ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គ្រឹះស្ថានបណ្តុះបណ្តាលទូទាំងប្រទេសរបស់ក្រសួងការងារ ចាប់ផ្តើមធ្វើតេស្តវាយតម្លៃសមត្ថភាពសិក្ខាកាមកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1)

6 ខែ មុន

រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤ នេះតទៅ គ្រឹះបណ្តុះបណ្តាលបច្ចេកទេសទូទាំងប្រទេសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ…

រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤ នេះតទៅ គ្រឹះបណ្តុះបណ្តាលបច្ចេកទេសទូទាំងប្រទេសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្ដើមធ្វើតេស្តវាយតម្លៃសមត្ថភាពបញ្ចប់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីបញ្ជាក់សមត្ថភាពរបស់សិក្ខាកាមមុនឈានជើងចូលទីផ្សារ ។ 

ឯកឧត្តម ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ក្នុងពិធីប្រឡងនៅថ្ងៃទី ១៥ ខែឧសភានេះថា ការធ្វើតេស្តបញ្ចប់វគ្គបណ្ដុះបណ្ដាលនាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់យុវជនដែលជាសិក្ខាកាមដើម្បីបញ្ជាក់ពីសមត្ថភាពការងារដោយពិតប្រាកដបន្ទាប់ពីបានសិក្សារយៈពេល ៤ ខែកន្លងមកនេះ ។ 

ឯកឧត្តមបានបញ្ជាក់ទៀតថា «ការធ្វើតេស្តសមត្ថភាពខុសពីការប្រឡង ។ តេស្តសមត្ថភាពគឺជាអ្វីដែលគាត់អាចធ្វើបាន» ។ បើតាមឯកឧត្តមអគ្គនាយក ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផ្ដោតសំខាន់លើការអនុវត្តច្រើនជាងទ្រឹស្ដីដើម្បីត្រៀមខ្លួនចូលបម្រើក្នុងទីផ្សារការងារព្រោះសិក្ខាកាមសុទ្ធតែបាន ចុះកម្មសិក្សានៅតាមគ្រឹះស្ថានឯកជននានាដើម្បីពង្រឹងសមត្ថភាពចំណេះជំនាញរបស់ខ្លួនយ៉ាងពិតប្រាកដ ។ 

សូមបញ្ជាក់ថា គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសចំនួន ៣៥ ក្នុងចំណោមគ្រឹះស្ដាបទាំង ៣៧ ស្ថិតក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើ្បង្រៀនវេនចន្ទ-សុក្រពេញមួយថ្ងៃ បានផ្តើមការធ្វើតេស្តបញ្ជាក់សមត្ថភាពដោយបែងចែកជា៣លើក ។ ក្នុងនោះគ្រឹះស្ថានចំនួន ១៤ ដែលរួមមានវិទ្យាស្ថានទាំង ៤ នៅរាជធានីភ្នំពេញ បានផ្តើមធ្វើតេស្តមុនគេនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤ នេះ ។ ដោយឡែកគ្រឹះស្ថានចំនួន ១១ ផ្សេងទៀត នឹងធ្វើតេស្តនៅថ្ងៃទី ២០ ខែឧសភា ខណៈដែលគ្រឹះស្ថានចំនួន ១០ ដទៃទៀត នឹងធ្វើតេស្តនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ ខាងមុខ ។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ បានដាក់ចេញនូវគោលនយោបាយថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១.៥ លាននាក់ ដែលជាចំណុចអាទិភាពមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ ដើម្បីឱ្យយុវជនក្រុមគោលដៅ ឆាប់ទទួលបានឱកាសការងារសមរម្យក្នុងរយៈពេលខ្លីក្នុងទិសដៅកែប្រែនិងលើកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរតាមរយៈយុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិតដែលមានភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ និងឆ្លើយតបបានតាមតម្រូវការទីផ្សារប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន ៕ អត្ថបទសហការ