ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ រៀបចំសន្និសីទកិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ប៊ែ​ល​ធី លើក​ទី ​៧ (​ប៊ី អាយ ស៊ី ស៊ី​) និង​វេទិកា​ស្រាវជ្រាវលើក​ទី​ ១ ​ឆ្នាំ ​២០២៤ ជាមួយ​សាកលវិទ្យាល័យដៃគូ​ចំនួន ៣៣ មក​ពី ១៨ ​ប្រទេស​ជុំវិញពិភពលោក

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ​ ៖ កាលពីថ្ងៃ​ទី ​៦-៧ ខែមិថុនា ឆ្នាំ​ ២០២៤ សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ…

រាជធានី​ភ្នំពេញ​ ៖ កាលពីថ្ងៃ​ទី ​៦-៧ ខែមិថុនា ឆ្នាំ​ ២០២៤ សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ បាន​រៀបចំ​សន្និសីទ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ប៊ែ​ល​ធី លើក​ទី ​៧ ឆ្នាំ ​២០២៤ -The 7th BICC 2024 ស្តី​ពី “​ឱកាស​អាហារូបករណ៍ និង​ការ​រៀបចំ​ជីវិត​សិក្សា​នៅ​ក្រៅប្រទេស​-The Scholarship Opportunities and Preparation for Overseas Study Life” និង​វេទិកា​ស្រាវជ្រាវ លើក​ទី​ ១ ឆ្នាំ​ ២០២៤-The 1st BELTEI IU Research Forum 2024” ស្តី​ពី “​តួនាទី​របស់​គ្រឹះស្ថានឧត្តមសិក្សា​ក្នុង​ការ​លើកកម្ពស់​ការ​ស្រាវជ្រាវ និង​នវានុវត្តន៍​ សម្រាប់​កំណើនសេដ្ឋកិច្ច​-Role of Higher Education Institutions in Promoting Research and Innovation for Economic Growth” ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត លី ឆេ​ង តំណា​ង​រាស្ដ្រ​មណ្ឌល​រាជធានី​ភ្នំពេញ​ស្ថាបនិក -​អគ្គនាយក ប៊ែ​ល​ធី​គ្រុបនិង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកល វិទ្យាល័យ ​ប៊ែ​ល​ធី​អន្តរជាតិ ​និង​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោក​ជំទាវ តំណាង​ក្រសួង​-​ស្ថាប័ន ព្រមទាំង​មានការ​ធ្វើ​បទ​បង្ហាញ ​ពី​សាកលវិទ្យាល័យ​ដៃគូ​ចំនួន ៣៣ មក​ពី ១៨​ប្រទេស​ជុំវិញ​ពិភពលោក ជូន​សិស្ស​-​និស្សិត​ប៊ែ​ល​ធី និង​អ្នក​អាណាព្យាបាល ប្រមាណ ១២,០០០ ​នាក់ ចូលរួម​ផ្ទាល់និង​តាម​ប្រព័ន្ធ Zoom ។

ឯកឧត្តម លី ណា​វុ​ឌ្ឍ សាកល​វិទ្យា​ធិ​ការសាកលវិទ្យាល័យ ប៊ែ​ល​ធីអន្តរជាតិ បានមានប្រសាសន៍ថា  BICC គឺជា​សន្និសីទអន្តរជាតិ ដែល​រៀបចំ​ដោយ​សាកលវិទ្យាល័យ ប៊ែ​ល​ធីអន្តរជាតិ ក្នុងគោលបំណ​ង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ​ជាមួយ​សាកលវិទ្យាល័យ​ដៃគូ​ នៅ​ឯ​ក្រៅប្រទេស​ដែល​បាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា (MoU) ដើម្បីរួមចំណែក​លើកកម្ពស់​គុណភាព​វិស័យ​អប់រំ​នៅ​កម្ពុជា ​ឱ្យ​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ ដែល​ផ្តោត​លើ ៧​ ចំណុច​សំខាន់​ៗ៖

១- ផ្សព្វផ្សាយ​អំពី​វប្បធម៌ ការ​រីក​ចម្រើន​លើ​វិស័យ​អប់រំ និង​សេដ្ឋកិច្ច ក៏​ដូច​ជា​វិស័យ​ផ្សេង​ៗ​របស់​កម្ពុជា​ទៅ​កាន់​ពិភពលោក ។

២- បង្កើន និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ ​ជាមួយ​គ្រឹះស្ថាន​អប់រំ​ឯកជន និង​សាធារណៈ​ទាំង​ក្នុង​ប្រទេសនិង​ក្រៅប្រទេស ។

៣- ផ្សព្វផ្សាយ​ពី​គ្រឹះស្ថាន​ដៃគូ​ល្បី​ៗ​នៅ​តាម​ប្រទេស​នានា ​ជូន​ដល់​សិស្ស​-​និស្សិត​កម្ពុជា ជា​ពិសេស​សិស្ស​-​និស្សិត​ប៊ែ​ល​ធី ។

៤- បង្កើត​នូវ​វេទិកា​ទំនាក់ទំនង​សម្រាប់​គ្រឹះស្ថាន​ទាំងអស់​ដែល​បាន​ចូលរួម ។

៥- ជំរុញ និង​បង្កើន​ចំនួន​សិស្ស​-​និស្សិត​កម្ពុជា​ ទៅ​សិក្សា​នៅ​ក្រៅប្រទេស​ឱ្យ​បាន​កាន់តែ​ច្រើន ។​

៦- ផ្សព្វផ្សាយ​ពី​ឱកាស​ទទួល​បាន​អាហារូបករណ៍​ជូន​ដល់​សិស្ស​-​និស្សិត​ ប៊ែ​ល​ធី ក៏​ដូច​ជា​សិស្ស​-​និស្សិត​ទូ​ទាំង​ប្រទេស ​ទៅ​បន្ត​ការ​សិក្សា​នៅ​បរទេស ។

៧- ចូលរួម​ចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ​ជាមួយ​រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​អប់រំ យុវជន និង​កីឡា​ជា​សេនាធិការ​ ។

ឯកឧត្តម​សាកល​វិទ្យា​ធិ​ការ បាន​បន្ថែម​ថា ដើម្បី​ចូលរួម​លើកកម្ពស់​គុណភាព​ នៃ​ការ​សិក្សា​ស្រាវជ្រាវ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាពនិង​ស្តង់ដា ​ដែល​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ សាកលវិទ្យាល័យ​ក៏​បាន​រៀបចំ “​វេទិកា​ស្រាវជ្រាវ លើក​ទី​ ”១” ដោយ​មានការ​អញ្ជើញ​ចូលរួម​ធ្វើ​បទ​បង្ហាញនិង​កិច្ចពិភាក្សា​ចែករំលែក​បទ​ពិសោធន៍ និង​ស្នាដៃ​សិក្សា​ស្រាវជ្រាវ ​ពី​វាគ្មិន​ជាតិ​-​អន្តរជាតិ​ជា​ច្រើន​រូប​ផង​ដែរ ​។

នៅ​ក្នុង​ពិធី​បិទ​សន្និសីទ​នេះ ក៏​មានការ​ចែករំលែក​បទ​ពិសោធន៍​ អំពី​ជីវិត​សិក្សា​នៅ​ក្រៅប្រទេស​របស់​អតីត​សិស្ស​និទ្ទេស​-A ជា​និស្សិត​អាហារូបករណ៍​ឧកញ៉ា លី ឆេ​ង គឺ​លោក កែវ ពិសិដ្ឋ ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ San Mateo Colleges of Silicon Valley និង​សាកល​វិ​ទ្យ​ល័យ California នៃ​សហរដ្ឋ​អាម៉េរិក ព្រមទាំង​ការ​សម្តែង​សិល្បៈ វប្បធម៌​ប្រពៃណី​ជាតិខ្មែរ ផង​ដែរ ​។

ក្នុង​ឱកាស​នោះ ឯកឧត្តម បណ្ឌិត លី  ​ឆេ​ង បាន​ជម្រាប​ជូន​អង្គ​សន្និសីទ​ អំពីសន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​រីក​ចម្រើន ​លើ​គ្រប់​វិស័យ​របស់​កម្ពុជា រួម​ទាំង​វិស័យ​អប់រំ និង​សេដ្ឋកិច្ច ជា​ពិសេស​ភាព​លេចធ្លោ ​នៃ​កិត្តិនាម​នៅ​លើ​ឆាក​អន្តរជាតិ​របស់​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី ​៧ ដែល​មានសម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​ទៀត ​ដែល​សុទ្ធ​សឹង​ជា​បណ្ឌិត​-​បញ្ញវន្ត មានចំណេះ​ដឹង​ខ្ពង់ខ្ពស់ ប្រកប ដោយ​សីលធម៌ និង​គុណធម៌​ខ្ពស់ ដែល​នឹង​បន្ត​ដឹកនាំ​ប្រទេស​ជាតិ ​ឆ្ពោះទៅ​សម្រេច​ទស្សនវិស័យ​អភិវឌ្ឍន៍​កម្ពុជា ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ត្រឹម​ឆ្នាំ ​២០៣០ និងមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០ ​។

ឯកឧត្តម បណ្ឌិត ក៏​បាន​ថ្លែងអំណរគុណ​គ្រឹះស្ថានសិក្សា​ទាំង ​៣៣ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ ​អញ្ជើញ​ចូលរួម​សន្និសីទ​ដ៏​មាន​សារៈសំខាន់​នេះ និង​បាន​ធ្វើ​បទ​បង្ហាញ​ចែករំលែក​ព័ត៌មាន​សិក្សា ​របស់​សាកលវិទ្យាល័យ​ខ្លួន​ ជូន​ដល់​សិស្ស​-​និស្សិត​កម្ពុជា​ ។ ឯកឧត្តម​បណ្ឌិត បានបន្ថែម​ថា សន្និសីទ ​BICC នឹង​រួមចំណែក​យ៉ាង​ធំធេង​ ក្នុង​ការ​បង្កើន​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព​នៅ​កម្ពុជា ​ក្នុង​សម័យ​ឌី​ជី​ថ​ល ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ​របស់​រាជរដ្ឋាភិបាល ដែល​បាន​កំណត់​វិស័យ​អាទិភាព​គន្លឹះ ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា​ ៕ អត្ថបទសហការ