ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម​ ថោ ជេដ្ឋា ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារជីក​ស្តារ​ស្រះ​ទឹក​ នៃ​គម្រោង​ខ្សែ​ច្រ​វ៉ា​ក់ផលិតកម្ម​ប្រកបដោយ​ភាតរ​បរិស្ថាន ក្នុងភូមិសាស្ត្រ​ខេត្តកំពត

1 អាទិត្យ មុន

ខេត្តកំពត​ ៖ នៅថ្ងៃ​ទី ​៧ ខែឧសភា ឆ្នាំ ​២០២៤ នេះ ឯកឧត្តម ថោ…

ខេត្តកំពត​ ៖ នៅថ្ងៃ​ទី ​៧ ខែឧសភា ឆ្នាំ ​២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ​ឯកឧត្តម លោក​ជំទាវ​ថ្នាក់ដឹកនាំ មន្ត្រី​បច្ចេកទេស​ក្រសួង និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពត រួម​ជាមួយ​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត និង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​ជីក​ស្តារ​ស្រះ​ទឹក​នៃ​គម្រោង​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ប្រកបដោយ​ភាតរ​បរិស្ថាន ក្នុងភូមិ​កំណប់ ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី ខេត្តកំពត​ ។

សូម​ជម្រាប​ថា ការងារ​ជីក​ស្តារ​ស្រះ​ទំហំ​ ១២៥ គុណ ៤៥ ម៉ែត្រ ជម្រៅ​៣​ម៉ែត្រ ក្នុងភូមិ​កំណប់ ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី ខេត្តកំពត​នេះ ជា​ផ្នែក​មួយ​នៃ​គម្រោង​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ប្រកបដោយ​ភាតរ​បរិស្ថាន ដែល​តាម​រយៈ​គម្រោង​នេះ ខេត្តកំពត​បាន​ទទួល​គម្រោង​ជីក​ស្តារ​ស្រះ​ទឹក ទាំង​ស្រះ​សហគមន៍ និង​ស្រះ​ឯកជន​សរុប​ចំនួន ១៦០ ​ស្រះ ដោយនៅ​ជំហាន​ទី ​១ គម្រោង​អនុវត្ត​ការងារ​ជីក​ស្តារ​ចំនួន ៨០ ​ស្រះ នៅ​ក្នុងស្រុក​ចំនួន ៥ រួម​មាន ​៖ ស្រុក​ដងទង់ ២៣ ​ស្រះ ស្រុក​បន្ទាយមាស ២២ ​ស្រះ ស្រុក​ឈូក ១០ ​ស្រះ ស្រុក​ជុំ​គិរី ២៤​ ស្រះ និង​ស្រុក​ទឹកឈូ ១ ​ស្រះ ​។ រហូត​មក​ដល់​ពេល​នេះ វឌ្ឍនភាព​នៃ​ការងារ​ជីក​ស្តារ​ស្រះ​ទឹក​នៅ​ជំហាន​ទី ​១ សម្រេច​បាន​ប្រមាណ ៦០%​ ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជួប​សំណេះសំណាល​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​ជាមួយ​បងប្អូន​ប្រជា​កសិក​នៃ​សហគមន៍​កសិករ​រុងរឿង ព្រមទាំង​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សម្តេច​ធិ​បតី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​និច្ចកាល​តែងតែ​យកចិត្តទុកដាក់​នូវ​រាល់​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​បញ្ហា​ប្រឈម​ខ្វះ​ទឹក ដោយ​បាន​ណែនាំ​ឱ្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចុះ​អន្តរាគមន៍​តាម​គ្រប់​មធ្យោបាយ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក សម្រាប់​បម្រើ​ឱ្យ​ការងារ​ស្រោចស្រព និង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ។

ជាមួយ​គ្នា​នោះ​ដែរ បងប្អូន​ប្រជា​កសិករ​នៃ​សហគមន៍​កសិករ​រុងរឿង​បាន​សម្តែង​នូវ​ក្តី​រីករាយ និង​សូម​ថ្លែងអំណរគុណ​ដល់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​បញ្ហា​តាម​គ្រប់​មធ្យោបាយ​ដល់​ពួក​គាត់ និង​បាន​ថ្លែងអំណរគុណ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ទីរ ព្រមទាំង​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ដែល​តែង​ចុះ​អន្តរាគមន៍​ដោយ​ផ្ទាល់​ ។

គួរ​បញ្ជាក់​ថា គម្រោង​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ប្រកបដោយ​ភាតរ​បរិស្ថាន​ជា​គម្រោង​រួម​របស់​ក្រសួង​ចំនួន​បី ដើម្បី​ជួយ​ដល់​ប្រជា​កសិករ ក្នុង​នោះ​មាន​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដោយ​អនុវត្ត​នៅ​លើ​ខេត្ត​គោលដៅ​ចំនួន​បួន​គឺ​ខេត្តកំពត ខេត្តតាកែវ ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ដែល​ក្នុង​គម្រោង​មានការ​ជីក​ស្ដារ​ស្រះ​ទឹក​សរុប ចំនួន ៨០០ ស្រះ ​៕ អត្ថបទសហការ