ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វគ្គ​ ១.៥​ លាន​នាក់ ​៖ គ្រឹះស្ថា​ន​បណ្តុះបណ្តាលបច្ចេកទេស​ចំនួន​ ១១ បន្ថែម​ទៀត​នៅ​ទូ​ទាំង​ប្រទេស​របស់​ក្រសួង​ការងារ បាន​ធ្វើតេស្ត​បញ្ជាក់​សមត្ថភាព​សិក្ខាកាម​កម្រិត​សញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ​ ១ (C1)

3 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖ គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​ទូ​ទាំង​ប្រទេស​ចំនួន​ ១១​ ទៀត​របស់​សួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ​២០ ខែឧសភា ឆ្នាំ…

រាជធានីភ្នំពេញ​ ៖ គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​ទូ​ទាំង​ប្រទេស​ចំនួន​ ១១​ ទៀត​របស់​សួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ​២០ ខែឧសភា ឆ្នាំ ២០២៤​ នេះ បាន​ធ្វើតេស្ត​បញ្ជាក់​សមត្ថភាព​សិក្ខាកាម​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ​១ (C1) បន្ទាប់​ពី​បើក​បវេសនកាល​នៅ​ថ្ងៃ​ទី ​១៥ ខែមករា ឆ្នាំ​ ២០២៤​ ។ ការ​ធ្វើតេស្ត​បញ្ជាក់​សមត្ថភាព​នេះ គឺ​ដើម្បី​វាយតម្លៃ​បញ្ជាក់​សមត្ថភាព​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១,៥​ លាន​នាក់ ដែល​ជា​កម្មវិធី​ថ្នាក់​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​មុន​ឈាន​ជើង​ចូល​ទីផ្សារ​ ។ គ្រឹះស្ថាន​ទាំង​ ១១​ នោះ​រួម​មាន​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និង​នវានុវត្តន៍ វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះ​កុសុមៈ វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវៈ​បាត់ដំបង​ជាដើម​ដែល​បាន​បណ្តុះបណ្តាល​សិក្ខាកាម​លើ​វេន​សិក្សា​ថ្ងៃ​ចន្ទ​-​សុក្រ​ពេញ​មួយ​ថ្ងៃ ​។

ឯកឧត្តម តាន់ កុសល នាយក​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និង​នវានុវត្តន៍ បាន​គូសបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២០ ខែឧសភា វិទ្យាស្ថាន បាន​ប្រឡង​បញ្ជាក់​សមត្ថភាព​ដល់​សិក្ខាកាម​សរុប​ ១៩២ ​នាក់ ​លើ​ជំនាញ​៧​មុខ​ដូច​ជា ជំនាញ​ធុរៈកិច្ច​,​ភេសជ្ជៈ​,​ម្ហូបអាហារ​,​ការ​ផលិត​នំ​,​អគ្គិសនី​,​ម៉ាស៊ីនត្រជាក់ និង​សម្អាង​កាយ ​។

ឯកឧត្តម​បញ្ជាក់​បន្ថែម​ថា​ ៖ «​ក្រោយ​ពី​បណ្ដុះបណ្ដាល​រយៈពេល ៤ ​ខែ​មកនេះ ខ្ញុំ​ឃើញ​សមត្ថភាព​របស់​ពួក​គាត់​ពិតជា​មាន សមត្ថភាព​អាច​ធ្វើ​បាន ជា​ពិសេស​នៅ​ពេល​ដែល​បញ្ចប់​ពួក​គាត់​អាច​ទៅ​បើក​អាជីវកម្ម​ខ្នាត​តូច​សម្រាប់​ខ្លួនឯង​ផ្ទាល់ និង​មួយ​ចំនួន​ទៀត​អាច​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន ឬ​រោងចក្រ សហគ្រាស​នានា​»​ ។ បើ​តាម​ឯកឧត្តម តាន់ កុសល បច្ចុប្បន្ន​មិន​ថា​ធ្វើការ​នៅ​តាម​ក្រុមហ៊ុន និង​សហគ្រាស​នានា ឬ​បើក​អាជីវកម្ម​ខ្លួនឯង​ក៏​ដោយ គឺ​សុទ្ធតែ​ត្រូវការ​ជំនាញ​ ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​ក៏​បាន​អំពាវនាវ​ដល់​យុវជន​ដែល​មិន​ទាន់​មាន​ជំនាញ​ទាំងអស់បន្ត​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​ទូ​ទាំង​ប្រទេស​ដោយ​ឥត​គិតថ្លៃ និង​ទទួល​បាន​ប្រាក់​ឧ​ប​ត្ថ​ម​ចំនួន​២៨​ម៉ឺន​រៀល​ប្រ​សិន​មាន​បណ្ណ​សមធម៌​ដើម្បី​មាន​ជំនាញ​មួយ​ពិតប្រាកដ និង​មាន​ប្រាក់​ចំណូល​សមរម្យ​ដើម្បី​ខ្លួនឯង​និង​សង្គម​ជាតិ ​។

សូម​បញ្ជាក់​ថា គ្រឹះស្ថាន​ចំនួន​ ៣៥​ ក្នុង​ចំណោម​៣៧​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​បាន​បណ្តុះបណ្តាល​វេន​សិក្សា​ថ្ងៃ​ចន្ទ​-​សុក្រ​ពេញ​មួយ​ថ្ងៃ បាន​ធ្វើតេស្ត​បញ្ជាក់​សមត្ថភាព​សិក្ខាកាម​ប្រមាណ​ជិត ​៤​ ពាន់​នាក់​ដោយ​បែងចែក​ជា​៣​លើក ​។ នៅ​ថ្ងៃ​ទី ​២០ ខែឧសភា​នេះ គឺជា​ការ​ធ្វើតេស្ត​លើក​ទី ​២​ បន្ទាប់​ពី​វិទ្យាស្ថាន​ចំនួន​ ១៤ ​បាន​ធ្វើតេស្ត​លើក​ទី ​១ ​កាលពី​ថ្ងៃ​ទី​ ១៥ ខែឧសភា​កន្លង​ទៅ ហើយ​ខណៈ​ដែល​គ្រឹះស្ថាន​ចំនួន​១០​ផ្សេង​ទៀត​នឹង​ធ្វើតេស្ត​បញ្ជាក់​សមត្ថភាព​សិក្ខាកាម​នៅ​ថ្ងៃ​ទី ​២៧ ខែឧសភា ឆ្នាំ​ ២០២៤ ​ខាង​មុខ ​៕ អត្ថបទសហការ