ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ ​ជួប​ពិភាក្សា​ការងារជាមួយ​ប្រតិភូ​ធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយ​លោក Jiangfeng Zhang

2 ខែ មុន

រាជធានីភ្នំពេញ ៖ នៅថ្ងៃ​ទី​ ១៥ ខែឧសភា ឆ្នាំ ​២០២៤ ឯកឧត្តម ថោ ជេដ្ឋា…

រាជធានីភ្នំពេញ ៖ នៅថ្ងៃ​ទី​ ១៥ ខែឧសភា ឆ្នាំ ​២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អនុញ្ញាត​ឱ្យ​លោក Jiangfeng Zhang ប្រធាន​ការិយាល័យ​កសិកម្ម ចំណីអាហារ ធម្មជាតិ និង​ការ​អភិវឌ្ឍ​ជនបទ នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB) ដឹកនាំ​គណៈប្រតិភូ​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ​។

ថ្លែង​ក្នុង​កិច្ច​ជំនួប ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រតិភូ​ធនាគារអភិវឌ្ឍន៍អាស៊ី និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) ដែល​បាន​ចូលរួម​ចំណែក​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស​កិច្ច​សហប្រតិបត្តិការ​ធ្វើ​ទំនើប​កម្ម​លើ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង​វិស័យ​ធនធានទឹក និង​ឧតុនិយម ក្នុង​បរិបទ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ឡើងក​ម្តៅ​នៃ​ភព​ផែនដី​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​ប្រតិភូ​ធនាគារអភិវឌ្ឍន៍អាស៊ី​ថា ពិភពលោក​កំពុង​ប្រឈម​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ដែល​បង្ក​ឱ្យ​ភព​ផែនដី​មានការ​ឡើង​កម្ដៅ និង​បង្ក​ឱ្យ​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដូច​ជា ទឹកជំនន់ គ្រោះ​រាំង​ស្ងួត និង​ខ្យល់ព្យុះ​ជាដើម​ ។ ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់​ថា រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​តែ​បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ អភិវឌ្ឍន៍​វិស័យ​ធនធានទឹក និង​ឧតុនិយម ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​ទឹក និង​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ពី​អាទិភាព​របស់​ក្រសួង​ក្នុង​ការ​ពង្រឹង​លើ​ប្រព័ន្ធ​ព្យាករណ៍ ប្រព័ន្ធ​ប្រកាស​អាសន្ន និង​ការ​ជូនដំណឹង​ជា​មុន​ដល់​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ​ឱ្យ​ត្រៀមលក្ខណៈ​ប្រុង​ប្រយ័ត្ន​ជា​កិច្ចការ​ចាំបាច់ ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នានា និង​កាត់​បន្ថយ​បានការ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច និង​បាន​ស្នើ​ដល់​ធនាគារអភិវឌ្ឍន៍អាស៊ី ពិចារណា​ក្នុង​ការ​ពង្រីក​ទុន​វិនិយោគ​បន្ថែម​ទៀត​លើ​វិស័យ​គ្រប់គ្រង​ធនធានទឹក និង​ឧតុនិយម ដើម្បី​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​នៃ​គ្រោះ​ធម្មជាតិ​នានា ​។

តំណាង​ប្រតិភូ​ធនាគារអភិវឌ្ឍន៍អាស៊ី លោក Jiangfeng Zhang បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​អនុញ្ញាត​ឱ្យ​លោក និង​សហការី​បាន​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​នា​ពេល​កន្លង​មក​ ។

លោក Jiangfeng Zhang បាន​បញ្ជាក់​ថា កិច្ច​ជំនួប​នា​ពេល​នេះ​ក្នុង​គោលបំណង ដើម្បី​ពិភាក្សា​លើ ទី​១)​គម្រោង​ផ្តល់​ហិរញ្ញប្បទាន និង​ជំនួយ​បច្ចេកទេស​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នា​ពេល​បច្ចុប្បន្ន និង​ការ​វិនិយោគ​ដែល​ចាំបាច់​ក្នុង​វិស័យ​កសិកម្ម ចំណីអាហារ ធម្មជាតិ និង​ការ​អភិវឌ្ឍ​ជនបទ (AFNR) ជា​ពិសេស​ក្នុង​វិស័យ​ទឹក​។ និង ទី​២)​កិច្ច​សហប្រតិបត្តិការ​នា​ពេល​អនាគត​រវាង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម សម្រាប់​ការ​ពង្រឹង​សន្តិសុខ​ស្បៀង និង​ទឹក និង​ភាព​ធន់​នឹង​អាកាសធាតុ​នៅ​ក្នុង​ប្រទេស ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម​កំពុង​អនុវត្ត​គម្រោង​ចំនួន​ ២ ក្រោម​ហិរញ្ញប្បទាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ធ្វើ​ទំនើប​កម្ម​លើ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង​វិស័យ​ធនធានទឹក និង​ឧតុនិយម ចាប់ពី​ខ្នាត​មធ្យម​ដល់​ខ្នាត​ធំ ទី​ ១) ​គម្រោង​កែ​លម្អ​វិស័យ​ធារាសាស្ត្រ​កសិកម្ម​(TAIP) និង​ទី ​២)​ គម្រោង​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ប្រកបដោយ​ភាតរ​បរិស្ថាន ​(CFAVC)​ ។ ដោយឡែក គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ (IWRM) នឹង​ត្រូវ​អនុម័ត និង​ចាប់​អនុវត្ត​នៅ​ចុងឆ្នាំ​ ២០២៤ ខាង​មុខ​នេះ​ផង​ដែរ​ ៕ អត្ថបទសហការ