
សិស្ស-និស្សិត នៃវិទ្យាស្ថាន NPIC ដាក់បង្ហាញស្នាដៃរាប់រយរបស់ខ្លួនក្នុងខួប ១៩ ឆ្នាំ
រាជធានីភ្នំពេញ ៖ សិស្ស-និស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) មកពីមហាវិទ្យាល័យចំនួន ៩ នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ…
រាជធានីភ្នំពេញ ៖ សិស្ស-និស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) មកពីមហាវិទ្យាល័យចំនួន ៩ នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ…
រាជធានីភ្នំពេញ ៖ សិស្ស-និស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) មកពីមហាវិទ្យាល័យចំនួន ៩ នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៤នេះ បានដាក់បង្ហាញស្នាដៃរបស់ខ្លួន រាប់រយមុខផ្សេងៗគ្នាក្នុងខួប ១៩ ឆ្នាំ នៃការបង្កើតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងកម្មវិធីពិព័រណ៍ការងារ ព្រមទាំងសន្និសីទវិទ្យាសាស្ត្រលើកទី ៣ ដោយមានអ្នកចូលរួមរាប់ពាន់នាក់ ។
យុវជន ផេង ម៉េងស៊ឺ ជានិស្សិតឆ្នាំទី ៣ ជំនាញវិស្វកម្មអេឡិចត្រូនិក នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលបានយកស្នាដៃ ដូចជា រ៉ូបូត និងប្រព័ន្ធឆ្លាតវៃមួយចំនួនដើម្បីដាក់បង្ហាញដល់អ្នកចូលរួមទស្សនា បានលើកឡើងថា ការតាំងពិព័រណ៍បង្ហាញស្នាដៃនេះ មិនត្រឹមជាឱកាសឲ្យសិស្ស-និស្សិតបានបង្ហាញនូវស្នាដៃរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយជំរុញលើកទឹកចិត្តឲ្យសិស្សនិស្សិតខិតខំប្រឹងប្រែងបង្កើតស្នាដៃថ្មីៗផងដែរ ។ និស្សិត ផេង ម៉េងស៊ឺ បញ្ជាក់ថា ៖ «ក្រោយបញ្ចប់ការតាំងពិព័រណ៍នេះ នឹងមានក្រុមហ៊ុន ឬអ្នកដែលមិនធ្លាប់ស្គាល់ពីមុនកាន់តែយល់ដឹងពីវិស័យអេឡិចត្រូនិក ហើយវាក៏បង្ហាញទៅអ្នកចូលរួមថា យើងអាចធ្វើបានរបស់ដែលថ្មីៗក្នុងវិស័យអេឡិចត្រូនិក» ។
ដោយឡែកយុវតី រួម សៀវអ៊ី និស្សិតឆ្នាំទី ២ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រអុបទិកបានបញ្ជាក់ថា ការតាំងពិព័រណ៍ស្នាដៃរបស់សិស្សក្នុងពិធីខួប ១៩ ឆ្នាំ របស់វិទ្យាស្ថាននឹងជំរុញឱ្យសាធារណជនកាន់តែយល់ច្បាស់ពីផលិតផលសំខាន់ៗ ដែលសិស្សនិស្សិតបានបង្កើតឡើង ។ ជាក់ស្តែងសាធារណជន នឹងមានឱកាសស្វែងយល់ពីផលិតផលអុបទិក និងជំនាញបច្ចេកទេសផ្សេងៗទៀតនៅពេលដែលបានឃើញស្នាដៃរបស់សិស្សដាក់បង្ហាញ ។ នេះបើតាមយុវតីរួម សៀមអ៊ីដដែល ។
ជាមួយគ្នានេះ លោក ស៊ីន ពិសិដ្ឋ គ្រូនៃមហាវិទ្យាល័យមេកានិកវិញ បានគូសបញ្ជាក់ថា ពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្ត្រលើកទី៣ នេះពិតជាសំខាន់សម្រាប់យុវជនដែលបានចូលរួម ពិសេសសិស្ស-និស្សិតនៃវិទ្យាស្ថាន NPIC ។ លោកគូសបញ្ជាក់ថា៖ «អ្នកខ្លះទើបឆ្នាំទី ១ ឆ្នាំទី ២ អាចសិក្សាស្វែងយល់ពីកិច្ចការដែលសិស្សច្បងយកដាក់បង្ហាញក្នុងពិព័រណ៍នេះ ។ ពួកគាត់ក៏អាចស្វែងយល់នូវមុខជំនាញដទៃ ក្រៅពីមុខជំនាញដែលពួកគាត់បានសិក្សានៅសាលា និងធ្វើឲ្យគាត់កាន់តែចង់ស្រាវជ្រាវបន្ថែម។ មួយទៀតសម្រាប់សិស្សឆ្នាំទី ៤ ដែលត្រៀមបញ្ចប់ការសិក្សា និងត្រៀមរកការងារធ្វើថែមទៀតផង» ។
សូមបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានប្រារព្ឋខួប ១៩ ឆ្នាំ ព្រមទាំងរៀបចំពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្ត្រលើកទី៣ ក្រោមប្រធានបទ ៖ «វិទ្យាសាស្ត្រ វិស្វកម្ម និងបច្ចេកវិទ្យាបៃតង» រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៤ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ