ឯកឧត្តម ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា…
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា…
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមការងារព័ត៌មានសម្តេចធិបតីនាយករដ្ឋមន្ត្រីដឹកនាំដោយឯកឧត្តម គួច វែងស៊្រុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលទទួលហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) បានទទួលប្រភពទឹកមកពីតាមបណ្តាអូរ និងស្ទឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានសក្តានុពលគ្របដណ្តប់លើឃុំសង្កាត់ចំនួន ១១ នៃក្រុង-ស្រុកចំនួន ៤ ក្នុងខេត្តបន្ទាយមានជ័យ គឺ ក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ។ ការងារសំខាន់ៗ របស់គម្រោងរួមមាន ៖ ១) ស្តារប្រព័ន្ធធារាសាស្ត្រប្រឡាយមេចំនួន ៦ ខ្សែ សរុប ៩២,៦៥ គីឡូម៉ែត្រ ២) សាងសង់ទំនប់អាងទឹក ៣ កន្លែង (អាងទឹកវាំងហែង អាងទឹកពង្រ និងអាងទឹកកន្សែង) សរុបប្រវែង ២០,៣៦ គីឡូម៉ែត្រ និងស្តារអាងទឹកទាំង ៣ ដែលអាចស្តុកទឹកបានប្រមាណ ២២,៨ លានម៉ែត្រត្រីគុណ និង ៣) សាងសង់សំណង់សិល្បការ្យសរុបចំនួន ២០៨ កន្លែង ។ បើគិតមកដល់ខែមិថុនា ឆ្នាំ ២០២៤ នេះ វឌ្ឍនភាពគម្រោងសម្រេចបាន ៤៦,៩៧% ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពជាក់ស្តែងតាមទីតាំងសំខាន់ៗ របស់គម្រោង ១) អាងទឹកវាំងហែងដែលមានផ្ទៃអាងទំហំ ១៥៧,៧ គីឡូម៉ែត្រការ៉េ ទំនប់អាងទឹកប្រវែង ៦,២៣ គីឡូម៉ែត្រ មានលទ្ធភាពស្ដុកទឹកអតិបរមា ៤ លានម៉ែត្រតី្រគុណ និង ២) អាងទឹកកន្សែងដែលមានផ្ទៃអាងទំហំ ៧៦០,៥ គីឡូម៉ែត្រការ៉េ ទំនប់អាងទឹកប្រវែង ៧,១២ គីឡូម៉ែត្រ និងមានលទ្ធភាពស្ដុកទឹកអតិបរមា ១៥,៣ លានម៉ែត្រត្រីគុណ ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ គឺដើម្បីបង្កើនផលិតភាពកសិកម្ម ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងបង្កើនប្រសិទ្ធភាពនៃប្រភពធនធានទឹក ធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលវិស័យកសិកម្ម ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងបម្រើឱ្យអន្តរវិស័យ ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា គម្រោងនេះក៏ជួយកាត់បន្ថយនូវហានិភ័យបណ្តាលមកពីគ្រោះទឹកជំនន់ភ្លាមៗនៅក្នុងតំបន់ ជាពិសេសទឹកជំនន់ឆ្លងដែនពីប្រទេសថៃ និងគ្រោះរាំងស្ងួត ដែលជាផ្នែកមួយជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ នៃរាជរដ្ឋាភិបាលនីតិកាលទី ៧ ក្រោមការដឹកនាំប្រកបដោយភាពមោះមុត ស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ ត្រូវប្រើរយៈពេលសាងសង់ចំនួន ៥៤ ខែ ដោយចាប់ផ្ដើមការសាងសង់ក្នុងខែធ្នូ ឆ្នាំ ២០២១ និងគ្រោងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខ ។ គម្រោងនេះមានលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលសរុបប្រមាណជិត ២០ ០០០ ហិកតា និងមានប្រជាពលរដ្ឋទទួលផលចំនួន ៤២ ២១៣ គ្រួសារ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ