ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ខួបអនុស្សាវរីយ៍លើកទី ៥៧ នៃទំនាក់ទំនងការទូត កម្ពុជា-វៀតណាម ៖ ភាពចាស់ទុំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

3 ខែ មុន

ប្រទេស​កម្ពុជា​ និង​វៀតណាម គឺជា​ប្រទេស​ជិតខាង​ភូមិ​ផង​របង​ជាមួយ​គ្នា មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិត​នៅ​ក្នុង​ឧបទ្វីប​ឥណ្ឌូចិន ស្ថិត​នៅ​ក្នុង​តំបន់​ទន្លេមេគង្គ​ផ្នែក​ខាងក្រោម​ជាមួយ​គ្នា និង​ផឹកទឹក​ទ្លេ​មេគង្គ ជាមួយ​គ្នា​។ អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ ប្រទេស​ទាំង​ពីរ​ស្ថិត​នៅ​ចំ​ទីតាំង​ដែល​មាន​ភូមិសាស្ត្រ​នយោបាយ​សំខាន់​បំផុត គឺ​នៅ​ចំ​ចំណុចកណ្តាល​នៃ​កា​រត​ភ្ជាប់​រវាង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក…

ប្រទេស​កម្ពុជា​ និង​វៀតណាម គឺជា​ប្រទេស​ជិតខាង​ភូមិ​ផង​របង​ជាមួយ​គ្នា មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិត​នៅ​ក្នុង​ឧបទ្វីប​ឥណ្ឌូចិន ស្ថិត​នៅ​ក្នុង​តំបន់​ទន្លេមេគង្គ​ផ្នែក​ខាងក្រោម​ជាមួយ​គ្នា និង​ផឹកទឹក​ទ្លេ​មេគង្គ ជាមួយ​គ្នា​។ អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ ប្រទេស​ទាំង​ពីរ​ស្ថិត​នៅ​ចំ​ទីតាំង​ដែល​មាន​ភូមិសាស្ត្រ​នយោបាយ​សំខាន់​បំផុត គឺ​នៅ​ចំ​ចំណុចកណ្តាល​នៃ​កា​រត​ភ្ជាប់​រវាង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក និង​មហាសមុទ្រ​ឥណ្ឌា ​។ ប្រទេស​ទាំង​ពីរ​តែងតែមាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិត​ស្និទ្ធ តែងតែ​ចែករំលែក​និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ទាំង​នៅ​ក្នុង​វេទិកា​តំបន់ ​និង​អន្តរជាតិ ក៏​ដូច​ជា​ក្នុង​បុព្វហេតុ​រំដោះជាតិ និង​ការ​បង្រួបបង្រួម​ជាតិ ក៏​ដូច​ជា​ក្នុង​កិច្ចការ​កសាង ​និង​ការពារ​ប្រទេស​ជាតិ​រហូត​មក​ទល់​សព្វថ្ងៃ​ ។

សូម​រំលឹក​ថា ចាប់តាំងពី​បក្សកុម្មុយនិស្តឥណ្ឌូចិន បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៣០ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ប្រទេស​ទាំង​ពីរ កម្ពុជា​-​វៀតណាម បាន​រួម​គ្នា​ឆ្លងកាត់​សម័យកាល​ប្រវត្តិសាស្ត្រ​សំខាន់​ៗ ជា​ច្រើន​រាប់​មិន​អស់ ​។ ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​តែងតែ​រួបរួម គាំទ្រ​គ្នា​ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​តស៊ូ​ទាមទារ​ឯករាជ្យ​ជាតិ ​និង​ការ​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​អាណានិគមនិយម​បារាំង​ និង​ចក្រពត្តិ​អាម៉េរិក​ ។ ជា​ពិសេស​បំផុត​នោះ​គឺ កម្ពុជា​បាន​ជួយ​ជ្រោមជ្រែង​ឱ្យ​ប្រទេស​វៀតណាម បង្រួបបង្រួម​ទឹកដី​ទាំងមូល​នា​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ​១៩៧៥ ហើយ​ប្រទេសវៀតណាម បាន​គាំទ្រ​និង​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​នា​ថ្ងៃ​ទី ៧ ខែមក​រា ឆ្នាំ ១៩៧៩ ឱ្យ​ប្រទេស​ជាតិ​ និង​ប្រជាជន​កម្ពុជា បាន​រួច​ចាក​ផុត​ពី​វាល​ពិឃាត ​។

ថ្ងៃ​ទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ គឺជា​ខួប​លើក​ទី ៥៧ នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ផ្លូវការ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​ និង​វៀតណាម ​។ ក្នុង​អំឡុង ៥៧ ឆ្នាំ​នេះ បើ​ទោះបីជា​ទំនាក់ទំនង​នេះ មាន​ភាពរ​ប៉ាក់រ​ប៉ើ​កមួយ​ចំនួន​ដែល​បាន​កើត​មាន​ឡើង​ក្នុង​ដំណាក់កាល​ប្រវត្តិសាស្ត្រ​ក៏​ដោយ ក៏​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ​មាន​ភាព​រីក​ចម្រើន​ជា​បន្តបន្ទាប់​ឥត​ឈប់​ឈរ បាន​ឆ្លងកាត់​ការ​សាកល្បង​ដោយ​ជោគជ័យ បាន​ហាត់ពត់លត់ដំ​ និង​បាន​ឈាន​ទៅ​ដល់​ការ​រីក​ចម្រើន​កាន់តែ​ស៊ីជម្រៅ មាន​ប្រសិទ្ធភាព​ជា​លំដាប់​លើ​គ្រប់​វិស័យ ​និង​បាន​ក្លាយជា​ទ្រព្យសម្បត្តិ​រួម​ដែល​មិន​អាច​កាត់ថ្លៃ​បាន​របស់​ប្រជាជាតិ នៃ​ប្រទេស​ទាំង​ពីរ​ ។

ទំនាក់ទំនង​នេះ​បាន​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ស្វាហាប់ និង​ប្រកប​ទៅ​ដោយ​វឌ្ឍនភាព ជាមួយនឹង​ចំណុច​លេចធ្លោ​ជា​ច្រើន តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ គណៈប្រតិភូ​គ្រប់​កម្រិត​រវាង​ប្រទេស​ទាំង​ពីរ រវាង​ប្រជាជន​ និង​ប្រជាជន រវាង​យុវជន​និង​យុវជន​ដែល​ជា​ការ​ពង្រឹង ​និង​ពង្រីក​ដោយ​ឥត​ឈប់​ឈរ​នូវ​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព​ជា​ប្រពៃណី​ដ៏​ល្អ​ប្រពៃ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​វៀតណាម ដោយ​ឈរ​លើ​ស្មារតី “​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​និង​ស្ថិរភាព​យូរអង្វែង​” ​។ ជាក់ស្តែង ក្នុង​ដំណើរ​ទស្សនកិច្ច​របស់ប្រមុខ​ដឹកនាំ​កម្ពុជា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ទៅ​កាន់​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ខែធ្នូ ឆ្នាំ ២០២៣ កន្លង​ទៅ ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ពី​ការ​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនងជា​ប្រពៃណី​ដ៏​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ​ ។

ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​បន្ត​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ បន្ត​ពង្រឹង ​និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ជា​ច្រើន រួម​មាន ​៖ អប់រំ ពាណិជ្ជកម្ម វិនិយោគ កា​រត​ភ្ជាប់​ទេសចរ​ណ៏ វប្បធម៌ សន្តិសុខ ការពារ​ជាតិ​ និង​កិច្ចការ​ព្រំដែន​ជាដើម ដើម្បី​ផលប្រយោជន៍​រួម​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ធ្វើការ​បោះ​ជំហាន​ជា​បណ្តើរ​ៗ សំដៅ​សម្រេច​ឱ្យ​បាន​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​ ១ របស់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​ ៧ ដែល​យក​មនុស្សជា​អាទិភាព​ទី ១ និងផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជា​អាទិភាព​បន្តបន្ទាប់ សំដៅ​ជំរុញ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ចជាតិ តាម​ចក្ខុវិស័យ ឆ្នាំ ២០៥០ ដែល​ក្លាយជាប្រទេស​អភិ​ឌ្ឍ​ន៍ ហើយ​ក៏​ដើម្បី​សម្រេច​បាន​ចក្ខុវិស័យ​ឆ្នាំ ២០៤៥ ដែល​ក្លាយជា​ប្រទេស​អភិ​ឌ្ឍ​ន៍​របស់ប្រទេស​វៀតណាម​ផង​ដែរ​ ។

អំឡុង ៥៧ ឆ្នាំ​នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ និង​ជា​ពិសេស​ចាប់ពី​ក្រោយ​ប្រទេស​កម្ពុជា​បង្កើត​ព្រះរាជា​ណា​ច្រក​ទី ​២​ ឡើង​វិញ ទំនាក់ទំនង​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រ​ទស​ទាំង​ពីរ កសាង​បាន​នូវ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ ​និង​បង្កើត​បានជា​សម្ទុះ​ជំរុញ​ឱ្យ​ទំនាក់ទំនង​មិត្តភាព ជា​ប្រពៃណី​ដ៏​យូរអង្វែង រវាង​កម្ពុជា​និង​វៀតណាម ឱ្យ​ឡើង​ឈាន​ដល់​កម្រិត​កំពូល​ថ្មី​មួយ ដែល​ធានា​បាន​ស្ថិរភាព​យូរអង្វែង នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ នៃ​ប្រជាជន​ទាំង​ពីរ បើ​ទោះបីជា​ស្ថានភាព​នយោបាយ​នៅ​ក្នុង​តំបន់​និង​នៅ​លើ​ពិភពលោក​កំពុង​តែ​មានកា​រវិ​វត្ត​មិន​ប្រក្រតី ដោយ​កត្តា​នៃ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​មហាអំណាច ដោយ​សង្គ្រាម​នៅ​កា​ហ្សា វិបត្តិ​នៅ​មី​យ៉ា​ន់​ម៉ា ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង ឬ​សមុទ្រ​ខាងកើត ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ និង​សង្គ្រាម​រវាង​រុ​ស្ស៊ី​ និង​អ៊ុយ​គ្រែ​ន​ក៏​ដោយ​ ។

លើ​ទិដ្ឋភាព​នយោបាយ​ និង​សន្តិសុខ ​៖ ក្នុង​បរិបទ​ដែល​ប្រទេស​កម្ពុជា ប្រកាន់​យក​គោលនយោបាយ​ការ​បរទេស​ឯករាជ្យ​ដោយ​ផ្អែក​លើ​ច្បាប់ ប្រកាន់​យក​គោលការណ៍​ពហុភាគី​និយម ​និង​ការ​គោរព​ច្បាប់​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ កម្ពុជា​តែងតែ​ចាត់​ទុក​ប្រទេស​វៀតណាម ជា​អាទិភាព​មួយ​ក្នុង​ចំណោម​ប្រទេស​អាទិភាព​កំពូល​របស់​ខ្លួន​ក្នុង​គោលនយោបាយ​ការ​បរទេស ​។ ចំណែកឯ​ប្រទេសវៀតណាម ដែល​អនុវត្ត​គោលនយោបាយ​ការ​បរទេស​ឯករាជ្យ ម្ចាស់​ការ ប្រកាន់​យក​គោលការណ៍​ពហុភាគី​និយម​ និង​ការ​ធ្វើ​ពិពិធ​កម្ម​ទំនាក់ទំនង​អន្តរជាតិ វៀតណាម ក៏​តែងតែ​ចាត់​ទុក​ប្រទេស​កម្ពុជា​ជា​អាទិភាព​មួយ​ក្នុង​ចំណោម​ប្រទេស​អាទិភាព​កំពូល​ក្នុង​គោលនយោបាយ​ការ​បរទេស​របស់​វៀតណាម ​។

ដំណើរ​ទស្សនកិច្ច​ការទូត​របស់​មេដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ​តែងតែ​ធ្វើ​ឡើងជា​ប្រចាំ ​។ តាម​រយៈ​ដំណើរ​ទស្សនកិច្ច​ទាំងនេះ ភាគី​ទាំង​ពីរ​តែងតែ​ឯកភាព​គ្នា ​និង​អះអាង​ជា​ថ្មី​នូវ​គោលការណ៍​ណែនាំ ស្តី​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ដោយ​ឯកភាព​លើ​ទិស​ដៅ​លើកកម្ពស់ និង​អភិវឌ្ឍន៍​ទំនាក់ទំនង​មិត្តភាព​កិច្ច​សហប្រតិបត្តិការ​ពហុភាគី​និយម និង​បង្កើត​យន្តការ​ជាក់លាក់​មួយ ក្នុង​ការ​ចរចា​ជា​ជំហាន​ៗ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ដែល​មិន​ទាន់​បាន​ឯកភាព​គ្នា និង​បង្ក​លក្ខខណ្ឌ​អំណោយផល​ដើម្បី​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​ឈាន​ចូល​ទៅ​ដំណាក់កាល​អភិវឌ្ឍន៍​ថ្មី​ ។ប្រទេស​ទាំង​ពីរ​បន្ត​បង្កើន​ការ​ផ្លាស់​ប្តូរ ដំណើរ​ទស្សនកិច្ច​ការទូត​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ​ជា​ប្រចាំ ​។ ក្នុង​ជំនួប​កំពូល​រវាង​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​ពីរ ភាគី​ទាំង​ពីរ​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​នៃ​កិច្ច​សហប្រតិបត្តិការ​ជា​ប្រពៃណី​រវាង​បក្ស​ និង​រដ្ឋ នៃ​ប្រទេស​ទាំង​ពីរ​ ។

គួរ​កត់​សម្គាល់ថា ក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០០០ ភាគី​ទាំង​ពីរ​បាន​ចេញ​សេចក្តីថ្លែងការណ៍ កំណត់​គោលការណ៍​អាទិភាព​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ដោយ​សង្កត់ធ្ងន់​លើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​-​សន្តិសុខ សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​និង​ការ​អប់រំ​-​បណ្តុះបណ្តាល វប្បធម៌ សុខាភិបាល ពង្រីក​សកម្មភាព​ផ្លាស់​ប្តូរ​មិត្តភាព​វប្បធម៌ កីឡា​ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ក្រសួង​ស្ថាប័ន គណៈកម្មការ​នៃ​រដ្ឋសភា សហជីព អង្គការ​មហាជន និង​អាជ្ញាធរ​មូលដ្ឋាន​នៃ​ប្រទេស​ទាំង​ពីរ​។ នៅ​ឆ្នាំ ២០០៥ ប្រទេស​ទាំង​ពីរ​បន្ត​ជំរុញ ​និង​លើកកម្ពស់​ទំនាក់ទំនង​បន្ថែម​ទៀត ដោយ​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​អភិវឌ្ឍន៍ ទំនាក់ទំនង​ទ្វេភាគី​ដោយ​ផ្អែក​លើ​បាវចនា “​អ្នក​ជិតខាង​ល្អ មិត្តភាព​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ស្ថិរភាព​យូរអង្វែង​” ​។ ផ្អែក​លើ​មូលដ្ឋាន​នេះ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មានការ​អភិវឌ្ឍ​យ៉ាង​ទូលំទូលាយ​នៅ​លើ​វិស័យ​ជា​ច្រើន ចាប់ពី​នយោបាយ​-​កិច្ចការបរទេស ការពារ​ជាតិ​-​សន្តិសុខ រហូត​ដល់​សេដ្ឋកិច្ច​និង​សង្គម​-​វប្បធម៌ ហើយ​បាន​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ស្វាហាប់ និង​ស៊ីជម្រៅ​បន្តិច​ម្តង​ៗ ឆ្ពោះទៅ​រក​កិច្ចព្រមព្រៀង​យុទ្ធសាស្ត្រ​រយៈពេល​វែង​ថ្នាក់​ជាតិ​ ។

ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ គ្រប់​វិស័យ អាជ្ញាធរ​មូលដ្ឋាន​និង​ធុរកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​បាន​សម្របសម្រួល​ និង​អនុវត្ត​យ៉ាង​សកម្ម​នូវ​កិច្ចព្រមព្រៀង ​និង​កិច្ច​សហប្រតិបត្តិការ រវាង​រដ្ឋាភិបាល​ទាំង​ពីរ ​និង​កម្មវិធី​សហប្រតិបត្តិការ​រវាង​ក្រសួង ស្ថាប័ន​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ។ លទ្ធផល​ដែល​ទទួល​បាន​ក្នុង​វិស័យ​ទាំងនេះ​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង ការ​រក្សា​បាន​ស្ថិរភាព​នយោបាយ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​និង​ធានា​បាន​ស្ថិរភាព ​និង​សន្តិសុខ​នៅ​ក្នុង​ប្រទេស​នីមួយ​ៗ ដោយ​បន្ត​ជំរុញ និង​ពង្រឹង​ទំនាក់ទំនង “​ក្នុង​ភាព​អ្នក​ជិតខាង​ល្អ មិត្តភាព​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ស្ថិរភាព​យូរអង្វែង​” រវាង​ប្រទេស​ទាំង​ពីរ​ ។ ទន្ទឹម​នឹង​នោះ​ដែរ បាន​រួមចំណែក​លើកកម្ពស់​កិត្យានុភាព​របស់​បក្ស​ និង​រដ្ឋ​នៃ​ប្រទេស​ទាំង ពីរ​ដែល​បាន​រួមចំណែក​យ៉ាង​សកម្ម​ដល់​ការ​រក្សា សន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​ក្នុង​តំបន់​និង​ពិភពលោក​ទាំង​មួល​ ។

កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​-​សន្តិសុខ បន្ត​លើកកម្ពស់​ប្រកបដោយ​ប្រសិទ្ធភាព​និង​បាន​ក្លាយជា​សសរស្តម្ភ​ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង​រវាង​កម្ពុជា​-​វៀតណាម កិច្ចការ​សម្របសម្រួល កិច្ចការបរទេស​ត្រូវ​បាន​ពង្រឹង ​។ ភាគី​ទាំង​ពីរ​សម្របសម្រួល​យ៉ាង​ជិត​ស្និទ្ធ សហការ និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​រក្សា​ស្ថិរភាព​នយោបាយ ការពារ​ជាតិ​-​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ​និង​សុវត្ថិភាព​របស់​ប្រទេស​នីមួយ​ៗ​ ។ ភាគី​ទាំង​ពីរ​បាន​អនុវត្ត​យ៉ាង​សកម្ម​នូវ​ពិធីសារ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ ដំណាក់កាល ២០២០ – ២០២៤ ផែនការ​សហប្រតិបត្តិការ​ការពារ​ជាតិ​ និង​សន្តិសុខ​ប្រចាំឆ្នាំ​រវាង​ក្រសួងការពារជាតិ ​និង​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម ជាមួយ​ក្រសួងមហាផ្ទៃ​កម្ពុជា រក្សា​យន្តការ​សន្ទនា​គោលនយោបាយ​ការពារ​ជាតិ​ថ្នាក់​រដ្ឋលេខាធិការ រៀបចំ​ការ​ផ្លាស់​ប្តូរ​មិត្តភាព​ការពារ​ព្រំដែន​លើក​ដំបូង ដោយ​មាន​សហ​ប្រធាន​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​ ។

ភាគី​ទាំង​ពីរ ក៏​បាន​អះអាង​នូវ​គោលការណ៍​មិន​អនុញ្ញាត​ឱ្យ​កម្លាំង​ណាមួយ​ប្រើប្រាស់​ទឹកដី​របស់​ប្រទេស​ណាមួយ​ដើម្បី​បំផ្លិចបំផ្លាញ​ប្រទេស​មួយទៀត សហការ​កសាង​ព្រំដែន​សន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ទៅ​វិញ​ទៅ​មក ធ្វើការ​សម្របសម្រួល​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន ដោះស្រាយ​បញ្ហា​ប្រឈម​នានា ក៏​ដូច​ជា​ព្រឹត្តិការ​នានា​ដែល​កើត​មាន​ឡើង​នៅ​តាម​ព្រំដែន ជំរុញ​ការ​យាមល្បាត​និង​ការ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​តាម​ព្រំដែន ច្រក​ទ្វារ​ព្រំដែន ការ​បើក​និង​ទប់ស្កាត់​ឱ្យ​បាន​ហ្មត់ចត់​នូវ​សកម្មភាព​ឆ្លងកាត់​ដោយ​ខុសច្បាប់ រក្សា​ការ​ល្បាត​រួម​គ្នា​នៅ​សមុទ្រ ប្រយុទ្ធ​ប្រឆាំង​នឹង​សកម្មភាព​បំផ្លិចបំផ្លាញ​របស់​កងកម្លាំង​អមិត្ត​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់​ប្រភេទ​ផ្សេង​ទៀត ​។

គ្រប់​តំបន់ យុទ្ធ​ភូមិភាគ បញ្ជាការដ្ឋាន​កងទ័ពជើងទឹក និង​បញ្ជា​ដ្ឋា​ន​ការពារ​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​គណៈប្រតិភូ​ជា​ញឹកញាប់ ដើម្បី​ជំរុញ​ការ​អនុវត្ត​ផែនការ​សហប្រតិបត្តិការ បង្កើន​ការ​ចែករំលែក​បទ​ពិសោធន៍​និង​ជំនាញ​វិជ្ជាជីវៈ ដូច​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ហានិភ័យ​នៃ “​បដិវត្តន៍​ពណ៌​” ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ និង​ការ​ពង្រឹង​ការ​បណ្តុះបណ្តាល​ និង​ការ​ហ្វឹកហ្វឺន​ផ្សេង​ៗ​ ។ គួរ​កត់​សម្គាល់ថា ដោយ​មានការ​ប្តេជ្ញា​ចិត្ត​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ពី​ភាគី​ទាំង​ពីរ កម្ពុជា​ និង​វៀតណាម​ បានបោះបង្គោល​ព្រំដែន​គោក​បាន ៨៤%​ ។ កាលពី​ខែតុលា ឆ្នាំ​ ២០១៩ ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ ២០១៩ និង​ពិធីសារ​កំណត់ព្រំដែន​គោក​រវាង ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ​។

រហូត​មក​ទល់​ពេល​នេះ កម្ពុជា​ និង​វៀតណាម បាន​បោះបង្គោល​ព្រំដែន​ធំ​សំខាន់​ៗ ចប់​ជា​ស្ថាពរ​ចំនួន ៣១៥ បង្គោល បង្គោល​បំពេញបន្ថែម​ចំនួន ១ ៥១១ បង្គោល និងបង្គោល​តម្រុយ​បាន​ចំនួន ២២១​ បង្គោល ​។ ការ​បោះបង្គោល​ព្រំដែន ​គឺ​សម្រេច​បាន​ប្រវែង ១ ០៤៤ គីឡូម៉ែត្រ ក្នុង​ចំណោម​ប្រវែង​សរុប​ប្រមាណ ១ ២៧០ គីឡូម៉ែត្រ​ ។ ភាគី​ទាំង​ពីរ​កំពុង​សហការ​យ៉ាង​សកម្ ម​និង​យ៉ាង​ជិត​ស្និទ្ធ​ដើម្បី​ជំរុញ​ឱ្យ​បាន​បញ្ចប់​ការងារ​បោះបង្គោល​ព្រំដែន​គោក​ដែល​នៅ​សេសសល់ ១៦% ទៀត ​។ ភាគី​ទាំង​ពីរ​ក៏​បាន​អនុវត្ត​យ៉ាង​សកម្ម​នូវ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ស្វែងរក ប្រមូល​និង​ធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត វៀតណាម​ដែល​បាន​ពលី​ក​ជីវិត​ក្នុង​សង្គ្រាម​ដើម្បី​ជួយ​រំដោះប្រទេស និង ប្រជាជន​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ​។

មិន​ត្រឹមតែ​សហប្រតិបត្តិការ​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី​ប៉ុណ្ណោះ​ទេ ប្រទេស​ទាំង​ពីរ​តែងតែ​ធ្វើការ ពិគ្រោះ​យោបល់​នយោបាយ ចែករំលែក​ព័ត៌មាន​ភ្លាម​ៗ សម្របសម្រួល​យ៉ាង​ជិត​ស្និទ្ធ ប្រកបដោយ​ប្រសិទ្ធភាព​និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​រាល់​វេទិកា​តំបន់​ និង​អន្តរជាតិ ជា​ពិសេស​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (​អាស៊ាន​) វេទិកា​កិច្ច​សហប្រតិបត្តិការ​អាស៊ី​-​អឺរ៉ុប (ASEM) អង្គការសហប្រជាជាតិ​ និង​យន្តការ​កិច្ច​សហប្រតិបត្តិការ​បី​ប្រទេស កម្ពុជា​-​ឡាវ​-​វៀតណាម (CLV) កិច្ច​សហប្រតិបត្តិការ ​៤ ប្រទេស កម្ពុជា​-​ឡាវ​-​មី​យ៉ា​ន់​ម៉ា​-​វៀតណាម (CLMV) យុទ្ធសាស្ត្រ​សហប្រតិបត្តិការ​សេដ្ឋកិច្ច អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ​(ACMECs) កិច្ច​សហប្រតិបត្តិការ​មហា​អនុ​តំបន់​មេគង្គ​ (GMS) ជាដើម សំដៅ​រួមចំណែក​ក្នុង​ការ​រក្សា​បរិយាកាស​សន្តិភាព​ស្ថិរភាព កិច្ច​សហប្រតិបត្តិការ​នៃ​ការ​អភិវឌ្ឍ​ក្នុង​តំបន់​និង​នៅ​លើ សកលលោក ​។

កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ការ​អប់រំ​-​បណ្តុះបណ្តាល វប្បធម៌ វិទ្យាសាស្ត្រ​-​បច្ចេកវិទ្យា មានការ​រីក​ចម្រើន​ជា​វិជ្ជមាន​ជា​បន្តបន្ទាប់​ ។ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ទំនាក់ទំនង​នយោបាយ​ល្អ ភាគី​ទាំង ពីរ​បាន​ជំរុញ​យ៉ាង​សកម្ម​និង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ​។ ចាប់តាំងពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម កម្ពុជា​-​វៀតណាម (១៩៩៨) រហូត​មក​ទល់​ពេល​នេះ ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំងក្លា និង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់​ប្រទេស​នីមួយ​ៗ​ ។ ទន្ទឹម​នឹង​នោះ​ដែរ​ក៏​បាន​បង្ក​លក្ខខណ្ឌ​អំណោយផល​ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ រវាង​ភាគី​ទាំង​ពីរ​ ។ ទាក់ទង​នឹង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ប្រសិនបើ​គិត​ពី​ឆ្នាំ ១៩៩៨ នៅ​ពេល​ដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម ត្រូវ​បាន​ចុះហត្ថលេខា ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​ត្រឹមតែ ១១៧ លាន​ដុល្លារ​អាម៉េរិក​ប៉ុណ្ណោះ ​។

បន្ទាប់​មក នៅ​ឆ្នាំ ២០២១ ទោះបីជា​មាន​ស្ថានភាព​នៃ​រាតត្បាត​ដោយ​ជំងឺ​កូ​វី​ដ​-១៩ ប្រកប​ភាព​ភាព​ស្មុ​គ្រ​ស្មាញ​ខ្លាំង​ក៏​ដោយ ប៉ុន្តែ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​ឈាន​ដល់​ជិត ១០ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ។ នៅ​ឆ្នាំ ២០២២ ឈាន​ដល់ ១០,៤៧ ពាន់​លាន​ដុល្លារ​អាម៉េរិក ​។ នៅ​ឆ្នាំ ២០២៣ បាន​ធ្លាក់​ចុះ​បន្តិច​មក​នៅ​ត្រឹម ៨,៥៧ ពាន់​លាន​ដុល្លារ​អាម៉េរិក ​។ បច្ចុប្បន្ន​នេះ វៀតណាម គឺជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​ធំ​ទី​បី​របស់​កម្ពុជា (​បន្ទាប់​ពី​ប្រទេស​ចិន​ និង​សហរដ្ឋ​អាម៉េរិក​) និង​ជាទី​ផ្សារ​នាំ​ចេញ​ធំ​ទី​ពីរ​របស់​កម្ពុជា (​បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក​)​ ។ កាលពី​ចុង ឆ្នាំ ២០២៣ កន្លង​ទៅថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​ឯ​ភាព​គ្នា​នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​បាន​ដល់ ២០ ប៊ី​លាន​ដុល្លារ​អាម៉េរិក​ក្នុង​ពេល​ខាង​មុខ​ ។

លើ​ទិដ្ឋភាព​វិនិយោគ​ ៖ គិត​មក​ទល់​នឹង​ពេល​នេះ វៀតណាម មាន​គម្រោង​វិនិយោគ​សរុប​ចំនួន ២០៥ នៅ​កម្ពុជា ដែល​មាន​ដើមទុន​ចុះបញ្ជី​សរុប​ចំនួន ២.៩៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ជាប់​ចំណាត់ថ្នាក់​លេខ ១ ក្នុង​អាស៊ាន​ និង​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​កំពូល​ទាំង ៥ ដែល​បាន​មក​បណ្តាក់ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ធំ​ជាងគេ​នៅ​កម្ពុជា ​។ ជា​ពិសេស កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ ២ ក្នុង​ចំណោម​ប្រទេស និង​ដែនដី​ចំនួន ៧៩ ដែល វៀតណាម បាន​វិនិយោគ​នៅ​បរទេស ​។ សកម្មភាព វិនិយោគ​របស់​វៀតណាម​នៅកម្ពុជា​មាន​វត្ត​មាននៅ​ក្នុង​ខេត្ត​-​ក្រុង​ចំនួន ១៨ ក្នុង​ចំណោម​ខេត្ត​-​ក្រុង​ទាំង ២៥ ដោយ​ផ្តោត​លើ​វិស័យ​សំខាន់​ៗ ដូច​ជា​កសិកម្ម ទូរគមនាគមន៍ ធនាគារ សេវាកម្ម​ហិរញ្ញវត្ថុ ឧស្សាហកម្ម​កែ​ច្នៃ​ និង​កែ​ច្នៃ​ចំណីអាហារ រ៉ែ អាកាសចរណ៍ ទេសចរណ៍ ជាដើម ​។

ទាំងនេះ​បាន​រួមចំណែក​ដល់​ការ​បង្កើន​ប្រាក់​ចំណូល ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​បង្កើត​ការងារ​ធ្វើ​ជូន​ដល់​ពលករ កម្ពុ​ជាមួយ​ចំនួន​ធំ​ ។ ប្រទេស​ទាំង​ពីរ​តែងតែ​រៀបចំ​ព្រឹត្តិការណ៍​សំខាន់​ៗ​ជា ច្រើន​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ទ្វេភាគី ដូច​ជា​វេទិកា​ធុរកិច្ច​កម្ពុជា​-​វៀតណាម សន្និសីទ​ជំរុញ​ការ​វិនិយោគ​កម្ពុជា​-​វៀតណាម ពិព័រណ៍​ទេសចរណ៍ ការ​បើក​តំបន់​សេដ្ឋកិច្ច​តាម​ព្រំដែន​ជាដើម ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​មាន​ភាព​ស៊ីជម្រៅ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ​។

លើ​ទិដ្ឋភាព​នៃ​កិច្ច​សហប្រតិបត្តិការ​និង​កា​រត​ភ្ជាប់ ​៖ វិស័យ​ដឹក​ជញ្ជូន​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន លើកកម្ពស់​តាម​រយៈ​ការ​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​យុទ្ធសាស្ត្រ​កិច្ច​សហប្រតិបត្តិការ​ដឹក​ជញ្ជូន សម្រាប់​រយៈពេល ២០១៨-២០២៥ និង​ចក្ខុវិស័យ​ឆ្នាំ ២០៣០ កិច្ចព្រមព្រៀង​ដឹក​ជញ្ជូន​ផ្លូវគោក​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ កិច្ចព្រមព្រៀង​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​កម្ពុជា​-​វៀតណាម ការ​បើក​ជើងហោះហើរ​ពី​ភ្នំពេញ​ទៅ​ព្រះ​សីហ​នុ សៀមរាប ទីក្រុង​ហាណូយ ទីក្រុង​ហូ​ជី​មិ​ញ​និង​ទីក្រុង ដា​ណាំង កិច្ចព្រមព្រៀង​ស្តី​ពី​កា​រត​ភ្ជាប់​ផ្លូវ​រថភ្លើង​រវាង​រាជធានី​ភ្នំពេញ​និង​ទីក្រុង​ហូ​ជី​មិ​ញ ក៏​ដូច​ជា​កា​រត​ភ្ជាប់​ផ្លូវ​ល្បឿន​ភ្នំពេញ​-​បា​វិត​-​ហូ​ជី​មិញជា​ដើម ​។

លើ​ទិដ្ឋភាព​វិស័យ​កសិកម្ម​ ៖ ប្រទេស​វៀតណាម​ បាន​ជួយ​កម្ពុជា​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​និង​បាន​បង្ហាត់បង្ហាញ ក៏​ដូច​ជា​ផ្ទេរ​បច្ចេកវិទ្យា​ទំនើប​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​លើ​វិស័យ​កសិកម្ម ចិញ្ចឹមសត្វ​និង​វារីវប្បកម្ម​ដល់​និស្សិត​កម្ពុជា ​។ ភាគី​ទាំង​ពីរ​សម្របសម្រួល​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ការ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ (​ច​ត្តា​ឡី​ស័ក​) សត្វ​និង​រុក្ខជាតិ ការ​ការពារ​ព្រៃឈើ​និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កេងប្រវ័ញ្ច​ខុសច្បាប់​និង​ការ​ដឹក​ជញ្ជូន​ឈើ​ និង​សត្វព្រៃ​ឆ្លងកាត់​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ សំដៅ​រួមចំណែក​ដល់​ការ​គ្រប់គ្រង​ព្រៃឈើ​ និង​ជីវចម្រុះ​ប្រកបដោយ​និរន្តរភាព​ ។

លើ​ទិ​ដ្ឋា​ភាព​ទេសចរណ៍​ ៖ ចំនួន​ភ្ញៀវ​ទេសចរ​កម្ពុជា​ទៅ​ទស្សនា​ប្រទេស​វៀតណាម ជាប់​ចំណាត់ថ្នាក់​ទី ១៥ ក្នុង​ចំណោម​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទៅ​ទស្សនា​វៀតណាម ​។ ចំនួន​ភ្ញៀវ​ទេសចរ​វៀតណាម ជា​មធ្យម​មក​កម្ពុជា​មាន​ដល់​ទៅ​ប្រមាណ ៩០ ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ជាប់​ចំណាត់ថ្នាក់​លេខ ២ បន្ទាប់​ពី​ប្រទេស​ចិន​ ។ នៅ​ឆ្នាំ ២០២៣ វៀតណាម ក្លាយជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ពីរ​ដែល​មាន​ចំនួន​ភ្ញៀវ​ទេសចរ​ចូល​មក​កម្ពុជា​ច្រើន​ជាងគេ រហូត​ដល់​ជាង ១ លាន​នាក់ តាម​ពីក្រោយ​ប្រ​ទស​ថៃ ខណៈ​ដែល​ចំនួន​ភ្ញៀវ​ទេសចរ​កម្ពុជា​ទៅ​ទស្សនា​ប្រទេស​វៀតណាម​កើនឡើង​ដល់​ជាង ៤០ ម៉ឺន​នាក់ ​។

កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ បណ្តុះបណ្តាល និង​អភិវឌ្ឍន៍​ធនធានមនុស្ស គឺជា​ផ្នែក​មួយ​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​ភាគី​ទាំង​ពីរ ដោយ​ចាត់​ទុក​ថា ​នេះ​ជា​ចំណុច​យុទ្ធសាស្ត្រ​ដ៏​សំខាន់ ​។ ជា​រៀង​រាល់​ឆ្នាំ ប្រទេស​ទាំង​ពីរ​តែងតែ​ផ្តល់​អាហារូបករណ៍​បណ្តុះបណ្តាល​រយៈពេល​វែង ​និង​រយៈពេល​ខ្លី​ដល់​និស្សិត​នៃ​ប្រទេស​ទាំង​ពីរ​ជា​ប្រចាំ ​។ កម្ពុជា​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​វៀតណាម ចំនួន ៣៥ នាក់​ក្នុង​មួយ​ឆ្នាំ ក្នុង​នោះ អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​និង​ក្រោយ​ឧត្តម​សិក្សា​ចំនួន ១៥ នាក់​និង​អាហារូបករណ៍​បណ្តុះបណ្តាល​ភាសា​និង​វប្បធម៌​ខ្មែរ​រយៈពេល ២ ឆ្នាំ​ចំនួន ២០ នាក់​ ។ ប្រទេស វៀតណាម ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា រាប់រយ​នាក់​ក្នុង​មួយ​ឆ្នាំ​ដែល​ក្នុង​នោះ តាម​រយៈ​ក្រសួង​អប់រំ​គឺ​ថ្នាក់ឧត្តម​សិក្សា​ចំនួន ១០០ នាក់ ក្រោយ​ឧត្តម​សិក្សា​ចំនួន ២០ នាក់ និង​នៅ​មាន​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ផ្សេង​ៗ ជា​ច្រើន​ទៀត ​។

លើស​ពី​នេះ​ទៀត ភាគី​ទាំង​ពីរ​បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តាម​រយៈ ការ​រៀបចំ​សកម្មភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​ជា​ច្រើន​ទៀត ​។ ទាំងនេះ​ពិតជា​ប្រភព​បន្ថែម​នៃ ធនធានមនុស្ស ប្រកបដោយ​គុណភាព​ខ្ពស់ សំដៅ​បម្រើ​ឱ្យ​បុព្វហេតុ​កសាង​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​រៀង​ៗ​ខ្លួន​ ។ កិច្ច​សហប្រតិបត្តិការ​រវាង ក្រសួង ស្ថាប័ន គណៈកម្មការ​រដ្ឋសភា សហជីព និង អង្គការ​មហាជន ត្រូវ​បាន​ភាគី​ទាំង​ពីរ​បន្ត​លើកតម្កើង​ និង​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​ ។ ភាគី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​គណៈប្រតិភូ ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ជួយ​ជ្រោមជ្រែង​និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិ​សេ តំបន់​ដែល​មាន​ព្រំដែន​រួម បន្ត​ពង្រីក​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ការ​ថែទាំ​សុខភាព​និង​ការ​បណ្តុះ​-​បណ្តាល​ធនធានមនុស្ស ធានា​សន្តិសុខ សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​នៅ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ពីរ​ ។

ជា​សរុប​មក ក្នុង​អំឡុង ៥៧ ឆ្នាំ​នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ផ្លូវការ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​វៀតណាម បាន​ជំរុញ​និង​លើកកម្ពស់​ជា​បន្តបន្ទាប់ ចាប់តាំងពី​ប្រទេស​កម្ពុជា​បង្កើត​ព្រះរាជាណាចក្រ​ទី​ពីរ​ឡើង​វិញ​រហូត​មក​ទល់​បច្ចុប្បន្ន​ ។ នា​ពេល​ថ្មី​ៗ កន្លង​ទៅទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​មជ្ឈដ្ឋាន​ខាងក្រៅ​មួយ​ចំនួន​យល់​ឃើញ​ថា ទំនាក់​ទាក់​ទំនង​ចាក់ទឹកមិនលិច​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​ប្រេះស្រាំ រង្គោះរង្គើ រក​ដល់​នឹង​រលំ​ដួល ដោយសារ​ពួក​គេ​មើលឃើញ​ថា ប្រទេស​មួយ​បាន​ធ្វើការ​ផ្លាស់​ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ជា​បន្តបន្ទាប់ ហើយ​ប្រទេស​មួយទៀត​ធ្វើការ​ផ្លាស់​ប្តូរ​ថ្នាក់ដឹកនាំ​ស្ទើ​រតែ​ទាំងស្រុង ដោយ​ជំនួស​មក​វិញ​នូវ​ថ្នាក់​ដឹកនាំ​កំពូល​ៗ វ័យក្មេង​តាម​រយៈ​ការ​បោះ​ឆ្នោត ហើយ​មួយវិញទៀត​ត្រូវ​ទទួល​រង​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​ការ​ប្រកួតប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច ក៏​ដូច​ជា​ដោយសារ​សង្គ្រាម​នៅ​កា​ហ្សា វិបត្តិ​នៅ​មី​យ៉ា​ន់​ម៉ា ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង ឬ​សមុទ្រ​ខាងកើត ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ សង្គ្រាម​រវាង​រុ​ស្ស៊ី​ និង​អ៊ុយ​គ្រែ​ន ប៉ុន្តែ​វា​ជា​ការ​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​ពួក​គេ​បាន​គិត​ ។

ប្រទេស​ទាំង​ពីរ កម្ពុជា​-​វៀតណាម ធ្លាប់​បាន​ឆ្លងកាត់​ជាមួយ​គ្នា​គ្រប់​សម័យកាល​ប្រវត្តិសាស្ត្រ​សំខាន់​ៗ ជា​ច្រើន​រាប់​មិន​អស់ ​។ ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​តែងតែ​រួបរួម គាំទ្រ​ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​បុព្វហេតុ​តស៊ូ​រំដោះជាតិ តស៊ូ​ទាមទារ​ឯករាជ្យ​ជាតិ ការ​តស៊ូ​ប្រឆាំង​នឹង​អាណានិគមនិយម​ និង​ចក្រពត្តិនិយម ជា​ពិសេស​បំផុត​នោះ គឺ​កម្ពុជា​បាន​ជួយ​ជ្រោមជ្រែង​ឱ្យ​ប្រទេស​វៀតណាម ធ្វើការ​បង្រួបបង្រួម​ទឹកដី ចំណែក វៀតណាម ជួយ​ជ្រោមជ្រែង​ឱ្យ​ប្រទេស​កម្ពុជា​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ។

ដូច្នេះ ៥៧ ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង ២ បើ​ទោះបីជា​មាន​ភាពរ​ប៉ាក់រ​ប៉ើ​កមួយ​ចំនួន​ក៏​ពិតមែន ក៏​ប៉ុន្តែ​ទំនាក់ទំនង​ដែល​បាន​ឆ្លងកាត់​ការ​សាកល្បង ការ​ហាត់ពត់លត់ដំ​គ្រប់​បរិបទ​គ្រប់​សម័យកាល កសាង​បាន​នូវ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ បូក​រួម​នឹង​គោលនយោបាយ​ការ​បរទេស​របស់​ប្រទេស​ទាំង​ពីរ​មាន​ភាពប្រហាក់ប្រហែល​គ្នា​ទៀត​នោះ នឹង​បង្កើត​បានជា​សន្ទុះ​ជំរុញ​ឱ្យ​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណីដ៏​យូរអង្វែង​រវាង​កម្ពុជា​ និងវៀតណាម កាន់តែ​រឹង​មាំ​បន្ថែម​ទៀត គឺ​ឱ្យ​ឡើង​ដល់​កម្រិត​កំពូល​ថ្មី​មួយ​កាន់តែ​រីក​ចម្រើន កាន់តែ​ច្បាស់លាស់ កាន់តែ​ស៊ីជម្រៅ កាន់តែ​មាន​ប្រសិទ្ធភាព​ជា​លំដាប់​លើ​គ្រប់​វិស័យ ​និង​បាន​ក្លាយជាទ្រព្យសម្បត្តិ​រួម​របស់​ប្រជាជាតិ​ទាំង​ពីរ ដែល​មិន​អាច​កាត់ថ្លៃ​បាន ​និង​ធានា​បាន​ស្ថេ​រ​ភាព​យូរអង្វែង មិន​អាច​រង្គោះរង្គើរ​បាន​ឡើយ ​។
ប្រទេស​ទាំង​ពីរ​នឹង​ប្រកៀក​ស្មា​គ្នា​យ៉ាង​ជិត​ស្និទ្ធ​បន្ថែម​ទៀត ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​ក្លាយជា​ប្រទេស​អភិ​ឌ្ឍ​ន៍​នៅ​ឆ្នាំ ២០៥០ របស់​កម្ពុជា​ និង​ចក្ខុវិស័យ​ឆ្នាំ ២០៤៥ ក្លាយជា​ប្រទេស​អភិ​ឌ្ឍ​ន៍​របស់ វៀតណាម​ ៕ អត្ថបទសហការ

ដោយ ៖ លោក អ៊ុ​ច លាង ប្រធាន​ស្តីទី​នាយកដ្ឋាន​សិក្សា​អាស៊ី អាហ្វ្រិក ​និង​មជ្ឈិមបូព៌ា​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​ នៃ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​