រាជធានីភ្នំពេញ ៖ ការញ៉ាំអាហារដែលមានសុខភាពល្អ គឺសំខាន់ចំពោះសុខុមាលភាពរបស់កុមារ ។ កុមារដែលលើសទម្ងន់ ប្រឈមនឹងបញ្ហាសុខភាពរ៉ាំរ៉ៃ ។ មានគន្លឹះសម្រាប់គ្រួសារ ដើម្បីជួយកុមារឱ្យញ៉ាំអាហារដែលមានសុខភាពល្អ ៖
១. ញ៉ាំអាហារពេលព្រឹកជារៀងរាល់ថ្ងៃ ។ ការរំលងអាហារពេលព្រឹកអាចធ្វើឱ្យកូនរបស់អ្នកឃ្លាន អស់កម្លាំង និងស្វែងរកអាហារដែលមិនសូវមានសុខភាពល្អមកញ៉ាំនៅពេលក្រោយ ។
២. រៀបចំផែនការអាហារដែលមានសុខភាពល្អ ហើយញ៉ាំជាមួយគ្នា ។ ការញ៉ាំអាហារជាមួយគ្នាជួយឱ្យកុមាររៀនរីករាយនឹងអាហារផ្សេងៗ ។
៣. ទិញ និងរក្សាទុកនូវបន្លែ និងផ្លែឈើបន្ថែម (ស្រស់ កក ឬកំប៉ុង) ដាក់នៅក្នុងផ្ទះ ។ អនុញ្ញាតឱ្យកូនរបស់អ្នកជ្រើសរើសរបស់ដែលមានសុខភាពល្អនៅតាមហាង ។
៤. កុំទិញទឹកក្រូច និងអាហារសម្រន់ដែលមានជាតិខ្លាញ់/កាឡូរីខ្ពស់ដូចជា ចំណិតដំឡូងបារាំង ខូឃី និងស្ករគ្រាប់ ។ អាហារសម្រន់ទាំងនេះមិនអីទេពេលញ៉ាំម្តងម្កាល ប៉ុន្តែសូមរក្សាអាហារសម្រន់ដែលមានសុខភាពល្អនៅក្នុងដៃឱ្យបានច្រើនផងដែរ ហើយផ្តល់ជូនកូនរបស់អ្នកឱ្យបានញឹកញាប់ជាងមុន ។
៥. ចាប់ផ្តើមជាមួយនឹងការឱ្យញ៉ាំនូវបរិមាណតូចៗ ហើយឱ្យកូនរបស់អ្នកសុំបន្ថែម ប្រសិនបើគាត់នៅតែឃ្លាន ។
៦. ផ្តល់ទឹកឱ្យកូនរបស់អ្នក ឬទឹកដោះគោមានជាតិខ្លាញ់តិចញឹកញាប់ជាងទឹកផ្លែឈើស្រស់ ។ ទឹកផ្លែឈើស្រស់ គឺជាជម្រើសដ៏ល្អសម្រាប់សុខភាព ប៉ុន្តែមានកាឡូរីខ្ពស់ ។
៧. ញ៉ាំអាហារកំប៉ុង អាហារចម្អិនស្រាប់ ឬអាហារលឿន fast food តិចជាងមុន ។ នៅពេលអ្នកទៅភោជនីយដ្ឋានអាហាររហ័ស សូមសាកល្បងជម្រើសអាហារដែលមានប្រយោជន៍សម្រាប់សុខភាព ។
៨. កុំបាក់ទឹកចិត្ត ប្រសិនបើកូនរបស់អ្នកនឹងមិនញ៉ាំអាហារថ្មី នៅពេលឱ្យកូនញ៉ាំជាលើកដំបូង ។ ក្មេងខ្លះត្រូវការអាហារថ្មី ១០ ដង ឬច្រើនជាងនេះមុនពេលពួកគេទម្លាប់ក្នុងការញ៉ាំវា ។
៩. ព្យាយាមកុំប្រើអាហារជារង្វាន់ ពេលលើកទឹកចិត្តកូនឱ្យញ៉ាំ ។
១០. ជ្រើសរើសអាហារដែលមានសុខភាពល្អ ដោយដាក់អាហារដែលមានជីវជាតិឱ្យពួកគេងាយស្រួលមើល និងរក្សាទុកអាហារដែលមានកាឡូរីខ្ពស់មិនអាចមើលឃើញ ។
អាហារសម្រន់ដែលមានសុខភាពល្អ មានដូចជា ៖ ផ្លែឈើស្រស់ ឬកក, ផ្លែឈើស្ងួត, បន្លែស្រស់ៗដូចជា ការ៉ុត ត្រសក់ ឬប៉េងប៉ោះ, កាត់បន្ថយឈីស ខ្លាញ់ ឬប៊ឺសណ្ដែកដី ពេលញ៉ាំជាមួយនំប៉័ង និងទឹកដោះគោជូរមានជាតិខ្លាញ់ទាបជាមួយផ្លែឈើ ។
រូបមន្ត 5-2-1-0 សម្រាប់ការកសាងជីវិតដែលមានសុខភាពល្អ និងសកម្ម ៖ ទទួលទានផ្លែឈើ និងបន្លែយ៉ាងតិច ៥ មុខក្នុងមួយថ្ងៃ, មើលអេក្រង់ ដូចជាទូរទស្សន៍ ហ្គេមវីដេអូ កុំព្យូទ័រ ក្រោម ២ ម៉ោង ឬតិចជាងនេះក្នុងមួយថ្ងៃ, ធ្វើសកម្មភាពរាងកាយ ១ ម៉ោង ឬច្រើនជាងនេះជារៀងរាល់ថ្ងៃ និងផឹកភេសជ្ជៈផ្អែម ០ កែវ ។ កុំញ៉ាំសូដា ភេសជ្ជៈកីឡា និងសូម្បីតែទឹកផ្លែឈើ ជំនួសមកវិញជាមួយនឹងទឹកដោះគោ និងទឹក ។
ដើម្បីដោះស្រាយទម្លាប់នៃការញ៉ាំរបស់កូនអ្នក សូមបន្តគាំទ្រពួកគេ ។ ជួយកូនរបស់អ្នកកំណត់គោលដៅជាក់លាក់ និងតាមដានការរីកចម្រើនរបស់គេ ។ ផ្តល់រង្វាន់ដល់ភាពជោគជ័យជាមួយនឹងការសរសើរ និងការឱប ។ ប្រាប់កូនរបស់អ្នកថា គេគួរឱ្យស្រឡាញ់ ពិសេស និងសំខាន់ ៕ ប្រភព ៖ eclkc
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនផ្តល់ជូនកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីភាសាអង់គ្លេសសិស្សធំ កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ និងកម្មវិធីភាសាចិន ។ វគ្គសិក្សាថ្មីចូលរៀនចាប់ពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ តទៅ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ៤០% និងធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារសិក្សារហូតដល់ ៥ ឆ្នាំ ។ លើពីនេះសាលារៀនក៏បន្ថែមនូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ