ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​ការងារ បញ្ជាក់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរឡើង​ក្នុង​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​កម្ពុជា

1 អាទិត្យ មុន

ប្រទេសស្វី​ស​ ៖​ ថ្លែង​សុន្ទរកថា ​នា​សម័យប្រជុំ​លើក​ទី​ ១១២​ នៃ​សន្និសីទ​អន្តរជាតិ​ខាង​ការងារ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​សនា​ថ្ងៃ​ទី​ ១២ ខែមិថុនា ឆ្នាំ ​២០២៤​…

ប្រទេសស្វី​ស​ ៖​ ថ្លែង​សុន្ទរកថា ​នា​សម័យប្រជុំ​លើក​ទី​ ១១២​ នៃ​សន្និសីទ​អន្តរជាតិ​ខាង​ការងារ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​សនា​ថ្ងៃ​ទី​ ១២ ខែមិថុនា ឆ្នាំ ​២០២៤​ នេះ ឯកឧត្តម ​ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​បញ្ជាក់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ក្នុង​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​កម្ពុជា ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ប្រឈម​នឹង​បម្រែបម្រួល និង​ការ​ផ្លាស់​ប្តូ​រលើ​ការ​ប្រែប្រួល​អាកាសធាតុ បច្ចេកវិទ្យា​ទំនើប និង​វឌ្ឍនាការ​ថ្មី​ៗ តម្រូវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដាក់​ចេញ​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្តី​ពី​ដំណើរ​ឆ្ពោះទៅ​កាន់ការ​រួម​គ្នា​ធ្វើ​ឲ្យ​កិច្ចសន្យា​សង្គម​ដើម្បី​ពង្រឹង​យុត្តិធម៌​សង្គម ការ​លុប​បំបាត់​ភាព​ក្រីក្រ​ក្នុង​គោលបំណង​ធានា​បាន​នូវ​ផលិតភាព​ការងារ​ខ្ពស់ រួម​ទាំង​ការ​លើកកម្ពស់​ការ​យល់​ដឹង​ស្តី​ពី​ទំនួល​ខុស​ត្រូវ​សង្គម ​។

បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​អាណត្តិ​ទី ​៧​ តាម​រយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល ​៥ ​ឆ្នាំ​(២០២៤-២០២៨)​ របស់​ខ្លួន​ដើម្បី​ពង្រឹង​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ បង្កើន​ផលិតភាព​ការងារ​ដែល​មាន​ភាព​បត់បែន​ខ្ពស់​ក្នុង​ការ​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ រួម​ទាំង​ការ​បង្កើន​ការ​គ្របដណ្តប់​សន្តិសុខ​សង្គម​សម្រាប់​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​នៃ​សមាជិក​បេឡា​សន្តិសុខ​សង្គម​ ។ បន្ថែម​ពី​នេះ ផែនការ​យុទ្ធសាស្ត្រ​រយៈពេល ​៥​ ឆ្នាំ​នេះ ក៏​នឹង​ធានា​ការ​អនុវត្ត​លក្ខខណ្ឌ​ស្តង់ដា​ការងារ សិទ្ធិ​សេរីភាព​នៃ​ការ​ប្រមូលផ្តុំ សិទ្ធិ​របស់​កម្មករនិយោជិត និង​ធានា​សុខមាលភាព​របស់​កម្មករនិយោជិត និង​ទេ​សន្តរ​ប្រវេ​សករ រួម​ទាំង​ការ​ផ្តល់​ទស្សនវិស័យ​សេដ្ឋកិច្ច​ទីផ្សារ​ការងារ​ផង​ដែរ​ ។

មួយវិញទៀត ការ​បង្កើត​ទារកដ្ឋាន​នៅ​តាម​តំបន់​រោងចក្រ និង​ការ​បង្កើត​ឱ្យ​មានការ​ប្រកួតប្រជែង​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​ក៏​សុទ្ធសឹងតែ​ជា​អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ដើម្បី​លើកកម្ពស់​ទំនួល​ខុស​ត្រូវ​សង្គម​ ។ លើស​ពី​នេះ ការ​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ជូន​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ចំនួន ​១.៥​ លាន​នាក់​ជាមួយនឹង​ប្រាក់​ឧ​ប​ត្ថ​ម និង​ការ​ផ្តល់​ឱ្យ​កម្មករនិយោជិត​មានឱកាស​សិក្សា​ដើម្បី​បង្កើន​សមត្ថភាព និង​សិក្សា​ជំនាញ​ថ្មី​ក៏​ជា​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​គិតគូ​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ដដែល ​។

យ៉ាងណា​ក៏​ដោយ​មុន​នឹង​បញ្ចប់​សុន្ទរកថា ឯកឧត្តម​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចសហការ​ជាមួយ​ដៃគូ​សន្ទនា​សង្គម និង​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO)​ ដើម្បី​ពង្រឹង​យន្តការ​ត្រីភាគី កិច្ច​សន្ទនា​សង្គម ដើម្បី​ធានា​បាន​នូវ​ការ​រួម​គ្នា​ធ្វើ​ឲ្យ​កិច្ចសន្យា​សង្គម​កាន់តែ​ប្រសើរ​ឡើង ​៕ អត្ថបទសហការ