ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ស្វាគមន៍​ចំពោះ​ការវិនិយោគ​បន្ថែម​របស់​សាធារណរដ្ឋ​កូរ៉េ ដោយកម្ពុជា​នៅ​មាន​សក្ដានុពល​ដ៏​ធំ​សម្បើម​សម្រាប់កំណើន​នៃ​តម្លៃបន្ថែម ក្នុង​វិស័យ​កសិកម្ម ការ​កែច្នៃ​ម្ហូបអាហារ និង​កម្មន្តសាល​ទំនើប

2 ខែ មុន

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ​១៦ ខែឧសភា ឆ្នាំ ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត…

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ​១៦ ខែឧសភា ឆ្នាំ ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ថ្លែង​ក្នុង​ពិធី​បើកវេទិកាធុរកិច្ចកម្ពុជា​-​កូរ៉េ នាទី​ក្រុង​សេ​អ៊ូ​ល នៃ​សាធារណរដ្ឋ​កូរ៉េ ។ មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ដ៏​អធិកអធម​នោះ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា កម្ពុជា និងសាធារណរដ្ឋ​កូរ៉េ មាន​ទំនាក់ទំនង​ល្អជា​យូរ​មក​ហើយ​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​ស៊ីជម្រៅ និង​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​លើ​ច្រើន​វិស័យ ដោយ​ឈរ​លើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច ការ​ផ្លាស់​ប្តូរ​វប្បធម៌ និងការ​ជឿ​ទុកចិត្ត និង​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ​។

យើង​មាន​ចំណុចរួម​មួយ គឺ​កេរដំណែល​នៃ​ការ​ជម្នះ​ឧបសគ្គ​គ្រប់​បែប​យ៉ាង និង​សម្រេច​បាន​នូវ​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​គួរ​ឱ្យ​កត់សម្គាល់​ ​។ ប្រទេសទាំងពីរ ធ្លាប់រង​គ្រោះ​ដោយសារសង្គ្រាម ប៉ុន្តែ យើង​បានងើបឡើង​វិញ ប្រកបដោយ​ភាពធន់ និង​បាន​ប្រែក្លាយនិង​តម្រង់​ទិស​សេដ្ឋកិច្ច ឆ្ពោះទៅ​រក​វិបុលភាព​ ​។ ជវភាព​នៃ​ទំនាក់ទំនង​របស់​កម្ពុជា​-​កូរ៉េ ត្រូវ​បាន​ឆ្លុះ​បញ្ចាំង តាម​រយៈ​ទំនាក់ទំនង​ដ៏​រស់​រវើក រវាង​ប្រជាជន និង​ប្រជាជន​, ​ប្រជាប្រិយភាព​យ៉ាង​ទូលំទូលាយ​នៃ​រឿង​ភាគ តន្ត្រី និង​អាហារ​កូរ៉េ (K-dramas, K-pop, K-food) នៅ​កម្ពុជា និង​ការ​កើនឡើង​នៃ​ចំនួន​អាពាហ៍ពិពាហ៍ និង​ការ​រស់នៅ​ក្នុង​ប្រទេស​ទាំង​ពីរ ដោយ​ប្រជាជន​កម្ពុជា​ប្រមាណ ៥៩.៣៧៨ នាក់ កំពុង​រស់នៅ​សាធារណរដ្ឋ​កូរ៉េ ហើយ​ប្រជាជន​កូរ៉េ​ប្រមាណ ៧. ៨០០ នាក់ កំពុង​រស់នៅ​កម្ពុជា គិត​ត្រឹម​ឆ្នាំ ២០២៣ ។

ទន្ទឹម​នេះ សាធារណរដ្ឋ​កូរ៉េ គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​របស់​កម្ពុជា ដោយ​បាន​ចូលរួម​ពង្រឹងកម្លាំង​ពលកម្ម កែ​លម្អ​សេវា​សាធារណៈ និង​កសាង​មូលដ្ឋាន​គ្រឹះ សម្រាប់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ។​ ​ចាប់តាំងពី​ឆ្នាំ ២០១៦ មក រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ទិដ្ឋាការ ដែល​មាន​សុពលភាព ៣ ឆ្នាំ និង​អនុញ្ញាត​ឱ្យ​មានការ​ចេញ​-​ចូល​បាន​ច្រើន​ដង ជាមួយនឹង​ការ​បង់ថ្លៃ​សេវា​តែ​មួយ​លើក​ដល់​វិនិយោគិន​កូរ៉េ ដែល​កាន់​លិខិតឆ្លងដែន​ទូទៅ ដើម្បី​លើកទឹកចិត្ត និង​ជំរុញ​ការ​វិនិយោគ និង​ធុរកិច្ច​កូរ៉េ នៅ​កម្ពុជា ។ ជា​លទ្ធផល យើង​សង្កេត​ឃើញ ការ​កើនឡើង​នៃ​វត្តមាន​នៃ​គម្រោង​វិនិយោគ និង​សហគ្រាស​ពាណិជ្ជកម្ម​កូរ៉េ ទាំង​តូចទាំង​ធំនៅ​កម្ពុជា ។ ទន្ទឹម​គ្នា​នេះ ពាណិជ្ជកម្ម​ទ្វេភាគីបាន​កើនឡើង​លើស ១ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ ២០២៣ ដោយ​គ្រប់​ដណ្តប់​វិស័យ​ជា​ច្រើន ដូច​ជា វាយ​ន​ភណ្ឌ ផលិតផល​ធ្វើ​ដំណើរ កង់ គ្រឿងបន្លាស់​អេ​ឡិច​ត្រូ​និក កសិកម្ម និង​ការ​កែ​ច្នៃ​ផលិតផល​កសិកម្ម ។ ក្រុមហ៊ុនកូរ៉េ បាននិង​កំពុងដើរតួនាទី​ជា​តួអង្គគន្លឹះ ក្នុងទិដ្ឋភាពសេដ្ឋកិច្ច របស់​កម្ពុជា ។ ការ​ចូលរួម​របស់​ក្រុមហ៊ុន កូរ៉េ​នៅ​វិស័យ​ចម្រុះ ដូច​ជាកម្មន្តសាល អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និង​សេវាកម្ម​ហិរញ្ញវត្ថុ បាននិង​កំពុង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ។

ជា​ចុង​ក្រោយ សម្តេច​មហា​បវរ​ធិ​បតី បាន​ស្វាគមន៍​ចំពោះ​ការ​វិនិយោគ​បន្ថែម​របស់​សាធារណរដ្ឋ​កូរ៉េ ដោយ​កម្ពុជា នៅ​មាន​សក្ដានុពល​ដ៏​ធំ​សម្បើម សម្រាប់​កំណើន​នៃ​តម្លៃបន្ថែម ក្នុង​វិស័យ​កសិកម្ម ការ​កែ​ច្នៃ​ម្ហូបអាហារ និង​កម្មន្តសាល​ទំនើប ដោយ​សាធារណរដ្ឋ​កូរ៉េ អាច​ប្រើប្រាស់​ឯកទេស​ផ្នែក​បច្ចេកវិទ្យា​ក្នុង​ការ​កែប្រែ​ឧស្សាហកម្ម​កម្ពុជា និង​បង្កើត​កាលានុវត្តភាព ដែល​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ​។ បន្ថែម​លើ​នេះ រាជរដ្ឋាភិបាលបាន​បង្កើត​យន្តការ ក្នុង​ការ​ធានា​បាន​នូវ​បរិយាកាស​គាំទ្រ និង​អំណោយផល​ដល់​ភាព​ជោគជ័យ​នៃ​ធុរកិច្ច ដែល​មាន​ស្រាប់ និង​ធុរកិច្ច​ថ្មី ប្រកបដោយ​ភាព​បុ​រេ​សកម្ម តាម​រយៈ​ការ​ស្តាប់​យ៉ាង​យកចិត្តទុកដាក់ និង​ជា​ប្រចាំ​នូវ​បញ្ហា​ប្រឈម ដែល​វិនិយោគិន​លើក​ឡើង និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​វិស័យ​ឯកជន ដោយ​មិន​ខ្លាច​នឿយហត់ ដើម្បី​ដោះស្រាយ​បញ្ហា ប្រកបដោយ​ប្រសិទ្ធភាព និង​ស័​ក្កិ​សិទ្ធ​ភាព​ដោយ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម «​គិត​រួម​គ្នា​, ធ្វើ​រួម​គ្នា និង​ទទួលខុសត្រូវ​រួម​គ្នា​» ៕ អត្ថបទសហការ