ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សិស្ស​នៃ​កម្មវិធី​បណ្តុះបណ្តាល ១,៥ លាន​នាក់ ​៖ ការ​ផ្សព្វផ្សាយ ​គឺជា​កត្តា​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពី​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​ពលរដ្ឋ

2 ខែ មុន

រាជធានីភ្នំពេញ ៖ សិស្ស​ដែល​កំពុង​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)​ បាន​លើក​ឡើង​ថា អ្នក​សា​ព័ត៌មាន​ជា​ភាគី​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល​ទៅ​ដល់​មូលដ្ឋាន​របស់​ពលរដ្ឋ យុវជន​គោលដៅ…

រាជធានីភ្នំពេញ ៖ សិស្ស​ដែល​កំពុង​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)​ បាន​លើក​ឡើង​ថា អ្នក​សា​ព័ត៌មាន​ជា​ភាគី​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល​ទៅ​ដល់​មូលដ្ឋាន​របស់​ពលរដ្ឋ យុវជន​គោលដៅ ដើម្បី​ជួយ​ជម្រុញ​ពួក​គេ​ឱ្យមក​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​ដោយ​ឥត​បង់ថ្លៃ និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​ ៧ ​នេះ ​។

ការ​លើក​ឡើង​បែប​នេះ​បន្ទាប់​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី​ ១៧ ខែឧសភា ឆ្នាំ​២០២៤ បាន​ដឹកនាំ​អ្នក​សារព័ត៌មាន​ចំនួន ​២០ ​នាក់ មក​ពី ១០​ ស្ថាប័ន ចុះ​ស្វែង​យល់​អំពី​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ទៅ​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១,៥ លាន​នាក់ នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) ​។

យុវជន ទេព សា​មុត ជា​សិស្ស​នៃ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ១,៥ លាន​នាក់ នៃ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) លើក​ឡើង​ថា ​៖ «​ក្នុង​នាម​ជា​សិក្ខាកាម​ដែល​កំពុង​សិក្សា​ជំនាញ​ប ច្ចេកទេស និង​វិជ្ជាជីវៈ​របស់​រាជរដ្ឋាភិបាល ខ្ញុំ​សប្បាយចិត្ត​នៅ​ពេល​មាន​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់​បាន​ចុះ​មក​ផលិត​ព័ត៌មាន ធ្វើការ​សម្ភាសន៍​យុវជន​ដែល​កំពុង​សិក្សា​ជំនាញ​នៅ​ពេល​នេះ ​។ ការ​ធ្វើ​បែប​នេះ​គឺ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ល្អ​ៗ​ពី​ការ​សិក្សា​ជំនាញ​របស់​យុវជន​»​ ។

យុវជន​រូប​នេះ​បន្ថែម​ថា កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ​៧ ​នេះ​គឺជា​ស្ពាន​ក្នុង​ការ​ឱ្យ​យុវជន​ដែល​មាន​ជីវភាព​ក្រីក្រ​បាន​បន្ត​ការ​សិក្សា មិន​ត្រឹមតែ​ប៉ុណ្ណោះ​យុវជន​ក្រីក្រ​ក៏​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​សំណាក់​រាជរដ្ឋាភិបាល​រហូត​រៀន​ចប់​ជំនាញ​វិជ្ជាជីវៈ​ផង​ដែរ ​។ ការ​ជួយ​ជ្រោមជ្រែង​ទាំង​អស់នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​យុវជន​ដែល​មាន​ជីវភាព​ក្រីក្រ​មាន​ក្តី​សង្ឃឹម និង​សិក្សា​ជំនាញ​មួយ​នេះ​ដោយ​ភាព​កក់ក្តៅ មិន​ព្រួយបារម្ភ​លើ​កត្តា​ជីវភាព​ ។

ដោយឡែក​យុវជន ប៊ុ​ន សុធា សិស្ស​នៃ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ១,៥ ​លាន​នាក់​នៃ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) ក៏​បង្ហាញ​អារម្មណ៍​ដែរ​ថា អ្នក​សារព័ត៌មាន​គឺជា​ភាគី​មួយ​យ៉ាង​សំខាន់​ក្នុង​ផ្តល់​ព័ត៌មាន​អំពី​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល​មួយ​នេះ​បាន​យ៉ាង​ទូលំទូលាយ​ទៅ​ដល់​មូលដ្ឋាន​ភូមិ ឃុំ សង្កាត់ ស្រុក តំបន់​ផ្សេង​ទៀត ដែល​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ ក៏​ដូច​ជា​យុវជន​គោលដៅ បានដឹង​បានឮ​បានឃើញ​បាន​ជ្រាប​អំពី​ការ​ផ្តល់​ការ​សិក្សា​ជំនាញ​បច្ចេកទេស​ដោយ​ឥត​គិតថ្លៃ​ ។

យុវជន​រូប​នេះ​ថា ​៖ «​ដូច​ខ្ញុំ​ចឹ​ង ​! ដំបូង​ឡើយ​ខ្ញុំ​អត់​ដឹង​ថា​កម្ពុជា​មាន​វគ្គ​សិក្សា​ជំនាញ​ដោយ​ឥត​គិតថ្លៃ និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ដែល​ផ្តល់​ឱ្យ​ដោយ​រាជរដ្ឋាភិបាល​នោះ​ទេ រហូត​ដល់​ខ្ញុំ​ឃើញ​មានការ​ផ្សព្វផ្សាយ​ព្រោងព្រៀត​ពី​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​នេះ​នៅ​តាម​បណ្តាញ​សង្គម ជា​ពិសេស​តាម​ទូរទស្សន៍ និង​សារព័ត៌មាន​ក្នុងស្រុក​នានា ​។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ពី​កម្មវិធី​សិក្សា​ជំនាញ​នេះ​ហើយ ទើប​ខ្ញុំ​បាន​សម្រេចចិត្ត​ដាក់​ពាក្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​នៅ​សាលា NPIC នៅ​ពេល​នេះ​»​ ។

ទន្ទឹម​នឹង​នេះ​យុវជន​ដែល​កំពុង​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​យុវជន​ទាំងអស់ ជា​ពិសេស​យុវជន​ដែល​មាន​ជីវភាព​ក្រីក្រ និង​បាន​បោះបង់​ការ​សិក្សា​សូម​រួសរាន់​មក​ដាក់​ពាក្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ​៧​ នេះ ពីព្រោះ​ការ​សិក្សា​ជំនាញ​នេះ​គឺ​រៀន​ដោយ​ឥត​គិតថ្លៃ ប្រសិនបើ​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​យុវជន​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ជា​ប្រចាំខែ​ពី​រាជរដ្ឋាភិបាល​ផង​ដែរ ​។ ការ​ជួយ​ជ្រោមជ្រែង​នេះ​គឺជា​ការ​ផ្តល់​ឱកាស​មាស​ពី​សំណាក់​រដ្ឋាភិបាល ដើម្បី​ឱ្យ​យុវជន ក៏​ដូច​ជា​ពលរដ្ឋ​កម្ពុជា​មាន​ជំនាញ និង​មានការ​ងារ​ធ្វើ​គ្រប់​ៗ​គ្នា ដែល​អាច ជួយ​ស្រោចស្រង់​ជីវភាព​គ្រួសារ និង​ខ្លួនឯង​នា​ពេល​អនាគត​ដ៏​ខ្លី​ ។

យុវជន​ដែល​កំពុង​សិក្សា​ជំនាញ​សង្ឃឹមថា​ កម្មវិធី​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់​រាជរដ្ឋាភិបាល​នឹង​រីកសាយ​ភាយ​នៅ​លើ​បណ្តាញសារព័ត៌មាន និង​បណ្តាញ​អ៉ីន​ធើ​ណែ​ត បន្ទាប់​អ្នក​សារព័ត៌​មានបាន​ចុះ​ផ្ទាល់​មក​កាន់​វិទ្យាស្ថាន​បណ្តុះបណ្តាល​នៅ​ពេល​នេះ ហើយ​សង្ឃឹមថា​ក្រសួង​ការងារ​នឹង​បន្ត​រៀប​ចំការ​ដឹកនាំ​អ្នក​សារព័ត៌មាន​ចុះ​ទៅ​កាន់​វិទ្យាស្ថាន​បណ្តុះបណ្តាល​ដ៏​ទៃ​ទៀត​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​បំផុស​ព័ត៌មាន​ទៅ​ដល់​មូលដ្ឋាន ទាក់ទាញ​យុវជន​ចូល​រៀន​ជំនាញ​ឱ្យ​បាន​ច្រើន​ ៕ អត្ថបទសហការ