ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ស្តារ​ប្រឡាយ​មេ​៩៦​ នៃ​គម្រោង​ដោះ​ទឹក និង​ពង្វាង​ទឹក​ពី​រាជធានី​ភ្នំពេញ ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល

2 អាទិត្យ មុន

រាជធានីភ្នំពេញ៖ ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម…

រាជធានីភ្នំពេញ៖ ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ​ឯកឧត្តម​ថ្នាក់ដឹកនាំ មន្ត្រី​បច្ចេកទេស​ក្រសួង និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកណ្តាល​និង​ខេត្តតាកែវ បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ជីក​ស្តារ​ប្រឡាយ​មេ​៩៦ និង​ព្រែក​គង់​នៃ​គម្រោង​ដោះ​ទឹក និង​ពង្វាង​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ក្នុងភូមិ​សាស្ត្រ​សង្កាត់​កំពង់​សំណាញ់ សង្កាត់​រកា​ខ្ពស់ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ការងារ​ជីក​ស្តារ​ប្រឡាយ​មេ​៩៦ និង​ព្រែក​គង់​ប្រវែង​៣៤​គីឡូម៉ែត្រ និង​មានមុខ​កាត់​ទទឹង​ពី​៨០​ទៅ​១០០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ជា​ផ្នែក​មួយ​នៃ​គម្រោង​ប្រព័ន្ធ​រំដោះ​ទឹក និង​ពង្វាង​ទឹកជំនន់​ទឹកភ្លៀង ​សម្រាប់​បញ្ចៀស​ការ​ជន់​លិច ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ក្រុង​តា​ខ្មៅ និង​តំបន់​រណប ដើម្បី​ជួយ​រំដោះ​ទឹក​ផ្នែក​ខាងលើ​ព្រ​លាន​យន្តហោះ​ថ្មី ដោយ​នាំ​ទឹក​ចេញពី​ស្ទឹង​ព្រែក​ត្នោត ​ត្រង់​ម្តុំ​ព្រែក​ហូរ​និង​តំបន់ X1 វាង​ព្រ​លាន​យន្តហោះ​ ចូល​ទៅ​បឹង​ជើង​លោង ព្រែក​អំបិល និង​ធ្លាក់​ទៅ​សមុទ្រ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម​ថា ក្រសួង​ធនធានទឹក និង​ឧតុនិយម ដោយ​មានការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​គម្រោង​ផែនការ​ដើម្បី​ដោះ​ទឹក និង​ពង្វាង​ទឹក​ក្នុង​រដូវវស្សា​ចេញពី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ដែល​តែងតែ​កើត​មាននៅ​រដូវប្រាំង​នៅ​តំបន់​ជុំវិញ រួម​មាន​ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និង​ខេត្តតាកែវ ប្រកបដោយ​ស័ក្តិសិទ្ធិ​ភាព និង​និរន្តរភាព ​។

សូម​ជម្រាប​ថា រហូត​មក​ដល់​ពេល​នេះ វឌ្ឍនភាព​ការងារ​ជីក​ស្តារ​ប្រឡាយ​មេ​៩៦ សម្រេច​បាន​ប្រមាណ ៦៥%​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ដល់​ក្រុមការងារ​សាងសង់ និង​បាន​ណែនាំ​ដល់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​រាជធានី​-​ខេត្ត​ដែល​ពាក់ព័ន្ធ​ឱ្យ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ជំរុញ​ការ​អនុវត្ត​គម្រោង​ឱ្យ​សម្រេច​បាន​ជោគជ័យ​តាម​ផែនការ​គ្រោងទុក ប្រកប ដោយ​គុណ​ភាពរឹងមាំ ស្រប​តាម​បទដ្ឋាន​បច្ចេកទេស ធានា​ដល់​ការ​ប្រើប្រាស់​បាន​យូរអង្វែង​ ។

គួរ​បញ្ជាក់​ថា គម្រោង​ដោះ​ទឹក និង​ពង្វាង​ទឹក​សម្រាប់​បញ្ចៀស​ការ​ជន់​លិច​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ត្រូវ​អនុវត្ត​ជា​បី​ជំហាន ក្នុង​នោះ​ការងារ​សំខាន់​ៗ​នៃ​គម្រោង​រួម​មាន​៖ ទី​១)​ស្តារ​ប្រឡាយ​មេ​រលាំង​ជ្រៃ​ខាងជើង រលាំង​ជ្រៃ​ខាងត្បូង ក្នុង​ខេត្តកំពង់ស្ពឺ ទី​២)​ស្តារ​ស្ទឹងតូច ក្នុង​ខេត្តកំពង់ស្ពឺ និង​ខេត្តកណ្តាល ទី​៣)​ស្តារ​ប្រឡាយ​៩០ និង​ប្រឡាយ​៩៦ ក្នុង​ខេត្តកណ្តាល ទី​៤)​ស្តារ​ប្រឡាយ​៥៩ ក្នុង​ខេត្តកណ្តាល ទី​៥)​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​មេជើង​ឯក ក្នុង​រាជធានី​ភ្នំពេញ និង​ទី​៦)​សាងសង់​ស្ថានីយ​បូមទឹក​ចំនួន ៤​កន្លែង ប្រើ​ម៉ូ​ទ័​រដែ​ល​ដើរ​ដោយ​ចរន្តអគ្គិសនី​ចំនួន​២៧ គ្រឿង ​៕ អត្ថបទសហការ