ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

NPIC ​បញ្ជូន​សិក្ខាកាម​ចំនួន​ ១២២ នាក់ ​ចុះ​ហាត់ការ​នៅ​ក្រុមហ៊ុន​ឯកជន​ ដើម្បី​ដកស្រង់​បទពិសោធន៍​ពិត

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) បាន​បញ្ជូន​សិក្ខ​កាម​នៃ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ​១,៥ លាន​របស់​រាជរដ្ឋាភិបាល​ចំនួន​ ១២២​ នាក់​ចុះ​ហាត់​ការ​នៅ​ក្រុមហ៊ុន​ឯកជន…

រាជធានីភ្នំពេញ ៖ វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) បាន​បញ្ជូន​សិក្ខ​កាម​នៃ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ​១,៥ លាន​របស់​រាជរដ្ឋាភិបាល​ចំនួន​ ១២២​ នាក់​ចុះ​ហាត់​ការ​នៅ​ក្រុមហ៊ុន​ឯកជន លើ​ជំនាញ​ចំនួន​ ៤ ដើម្បី​ដកស្រង់​បទ​ពិសោធន៍​ពិត ខណៈ​សិក្ខាកាម​រំពឹង​ខ្ពស់​ក្នុង​ការ​ក្លាយជា​បុគ្គលិក​ពេញ​សិទ្ធិ​បន្ទាប់​ពី​ហាត់​ការ​រួច ​។

ការ​បញ្ជូន​សិក្ខាកាម​ទៅ​ចុះ​ហាត់​ការ​របស់​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​នៅ​ក្រុមហ៊ុន​ឯកជន​នេះ​បន្ទាប់​ពី​សិក្ខាកាម​បាន​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ​៧ បាន​ជិត​ ៤​ ខែ​រួច​មក​ហើយ ដោយឡែក​ការ​ចុះ​ហាត់​ការ​នៅ​ក្រុមហ៊ុន​ឯកជន​ពេល​នេះ​គឺជា​វគ្គ​ចុង​ក្រោយ​នៃ​ការ​សិក្សា​ជំនាញ​បច្ចេកទេស​របស់​សិក្ខាកាម ​។

បើ​តាម​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) ក្រុមហ៊ុន​ដែល​សិក្ខាកាម​ចុះ​ហាត់​ការ​មាន​ដូច​ជា Lotus Green Team, A2Z M&e Engineering Co,..Ltd, Fast Green, GTV, A C C E Service, Three L (Cambodia), Sokha Phnom Penh Hotel & Residence, Sokha Phnom Penh, Dara Airport City Hotel & Spa​ ។ ក្នុង​នោះ​ជំនាញ​ទាំង ​៤ ​មាន​ដូច​ជា ជំនាញ​ដំឡើង​បណ្តាញ​អគ្គិសនី​, ការ​ថែទាំ និង​ជុស​ជុល​រថយន្ត​, ការ​ថែទាំ និង​ជុស​ជុល​អគ្គិសនី​រថយន្ត​, សេវាកម្ម​បរិក្ខា​ត្រជាក់​ក្នុង​គេហដ្ឋាន​, និង​ផ្នែក​ទេសចរណ៍ មុខ​ជំនាញការ​ធ្វើ​នំ ​។

យុវជន សូ កក្កដា សិក្ខាកាម​សិក្សា​ជំនាញការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អាគារ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​លើក​ឡើង​ថា ​៖ «​សាលា​បាន​បញ្ជូន​ខ្ញុំ​មក​ចុះ​ហាត់​ការ​នៅ​ក្រុមហ៊ុន A2Z រយៈពេល​៣​ខែ បន្ទាប់​ពី​សិក្សា​ជំនាញ​នៅ​ក្នុង​ថ្នាក់​រួច​។ ខ្ញុំ​សប្បាយចិត្ត​ពេល​ដែល​បាន​ចុះ​ហាត់​ការ​នៅ​ក្រុមហ៊ុន​ឯកជន​នៅ​ពេល​នេះ ពីព្រោះ​វា​ជា​ឱកាស​ក្នុង​ពង្រឹងសមត្ថភាព​បន្ថែម​ទៀត​»​ ។

យុវជន​រូប​នេះ​បន្ថែម​ថា​ការ​ចុះ​ហាត់​ការ​នៅ​ក្រុមហ៊ុន​ឯកជន​នេះ​ក៏​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​សំណាក់​ក្រុមហ៊ុន​សមរម្យ​ជា​ប្រចាំខែ​ផង​ដែរ​ ។ ការ​ចុះ​ហាត់​ការ​នៅ​ក្រុមហ៊ុន​ឯកជន​នេះ​គឺជា​ឱកាស​ក្នុង​ការ​ក្លាយទៅជា​បុគ្គលិក​ពេញ​សិទ្ធិ​របស់​ក្រុមហ៊ុន​ផង​ដែរ ហើយ​សង្ឃឹមថា​ម្ចាស់​ក្រុមហ៊ុន​នឹង​ទទួល​ខ្លួន​ជា​បុគ្គលិក​ពេញ​សិទ្ធិ​បន្ទាប់​ពី​ហាត់​ការ​បាន​ ៣ ​ខែ​រួច​ ។

គួរ​កត់សម្គាល់​ដែរ​ថា ចាប់តាំងពី​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ១,៥ លាន​នាក់ សម្រាប់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​ ១៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ និង​បាន​បើក​បវេសនកាល​វគ្គ​ដំបូង​កាលពី​ថ្ងៃ​ទី​ ១៥ ខែមករា ឆ្នាំ ​២០២៤ កន្លង​ទៅ សិក្ខាកាម​ទូ​ទាំង​ប្រទេស​បាន​នឹង​កំពុង​សិក្សា​ជំនាញ​នានា​ដែល​ខ្លួន​ពេញចិត្ត ខណៈ​ដែល​សិក្ខាកាម​មួយ​ចំនួន​ក៏​បាន​នឹង​កំពុង​ចុះ​ហាត់​ការ​នៅ​បណ្តា​ក្រុមហ៊ុន​ឯកជន ដើម្បី​ពង្រឹងសមត្ថភាព និង​ចាប់​យក​ឱកាស​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន បន្ទាប់​ពី​បញ្ចប់​វគ្គ​ហាត់​ការ​រួច​ផង​ដែរ​ ៕ អត្ថបទសហការ