ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ​ នឹង​រៀបចំ​ពិព័រណ៍​ការងារ និងផលិតភាព​ជាតិ​ នា​ដើមខែ​វិច្ឆិកា ខាង​មុខ​នេះដោយ​នាំ​យក​ឱកាស​ការងារ​ជាង ៣​ម៉ឺន​កន្លែង

3 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់…

រាជធានីភ្នំពេញ​ ៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា នឹង​រៀបចំ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​នា​ដើមខែ​វិច្ឆិកា ខាង​មុខ​នេះ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ​ដោយ​នាំ​យក​ឱកាស​ការងារ​ជាង ៣​ម៉ឺន​កន្លែង​ ។

កម្មវិធី​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​ ២០២៥ ធ្វើ​ឡើង​ក្រោម​ប្រធានបទ «​វិ​ថី​ឆ្ពោះទៅ​រក​ផលិតភាព ​៖ ផ្សារ​ភ្ជាប់​ជំនាញ បច្ចេកវិទ្យា និង​ឱកាស​ការងារ​» មាន​រយៈពេល ២​ថ្ងៃ គឺ​ថ្ងៃ​ទី​ ១-២ ខែវិច្ឆិកា ឆ្នាំ​ ២០២៥ ដោយ​ទទួល​បានការ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) មូលនិធិ​អភិវឌ្ឍន៍​ជំនាញ (SDF) សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា និង​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ព្រមទាំង​ដៃគូ​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី ​២២ ខែតុលា​នេះ លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ ​២០២៥​នេះ មានការ​ចូលរួម​ពី​សំណាក់​ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​ប្រមាណ ១៥០ ដែល​មាន​ស្តង់​សរុប​ជាង ១៨០ ដែល​នឹង​ដាក់​តាំង​បង្ហាញ​ពី​ឱកាស​ការងារ​យ៉ាងច្រើន​សំបូរ​បែប ដែល​នឹង​ផ្តល់​ឱកាស​ការងារ​រហូត​ដល់​ជាង ៣​ម៉ឺន​កន្លែង ដោយ​ក្រសួង​រំពឹង​ថា​នឹង​មាន​អ្នកចូលរួម​ប្រមាណ​ជាង ៥​ម៉ឺន​នាក់ ​។

អ្នកនាំពាក្យ​បញ្ជាក់​ថា គោលបំណង​សំខាន់​ៗ​នៃ​ព្រឹត្តិការណ៍​ដ៏​ធំ​នា​ពេល​នេះ គឺ​ដើម្បី​បន្ត​រក្សា​តុល្យភាព​ក្នុង​ទីផ្សារ​ការងារ​តាម​រយៈ​ការ​ជួយ​ជ្រោមជ្រែង​និយោជក​ដែល​មាន​តម្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម និង​អ្នក​ស្វែងរក​ការងារ បង្កើត​ឱ្យ​មាន​កន្លែង​ជួបជុំ​គ្នា​ដ៏​ធំ និង​ងាយស្រួល​រវាង​អ្នក​ស្វែងរក​ការងារ និយោជក អ្នក​ផ្តល់​ការ​អប់រំ​បណ្ដុះបណ្ដាល និង​ដៃគូ​ពាក់ព័ន្ធ​នានា ដើម្បី​ធ្វើការ​ផ្លាស់​ប្ដូរ និង​ចែករំលែក​ព័ត៌មាន​ទីផ្សារ​ការងារ ហើយ​ក៏​មានការ​រៀបចំ​ផង​ដែល​នូវ​សិក្ខាសាលា​ផលិតភាព​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ស្តី​ពី​ការ​បង្កើន​ផលិតភាព​ការងារ​ដោយ​មានការ​ចែករំលែក​ចំណេះដឹង និង​បទ​ពិសោធន៍​ពី​វាគ្មិន​ជំនាញ​ជា​ច្រើន ​។

លោក សន ប៊ុ​ន​មាន ប្រធាន​លេខាធិការដ្ឋាន ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ស​.​ស​.​យ​.​ក​. រាជធានី​ភ្នំពេញ បាន​ធ្វើ​ជា​ដៃគូ​ជាមួយនឹង NEA ចាប់តាំងពី​ពិ​ព័រ​ណ៌​ការងារ​ចាប់ផ្តើម​ជា​លើក​ដំបូង​មក ហើយ​តែងតែ​ជួយ​ផ្សព្វផ្សាយ​ដើម្បី​ជំរុញ​ឲ្យ​មានការ​ចូលរួម​កាន់តែ​ច្រើន​តាម​រយៈ​បណ្តាញ ស​.​ស​.​យ​.​ក​. នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ​ ។ លោក​ចាត់​ទុក​ពិព័រណ៍​ការងារ​នេះ គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​យុវជន​ទៅ​ស្វែងរក​ការងារ និង​ស្វែង​យល់​ពី​តម្រូវការ​ជំនាញ​ក្នុង​ទីផ្សារ​ការងារ ហើយ​លោក​ក៏​បាន​អំពាវ​នា​ដល់​យុវជន​ទាំងអស់ ឲ្យ​រៀបចំ CV ឲ្យ​បាន​ច្រើន​ដើម្បី​ដាក់​ពាក្យ និង​សម្ភាស​ការងារ​ភ្លាម​ៗ​នៅ​ក្នុង​ពិព័រណ៍​រយៈពេល ២​ថ្ងៃ នេះ​ផង​ដែរ​ ។

លោក លី តិក​ហេង តំណាង​សមាគម TAFTAC បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ផលិតភាព​ការងារ​នៅ​ក្នុង​ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ ដោយ​លោក​បញ្ជាក់​ថា ការ​រៀបចំ​ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ​នេះ គឺ​មិន​អាច​មិន​គិត​ពី​ប្រធានបទ​ផលិតភាព​ការងារ​បាន​ទេ ព្រោះ​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ដែល​ជ្រើសរើស​បុគ្គលិក​មក​ធ្វើការ គឺ​តែងតែ​យកចិត្តទុកដាក់​លើ​ផលិតភាព​ការងារ​របស់​បុគ្គលិក​ខ្លួន​ ។ លោក​បន្ត​ថា ពិព័រណ៍​ការងារ នឹង​មានការ​រៀបចំ​ជា​សិក្ខាសាលា​ផលិតភាព​ដែល​នឹង​ផ្តោត​លើ​ប្រធានបទ «​វិ​ថី​ឆ្ពោះទៅ​រក​ផលិតភាព​៖ ផ្សារ​ភ្ជាប់​ជំនាញ បច្ចេកវិទ្យា និង​ឱកាស​ការងារ​»​ដែល​នឹង​មានការ​ចូលរួម​ចែករំលែក​ចំណេះដឹង និង​បទ​ពិសោធន៍​ជុំវិញ​ប្រធានបទ​ផលិតភាព​ពី​សំណាក់​វាគ្មិន​ជំនាញ​ជា​ច្រើន​រូប​ផង​ដែរ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២៥ ក៏​នឹង​ត្រូវ​រៀបចំ​តាម​ប្រព័ន្ធ​អន​ឡាញ​ផង​ដែរ ដែល​អ្នក​ស្វែងរក​ការងារ​ធ្វើ​នៅ​ទូ​ទាំង​ប្រទេស អាច​ដាក់​ពាក្យ​ស្វែងរក​ការងារ​ធ្វើ​តាម​ប្រព័ន្ធ​អន​ឡាញ​បាន​តាម​រយៈ គេហទំព័រ​ពិ​ព័រ​ណ៌​ការងារ https://careerfair.nea.gov.kh/ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ​លេខ​ទូរ​សព្ទ ០១៧ ៤៦៧ ៤២៣ ឬ លេខ Hotline របស់​ក្រសួង​ការងារ ១២៩៧ ឬ ១២៨៦ ៕ អត្ថបទសហការ