រាជធានីភ្នំពេញ៖ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់សិស្សចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យបានកាន់តែច្រើន ក្រសួងការងារបានផ្តួចផ្តើមពង្រីកវេនសិក្សា ឱ្យកាន់តែមានលក្ខណៈបត់បែន មានច្រើនជម្រើស ពីថ្ងៃចន្ទ ដល់សុក្រ និងថ្ងៃសៅ អាទិត្យ សរុប ៧ វេន ផ្សេងៗគ្នា ។
នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ក្នុងពិធិបើកទិវាជាតិបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះ ក្រោមប្រធានបទ « TVETរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ។
ឯកឧត្តមបានឱ្យដឹងថា ការផ្តួចផ្តើមពង្រីកវេនសិក្សាចំនួន ៧ វេននេះ នឹងផ្តល់ភាពងាយស្រួលដល់ ដល់សិស្ស និងកម្មករនិយោជិត និងអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាក្នុងប្រព័ន្ធ មានពេលវេលា និងឱកាសបានចូលរៀន ហើយនៅតែអាចបន្តការងាររកប្រាក់ចំណូល ប្រចាំថ្ងៃបានដដែល ។
វេនសិក្សាទាំង ៧ នោះរួមមាន ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ មានចំនួន ៥ វេន ដែលក្នុងនោះវេនពេញ ១ ថ្ងៃ ព្រឹកនិងល្ងាច ឬរៀនវេនព្រឹក ១ ពេល ពេលរសៀល ១ ពេល ឬវេនពេលល្ងាច ដែលក្នុងនោះ អាចបែងចែកជា ៣ ម៉ោងពេលល្ងាច ឬ ២ ម៉ោងពេលល្ងាច ។ ចំណែកវេនថ្ងៃសៅរ៍-អាទិត្យ ក្រសួងបានបែងចែកជា ២ វែន បន្ថែមទៀត គឺវេនថ្ងៃសៅរ៍អាទិត្យតែម្តង និងវេនតែថ្ងៃអាទិត្យតែមួយ ។
បើតាមឯកឧត្តមរដ្ឋមន្ត្រី វគ្គសិក្សាតាមវេននីមួយៗ មានរយៈពេលខុសគ្នា ចាប់ពី ៤ ខែទៅ ១២ ខែអាស្រ័យទៅតាមវេនដែលសិស្ស និងកម្មករនិយោជិត បានចុះឈ្មោះចូលរៀន ។ ឯកឧត្តមបញ្ជាក់ថា៖ «ការរៀបចំវេនសិក្សាបែបនេះ ជាពិសេសវេនល្ងាច វេនយប់ និងចុងសប្តាហ៍ និងអនុញ្ញាតឱ្យយុវជន និងកម្មករនិយោជិត អាចចុះឈ្មោះពេលណាមួយ ដែលសមស្រប និងងាយស្រួលសម្រាប់ខ្លួន ខណៈដែលពួកគេនៅតែបន្តធ្វើការងារ និងធានាបានស្ថេរភាពនៃប្រភពចំណូលរបស់ខ្លួន» ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ