ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម​ ថោ ជេដ្ឋា ចុះ​ពិនិត្យ​វឌ្ឍនភាពគម្រោង​ដោះ​ទឹក និង​ពង្វាង​ទឹក​ចេញពីភូមិសាស្ត្រ​រាជធានី​ភ្នំពេញ

2 អាទិត្យ មុន

​ខេត្តកំពង់ស្ពឺ ៖ នៅ​ថ្ងៃ​ទី​ ៤ ខែឧសភា ឆ្នាំ​ ២០២៤ នេះ ឯកឧត្តម ថោ…

​ខេត្តកំពង់ស្ពឺ ៖ នៅ​ថ្ងៃ​ទី​ ៤ ខែឧសភា ឆ្នាំ​ ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ​ឯកឧត្តម​ថ្នាក់ដឹកនាំ មន្ត្រី​បច្ចេកទេស​ក្រសួង​និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ រួម​ជាមួយ​ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គម្រោង​ដោះ​ទឹក និង​ពង្វាង​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ​ ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ជា​រៀង​រាល់​ឆ្នាំ នៅ​រដូវវស្សា​បរិមាណ​ទឹកភ្លៀង​ដ៏​ច្រើន បាន​ហូរ​ធ្លាក់​ពី​តំបន់​ភ្នំ​ឱ​រ៉ា​ល់​ក្នុង​ខេត្តកំពង់ស្ពឺ និង​ពី​តំបន់​ភ្នំក្រវាញ តាម​ព្រែក​នានា​ហូរ​ចូល​មក​ស្ទឹង​ព្រែក​ត្នោត​ធ្វើ​ឱ្យ​បរិមាណ​ទឹកស្ទឹង​ព្រែក​ត្នោត​កើនឡើង​ពី ​១៣០០ ​ទៅ ​២០០០​ ម៉ែត្រគូប​ក្នុង​មួយ​វិនាទី ខណៈ​សំណង់​ដោះ​ទឹក​នៅ​កំពង់ទួល​ទឹកថ្លា​នៅ​ផ្នែក​ខាងក្រោម​អាច​ដោះ​ទឹកបាន​ប្រមាណ ៨៥០​ ម៉ែត្រគូប​ក្នុង​មួយ​វិនាទី រួម​ផ្សំ​កម្ពស់​ទឹក​នៅ​តាម​អាង​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់​ហក់​ឡើង​ខ្ពស់ និង​បរិមាណ​ទឹក​ដ៏​ច្រើន​ពី​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៅ​ជុំវិញ​ផង ជា​ហេតុ​ធ្វើ​ឱ្យ​មានការ​ជន់​លិច​តំបន់​ជុំវិញ​រាជធានី​ភ្នំពេញ និង​តំបន់​រណប និង​ផ្នែក​ខ្លះ​នៃ​ខេត្តកណ្តាល ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា តប​តាម​ការ​ចង្អុលបង្ហាញ​ប្រកបដោយ​យុទ្ធសាស្ត្រ​ជាក់លាក់​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ហា​ជន់​លិច​ក្នុង​អាង​ស្ទឹង ​និង​ទន្លេ តាម​រយៈ​ការ​កំណត់​តំបន់​លិច​ទឹកជា​ប្រចាំ តំបន់​លិច​ទឹក​ហើយ​និង​ស្រក​ទៅ​វិញ និង​តំបន់​លិច​ទឹក​ដោយសារ​ការ​អភិវឌ្ឍ​ផ្សេង​ៗ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​រៀបចំ​នូវ​ផែនការ​គ្រប់គ្រង​ទឹក ប្រើប្រាស់​ទឹក និង​បញ្ជា​ទឹក ព្រមទាំង​អភិវឌ្ឍ​ធ្វើ​ទំនើប​កម្ម​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដោះ​ទឹកជំនន់​ទឹកភ្លៀង និង​បង្វែរ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ដើម្បី​ធានា​បាន​នូវ​សន្តិសុខ និង​សុវត្ថិភាព​ទឹក​ប្រកបដោយ​ស័ក្តិសិទ្ធិ​ភាព​ដល់​រាជធានី​ភ្នំពេញ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ត​ឱ្យ​ដឹង​ថា គម្រោង​ពង្វាង​ទឹក​នេះ​មានការ​ស្តារ​ប្រឡាយ​ចំនួន​ ១០ ​ខ្សែ ប្រវែង​ប្រមាណ ២៦០ ​គីឡូម៉ែត្រ និង​មានការ​សាងសង់​ស្ថានីយ​បូមទឹក ដើម្បី​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ដោះ​ទឹក​ឱ្យ​បាន​ឆាប់​ធ្លាក់​ចូល​ទៅ​ក្នុង​អាង​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ហើយ​រហូត​មក​ដល់​ពេល​នេះ​វឌ្ឍនភាព​ការងារ​សម្រេច​បាន​ប្រមាណ ៦០% ​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​ ៥ ខែតុលា ឆ្នាំ​ ២០២៣ ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង ដឹកនាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តី​ពី​សមាហរណកម្ម​ផែនការ​ការងារ​ដោះ​ទឹក​និង​បង្វែរ​ទឹកភ្លៀង​ និង​ជំនន់​ទឹកភ្លៀង​គ្រប់​ច្រក​ចេញពី​រាជធានី​ភ្នំពេញ អង្គប្រជុំ​បាន​សម្រេច​ឱ្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ទទួល​បន្ទុក​ធ្វើការ​ដោះ​ទឹក និង​ពង្វាង​ទឹក​ចេញពី​តំបន់​ជុំវិញ​រាជធានី​ភ្នំពេញ​ទៅ​តាម​គ្រប់​ច្រក​ទាំងអស់​នៅ​ផ្នែក​ខាងក្រៅ​ចូល​ទៅ​ក្នុង​អាង​ទន្លេ ដោយឡែក​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​សាលា​រាជធានី​ភ្នំពេញ​ទទួល​បន្ទុក​កិច្ចការ​ដោះ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ចេញពី​ផ្ទៃក្នុង​រាជធានី​ភ្នំពេញ​តាម​ប្រព័ន្ធ​លូ​នានា​ និង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ ៕ អត្ថបទសហការ