ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ​និង​សមាគម​ ក្នុង​វិស័យ​ឧស្សាហកម្ម​គ្រឿង​ស្រវឹង រួម​គ្នា​ព​ន្លឿ​ន​ការ​អនុវត្ត​ក្រមប្រតិបត្តិ​ផ្សាយពាណិជ្ជកម្ម​ស្រា ​ប្រកបដោយទំនួល​ខុស​ត្រូវ

4 ខែ មុន

ការ​ដាក់​ចេញ​ឱ្យ​អនុវត្ត​ក្រម​ប្រតិបត្តិ​ធ្វើ​ទីផ្សារ និង​ផ្សាយពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង​ដោយ​ទំនួល​ខុស​ត្រូវ រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ​១១ ខែមិថុនា ឆ្នាំ ​២០២៤ ក្រុមហ៊ុន…

ការ​ដាក់​ចេញ​ឱ្យ​អនុវត្ត​ក្រម​ប្រតិបត្តិ​ធ្វើ​ទីផ្សារ និង​ផ្សាយពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង​ដោយ​ទំនួល​ខុស​ត្រូវ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ​១១ ខែមិថុនា ឆ្នាំ ​២០២៤ ក្រុមហ៊ុន ​និង​សមាគម​ក្នុងស្រុក​បាន​សហការ​ចងសម្ព័ន្ធ​គ្នា រួម​មាន​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា (HEINEKEN Cambodia) ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ (Carlsberg Cambodia) សមាគម​អ្នក​នាំ​ចូល និង​ចែកចាយ​ស្រា​បៀរ និង​ស្រា (WSBIDA) និង​សម្ព័ន្ធ​ស្រា​ចម្រុះ​អន្ដរជាតិ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក (APISWA) ប្ដេជ្ញា​អនុវត្ត​ក្រម​ប្រតិបត្តិ​ស្តី​ពី​ការ​ធ្វើ​ទីផ្សារ​គ្រឿង​ស្រវឹង និង​ការ​ប្រាស្រ័យ​ទាក់ទង​ពាណិជ្ជកម្ម​ដោយ​ការ​ទទួលខុសត្រូវ ដែល​មានការ​សហការ និង​ចូលរួម​ពី​ដៃគូ​ភាគី​ពាក់ព័ន្ធ​សំខាន់​ៗ បណ្ដា​ក្រុមហ៊ុន​ដៃគូ​នៅ​ក្នុង​ឧស្សាហកម្ម​រួម​គ្នា អាជ្ញាធរ​និយតកម្ម និង​មន្ត្រី​ជំនាញ​រដ្ឋាភិបាល ក្នុង​ការ​ចាប់ផ្ដើម​ដាក់​ចេញ​ជា​ផ្លូវការ​នូវ​ក្រម​ប្រតិបត្តិការ​ធ្វើ​ទីផ្សារ និង​និង​ការ​ប្រាស្រ័យ​ទាក់ទង​ពាណិជ្ជកម្ម​ ដោយ​ការ​ទទួលខុសត្រូវ​លើ​ផលិតផល​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​នេះ​ ។

ក្រម​ប្រតិបត្តិ​នេះ​បាន​កំណត់​គោលការណ៍​ណែនាំ​យ៉ាង​លម្អិត​អំពី​ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ប្រកបដោយ​ក្រមសីលធម៌ និង​ទំនួល​ខុស​ត្រូវ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​គ្រឿង​ស្រវឹង ​។ ក្រម​ប្រតិបត្តិ​នេះ​ទទួល​បានការ​គាំទ្រ​ពី​បណ្តា​ក្រុមហ៊ុន​ហត្ថលេខី​ជា​ច្រើន ​ដែល​ស្ថិត​ក្នុង​សង្វា​ក់​ផលិតកម្ម​ជាមួយ​គ្នា មាន​ទាំង​ក្រុមហ៊ុន​ផលិត​ក្នុងស្រុក និង​អន្តរជាតិ ក្រុមហ៊ុន​ចែកចាយ និង​ក្រុមហ៊ុន​លក់រាយ​ផង​ដែរ បាន​ស្ម័គ្រចិត្ដ និង​ប្តេជ្ញា​ខ្ពស់​ចំពោះ​ការ​ធ្វើ​ទីផ្សារ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ ។

ក្រម​ប្រតិបត្តិ​នេះ គឺជា​ការ​បោះ​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​រឹត​បន្តឹង​ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ដែល​អាច​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ដៃគូ​ទាំងអស់​ធ្វើ​អាជីវកម្ម​ដោយ​ប្រកាន់ខ្ជាប់​នូវ​ការ​អនុវត្ត​គោលការណ៍​ទីផ្សារ​តាម​ស្តង់ដារ​អន្តរជាតិ​ ។ ការ​ដាក់​ឱ្យ​អនុវត្ដ​ក្រម​ប្រតិបត្តិ​នេះ គឺជា​ជំរុញ និង​លើកកម្ពស់​ស្តង់ដារ​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​ស្រប​តាម​ការ​អំពាវនាវ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​ផ្ទាល់ ដែល​ចង់ឱ្យ​មានការ​ផ្ដួចផ្ដើម​បង្កើត​ច្បាប់​កំណត់​អាយុ​អ្នក​ប្រើប្រាស់​ដែល​អាច​ពិសា​គ្រឿង​ស្រវឹង​បាន​នៅ​កម្ពុជា គឺ​ចាប់ពី​អាយុ ១៨ ឆ្នាំ​ឡើង​ទៅ ​។

បទ​ប្បញ្ញត្តិ​សំខាន់​ៗ​នៃ​ក្រម​ប្រតិបត្តិ​រួម​មាន​ ៖
•​ ​ត្រូវ​ធានា​នូវ​រាល់​សកម្មភាព​ទីផ្សារ និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម មិន​ត្រូវ​លើកទឹកចិត្ត ឬ​អូស​ទាញ​អ្នក​ប្រើប្រាស់​ឱ្យ​ពិសា​លើស​កម្រិត ឬ​ការ​ពិសា​ដោយ​ខ្វះ​ការ​ទទួលខុសត្រូវ​ ។
•​ ​ផ្ដល់​អាទិភាព​ជា​ចម្បង​ដល់​ទំនួល​ខុស​ត្រូវ​សង្គម តាម​រយៈ​ការ​លុប​បំបាត់​ការ​ផ្សាយពាណិជ្ជកម្ម​មិន​ត្រឹមត្រូវ​ ។
•​ ​អនុវត្ត​គោលការណ៍​ណែនាំ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​អ្នក​ប្រើប្រាស់​ដែល​មាន​អាយុ​ក្រោម ១៨ ឆ្នាំ​ពី​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​ទីផ្សារ​គ្រឿង​ស្រវឹង ដូច​ជា​ការ​ពង្រឹង​យន្តការ​ផ្ទៀងផ្ទាត់​អាយុ និង​ការ​កំណត់​ស្តង់ដារ​សម្រាប់​បុគ្គល​របស់​សាធារណៈជន​លើ​បណ្ដាញ​ផ្សព្វផ្សាយ ដើម្បី​ធានា​ថា​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ដោយ​កំណត់​គោលដៅ​សម្រាប់​ទស្សនិកជន​ដែល​ពេញវ័យ​តែ​ប៉ុណ្ណោះ​។
•​ ​ជំរុញ​និង​លើកកម្ពស់​ស្តង់ដារ​នៃ​ការ​ផ្សាយពាណិជ្ជកម្ម​ប្រកបដោយ​ទំនួល​ខុស​ត្រូវ និង​ជួយ​ជំរុញ​គាំទ្រ​ដល់​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព​ក្នុង​វិស័យ​ឧស្សាហកម្ម​គ្រឿង​ស្រវឹង នៅ​គ្រប់​បណ្តាញ​ទំនាក់ទំនង​នានា រួម​ទាំង​ការ​ធ្វើ​ទីផ្សារ​ឌី​ជី​ថ​ល​ផង​ដែរ ​។

កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ខ្ពស់​របស់​ក្រុមហ៊ុន​និង​សមាគម​ដែល​បាន​សហការ​ចងសម្ព័ន្ធ​គ្នា ដើម្បី​ឆ្ពោះទៅ​រក​ការ​ធ្វើ​ទីផ្សារ និង​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ប្រកបដោយ​ការ​ទទួលខុសត្រូវ ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព និង​នវានុវត្តន៍​នៅ​ក្នុង​ឧស្សាហកម្ម​មួយ​នេះ ​។ ក្រម​ប្រតិបត្តិ​នេះ ក៏​បាន​ផ្តោត​សំខាន់​ទៅ​លើ​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ និង​ទំនួល​ខុស​ត្រូវ​សង្គម ក្នុង​គោលបំណង​បង្កើន​កេរ្តិ៍ឈ្មោះ​ល្អ​ក្នុង​វិស័យ​ឧស្សាហកម្ម​គ្រឿង​ស្រវឹង និង​លើកកម្ពស់​ការ​យល់​ដឹង​របស់​អ្នក​ប្រើប្រាស់ ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​នេះ និង​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​ ។

ដោយ​ឈរ​លើ​គោល​ជំហរ​រួម​គ្នា ក្រុម​អ្នកតំណាង​សម្ព័ន្ធ​ក្រុមហ៊ុន​និង​សមាគម បាន​លើក​ឡើង​ដោយ​សង្កត់ធ្ងន់​លើ​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ធ្វើ​ទីផ្សារ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់ ​។ ក្រុម​អ្នកតំណាង​សម្ព័ន្ធ​បាន​លើក​ឡើង​ថា “​ការ​សហការ​ជា​សម្ព័ន្ធ​ដើម្បី​ធ្វើការ​រួម​គ្នា​នេះ មិនមែន​គ្រាន់តែ​ជា​កាតព្វកិច្ច​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ករណីយកិច្ច​ខាង​សីលធម៌​របស់​យើង ក្នុង​ការ​ធ្វើ​ទីផ្សារ​ផលិតផល​របស់​យើង​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ ។ ការ​ប្តេជ្ញា​នេះ​បាន​សរ​បញ្ជាក់​នៅ​ក្នុង​ក្រម​ប្រតិបត្តិ ដែល​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​រឹត​បន្តឹង​ការ​ធ្វើ​ទីផ្សារ​យ៉ាងណា​ដែល​មិន​ប៉ះពាល់​ដល់​អ​និ​តិ​ជន ក៏​ដូច​ជា​ការ​អប់រំ​អតិថិជន និង​ដៃគូ​អាជីវកម្ម អំពី​ការ​ពិសា​គ្រឿង​ស្រវឹងប្រកប ដោយ​ការ​ទទួលខុសត្រូវ និង​ការ​ផ្តល់​ព័ត៌មាន​យ៉ាង​ជាក់ច្បាស់​អំពី​គ្រឿង​ស្រវឹង​”​ ។ ក្រុម​អ្នកតំណាង​សម្ព័ន្ធ​ក្រុមហ៊ុន​និង​ស្ថាប័ន ក៏​បាន​បង្ហាញ​ពី​ក្ដី​សង្ឃឹម​ផង​ដែរ​ថា ក្រុមហ៊ុន​ដៃគូ​ក្នុង​ឧស្សាហកម្ម​នេះ​ទាំងអស់​នឹង​អនុវត្ដ​ក្រម​ប្រតិបត្តិ​នេះ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ​។ គំនិត​ផ្តួចផ្តើម​នៃ​ក្រម​ប្រតិបត្តិ​នេះ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ដែល​អាច​បង្កើត​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​នៅ​ក្នុង​សង្គម ​។

គួរ​រំឭក​ថា កាលពី​ខែមេសា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ក្រុមការងារ​គ្រប់គ្រង ការ​ផ្សាយពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង ដើម្បី​លើកកម្ពស់​សុខុមាលភាព​អ្នក​ប្រើប្រាស់ និង​ស្តង់ដា​រឧស្សាហកម្ម ​។ ក្រុមការងារ​ជំនាញ​នេះ​បាន​នឹង​កំពុង​ផ្តោត​លើ​ការ​បង្កើត​ច្បាប់ និង​វិធាន​ការណ៍​នានា ដើម្បី​លើកកម្ពស់​ដល់​ការ​ធ្វើ​ទីផ្សារ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ប្រកបដោយ​ទំនួល​ខុស​ត្រូវ និង​ធានា​ឱ្យ​មានការ​ប្រកួតប្រជែង​ទីផ្សារ​យុត្តិធម៌​ ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មាន​ប្រសាសន៍​ថា​៖ “​ពិធី​ចុះហត្ថលេខា​លើ​ក្រម​ប្រតិបត្តិ​ធ្វើ​ទីផ្សារ និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដោយ​ទំនួល​ខុស​ត្រូវ​លើ​ផលិតផល​គ្រឿង​ស្រវឹង​នៅ​ថ្ងៃនេះ បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ពី​ភាគី​ពាក់ព័ន្ធ​សំខាន់​ៗ​ក្នុង​ការ​ធានា​សន្តិសុខ​សង្គម សណ្តាប់ធ្នាប់​សាធារណៈ និង​ភាព​សុខដុមរមនា​ក្នុង​សង្គម​កម្ពុជា​”​ ។

សហព័ន្ធ​អ្នក​ផ្សាយពាណិជ្ជកម្ម​ពិភពលោក (WFA) បាន​កោតសរសើរ​ដល់​ប្រទេស​កម្ពុជា​សម្រាប់​ការ​ដាក់​ឱ្យ​ដំណើរការ​នូវ​ក្រម​ប្រតិបត្តិ​ធ្វើ​ទីផ្សារ និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដោយ​ទំនួល​ខុស​ត្រូវ​លើ​ផលិតផល​គ្រឿង​ស្រវឹង​ ។ សហព័ន្ធ​នេះ​បាន​មើលឃើញ​ថា ក្រម​ប្រតិបត្តិ​ធ្វើ​ទីផ្សារ​នេះ គឺជា​គំរូ​វិជ្ជមាន​ដ៏​ល្អ​មួយ ​។

លោក Stephan Loerke នាយក​ប្រតិបត្តិ​នៃ​សហព័ន្ធ​អ្នក​ផ្សាយពាណិជ្ជកម្ម​ពិភពលោក បាន​លើក​ឡើង​ថា “​ក្រម​ប្រតិបត្តិ​ធ្វើ​ទីផ្សារ និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​នេះ គឺជា​ជំហាន​ដ៏​សំខាន់​មួយ ក្នុង​ការ​ឆ្ពោះទៅ​រក​បទ​ប្បញ្ញត្តិ​ស្ដី​ពី​ការ​ធ្វើ​ទីផ្សារ​គ្រឿង​ស្រវឹង ប្រកបដោយ​ប្រសិទ្ធភាព ដែល​បាន​មក​ពី​ការ​ប្តេជ្ញា​ចិត្ត​សហការ​គ្នា​លើកកម្ពស់​ការ​ផ្សាយពាណិជ្ជកម្ម​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​។ យើង​សូម​អបអរសាទរ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ហើយ​យើង​ក៏​រីករាយ​ក្នុង​ការ​ផ្តល់​ការ​ណែនាំ​បន្ថែម​លើ​ការ​អនុវត្ត​ក្រម​ប្រតិបត្តិ​នេះ ក៏​ដូច​ជា​ការ​ត្រួតពិនិត្យ និង​វាយតម្លៃ​ផល​ប៉ះពាល់​នៃ​ការ​អនុវត្ត​”​ ។

លោក Julian Braithwaite ប្រធាន​សម្ព័ន្ធ​អន្តរជាតិ​សម្រាប់​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ប្រកបដោយ​ការ​ទទួលខុសត្រូវ (IARD) បាន​ថ្លែង​ថា “​យើង​រីករាយ​ណាស់​ដែល​បានឃើញ​គំនិត​ផ្តួចផ្តើម​ដាក់​ចេញ​នូវ​ក្រម​ប្រតិបត្តិ​ធ្វើ​ទីផ្សារ និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដោយ​ទំនួល​ខុស​ត្រូវ​លើ​ផលិតផល​គ្រឿង​ស្រវឹង​នៅ​កម្ពុជា ដែល​ស្រប​តាម​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាស​កល​ក្នុង​ការ​កាត់​បន្ថយ​ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ទៅ​ដល់​អនីតិជន ​។ យើង​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ​និង​ស្ថាប័ន​ទាំងអស់ ដើម្បី​កាត់​បន្ថយ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ដែល​បង្ក​គ្រោះថ្នាក់ ហើយ​សង្ឃឹមថា នឹង​មាន​ក្រុមហ៊ុន​ហត្ថលេខី​កាន់តែ​ច្រើន​ចូលរួម​បន្ថែម​ទៀត​”​ ។

នៅ​ថ្ងៃ​ខាង​មុខ សម្ព័ន្ធ​ក្រុមហ៊ុន ​និង​ស្ថាប័ន​ទាំងអស់ មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​ទាំងនេះ តាម​រយៈ​ការពិគ្រោះ​យោបល់​ជាមួយ​អ្នក​ពាក់ព័ន្ធ និង​ចាប់ផ្ដើម​បង្កើត​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ជា​សាធារណៈ​ ។ ដោយ​មើលឃើញ​ថា ឧស្សាហកម្ម​គ្រឿង​ស្រវឹង​កំពុង​ផ្តោត​លើ​ទំនួល​ខុស​ត្រូវ​សង្គម​ច្រើន សម្ព័ន្ធ​ក្រុមហ៊ុន ​និង​ស្ថាប័ន សង្ឃឹមថា នឹង​មាន​សមាជិក​ដែល​ជា​ក្រុមហ៊ុន​ក្នុង​ឧស្សាហកម្ម​គ្រឿង​ស្រវឹង​កាន់តែ​ច្រើន និង​ដៃគូ​ធ្វើ​ទីផ្សារ​របស់​ពួក​គេ ចូលរួម​អនុវត្ត​ក្រម​ប្រតិបត្តិ​នេះ​ទាំងអស់​គ្នា​ ។

អំពី​សម្ព័ន្ធ​សម្រាប់​ការ​អនុវត្ត​ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ប្រកបដោយ​ទំនួល​ខុស​ត្រូវ
សម្ព័ន្ធ​សម្រាប់​ការ​អនុវត្ត​ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ប្រកបដោយ​ទំនួល​ខុស​ត្រូវ លើកកម្ពស់​ការ​ផ្សាយពាណិជ្ជកម្ម និង​ការ​ធ្វើ​ទីផ្សារ​ផលិតផល​គ្រឿង​ស្រវឹង​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​នៅ​កម្ពុជា ​។ សមាជិក​របស់​យើង រួម​មាន​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា (HEINEKEN Cambodia) ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ (Cambrew) សមាគម​អ្នក​នាំ​ចូល និង​ចែកចាយ​ស្រា​បៀរ និង​ស្រា (WSBIDA) ដែល​មាន​សមាជិក ៩ ក្រុមហ៊ុន និង​សហ​សម្ព័ន្ធ ២ និង​សម្ព័ន្ធ​ស្រា​ចម្រុះ​អន្ដរជាតិ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក (APISWA) ដែល​តំណាង​ឱ្យ​ផលិតផល​ស្រា​ចម្រុះ​ទាំង ១១ ម៉ាក​យីហោ​នៅ​ទូ​ទាំង​ពិភពលោក ​។ ភាគី​ទាំងអស់​ប្តេជ្ញា​បង្កើត​ឱ្យ​មាន​ទីផ្សារ​ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​ការ​ប្រកួតប្រជែង​ដោយ​យុត្តិធម៌ ​។ យើង​សហការ​គ្នា ការពារ​អ្នក​ប្រើប្រាស់ ជា​ពិសេស​អ្នក​ដែល​មាន​អាយុ​ក្រោម ១៨ ឆ្នាំ ហើយ​ធានា​ថា​រាល់​ការ​ធ្វើ​ទីផ្សារ​ទាំងអស់ ត្រឹមត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ​។ យើង​សូម​ស្វាគមន៍​ក្រុមហ៊ុន​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​ស្រា​ផ្សេង​ទៀត​នៅ​កម្ពុជា ដើម្បី​ចូលរួម​ជំរុញ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​គាំទ្រ​ដល់​ក្រម​ប្រតិបត្តិ​ដ៏​សំខាន់​នេះ ​៕ អត្ថបទសហការ