តែ​ម្តង ដូច​ច្នេះ​យើង​ឃើញ​ថា​សេវា ប.ស​.ស នេះ​ពិតជា​មាន​សារៈសំខាន់» ​។​

មួយវិញទៀត ហ្វា សាលី បន្ថែម​ថា ប.ស.​ស ក៏​មានការ​យកចិត្តទុកដាក់​លើ​ស្ត្រី ដែល​មាន​ផ្ទៃពោះ ឱ្យ​មានការ​ឈប់​សម្រាក​ រហូត​ដល់​ ៤​ ដង​ សម្រាប់​ការ​ពិនិត្យ​ផ្ទៃពោះ​ចាប់ពី​មានគភ៌ ដែល​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ​៨ ​ម៉ឺន​រៀល​បន្ថែម​ទៀត​ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​មានការ​ឈប់​សម្រាក​សម្រាលកូន ដែល​មាន​ប្រាក់​ឧបត្ថម្ភ ១២០ ​ភាគរយ ហើយ​នៅ​ក្រោយ​ពេល​សម្រាល​ក៏​មានការ​ថែទាំ​កុមារ ​រហូត​ដល់​២​ឆ្នាំ ដោយ​មានការ​ឈប់​សម្រាក​បាន​ច្រើន​ដង​បន្ថែម​ទៀត ដើម្បី​ចាក់​វ៉ាក់សាំង​ផ្សេង​ៗ ​សម្រាប់​កុមារ​ ៕ អត្ថបទសហការ