រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី ១៤ ខែឧសភា ឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដឹកនាំដោយ លោកជំទាវ ខៀវ សស៊ីលៀប បានធ្វើទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន និងបាននាំយកថវិកា 60,105 ដុល្លារអាមេរិក ដែលបានមកពីក្រុមគ្រួសារក្រុមហ៊ុនហនុមានផ្ទាល់ និងក្រុមវប្បធម៌រថយន្តកម្ពុជា-Cambodia Car Culture ដឹកនាំដោយ ឯកឧត្តម ទៀ ស្យាម ព្រមទាំងការកៀរគរថវិកាពីសប្បុរសជន ដែលពួកគាត់បានចូលរួមចំណែកចេញពីបេះដូងក្នុងការចែករំលែកក្តីស្រលាញ់ មេត្តាធម៌ តាមរយៈការចូលរួមបរិច្ចាគ ថវិកាផ្ទាល់ខ្លួន ក្នុងយុទ្ធនាការសប្បុរសធម៌ ដំណើរពីបេះដូង-Journey from the Heart ដែលបានរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ កាលពីថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២៤ នៅកោះពេជ្រ រាជធានីភ្នំពេញកន្លងទៅនេះ ។
ការស្វែងរកថវិកានេះគឺ ដើម្បីគាំទ្រដល់ប្រតិបត្តិការ របស់មជ្ឈមណ្ឌលក្នុងការផ្តល់ការថែទាំ និងការព្យាបាលកុមារ ដែលមានជំងឺមហារីក ដោយឥតគិតថ្លៃ ប្រកបដោយគុណភាពដល់កុមារកម្ពុជា ។
កម្មវិធីបរិច្ចាគនេះធ្វើឡើងនៅមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ក្រោមអធិបតីភាពរបស់ លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ឯកឧត្តម ទៀ ស្យាម ស្ថាបនិក នៃក្រុមវប្បធម៌រថយន្តកម្ពុជា (Cambodia Car Culture) និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវ ខៀវ សស៊ីលៀប បានមានប្រសាសន៍ថា ៖ “ យុទ្ធនាការ ដំណើរពីបេះដូង Journey from Heart គឺត្រូវបានផ្តួចផ្តើមឡើង ក្នុងការចូលរួមសកម្មភាពទំនួលខុសត្រូវក្នុងសង្គមរបស់ក្រុមហ៊ុន ជាពិសេសការជួយសម្រាលនូវទុក្ខលំបាកនានា ដែលមានជាក់ស្តែង និងជាតម្រូវការចាំបាច់ក្នុងការជួយឧបត្ថម្ភដល់អ្នកដែលពិតជា ត្រូវការជំនួយពីក្រុមហ៊ុនហនុមាន។ បេសកកម្មដំណើរពីបេះដូង Journey from the heart គឺជាយុទ្ធនាការដែលក្រុមហ៊ុន នឹងនៅតែបន្តដើម្បីបុព្វហេតុក្នុងការចូលរួមជួយដល់សង្គម ដែលផ្តោតសំខាន់លើកុមារ បរិស្ថាន សិល្បៈ វប្បធម៌ និងបុព្វហេតុ ជួយដល់សកម្មភាពផ្សេងៗក្នុងការជំរុញវិសាលភាពជួយសង្គមឲ្យកាន់តែប្រសើរប្រកបដោយលក្ខណៈវិជ្ជមាន ។”
សម្រាប់ចក្ខុវិស័យ និងបេសកកម្មវែងឆ្ងាយរបស់ក្រុមហ៊ុនហនុមាន ប៊ែវវើរីជីស គឺក្រុមហ៊ុននៅតែបន្ត សកម្មភាពនៃដំណើរ ចេញបេះដូង-Journey from the heart ក្នុងការចូលរួមចែករំលែកក្តីស្រលាញ់ និងជួយដល់សង្គម គាំទ្រដល់ ការអភិវឌ្ឍប្រទេសជាតិ តាមរយៈសកម្មភាព និងមធ្យោបាយដែលអាចធ្វើទៅបាន ។ លោកជំទាវបានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន គ្រូពេទ្យស្ម័គ្រចិត្តជប៉ុន និងគ្រូពេទ្យខ្មែរ ទាំងអស់ដែលបានលះបង់ និងបានជួយសង្គ្រោះជីវិតកុមារកម្ពុជាយើង ដោយពុំគិតប្រាក់កំរៃ ដែលសកម្មភាពទាំងអស់នេះ គឺពិតជាឆ្លុះបញ្ចាំងពីគុណធម៌ មនុស្សធម៌ និង មេត្តាធម៌ ចេញពីបេះដូងរបស់លោក លោកស្រីយ៉ាងពិតប្រាកដ ។ លោកជំទាវស្ថាបនិកាមានប្រសាសន៍ថា “ខ្ញុំសូមអរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យ នឹងអ្នកស្ម័គ្រចិត្តទាំងអស់ដែលបាន លះបង់កម្លាំងកាយចិត្ត យកចិត្តទុកដាក់ ផ្តល់ក្តីស្រលាញ់ ដល់ក្មួយៗដែលបាននឹងកំពុងទទួលការព្យាបាលនិងកុមារ ដែលស្វែងរកសេវាព្យាបាល ទទួលបាននូវក្តីសង្ឃឹមឡើងវិញ និងស្នាមញញឹមសាជាថ្មី ។”
លោកជំទាវក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ទៀ ស្យាម ស្ថាបនិក វប្បធម៌រថយន្តកម្ពុជា-Cambodia Car Culture និងសប្បុរសជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ចូលរួមយ៉ាងសកម្មក្នុងការស្វែងរក ថវិកាដើម្បីជួយ សង្គ្រោះដល់កុមារនៅមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ដែលបាននិងកំពុងត្រូវការជំនួយពីសប្បុរសជនក្នុងការ បន្តដំណើរដ៏វែងឆ្ងាយរបស់ពួកគេ។
នាពេលថ្មីៗនេះ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានផ្តើមយុទ្ធនាការដំណើរបេះដូង Journey from the Heart ដែលមានគោលបំណងលើកស្ទួយសកម្មភាពទំនួលខុសត្រូវក្នុងសង្គម និងជាគំរូល្អមួយក្នុងសង្គម។ សកម្មភាពមនុស្សធម៌ទាំងនេះ គឺពិតជាមានគុណតម្លៃខ្លាំងណាស់ ក្នុងការចែករំលែកក្តីស្រលាញ់ ផ្តល់ក្តីសង្ឃឹម ស្នាមញញឹមសាជាថ្មីដល់កុមារ និងចូលរួមជំរុញ ផ្សព្វផ្សាយវិសាលភាព នៃសិល្បៈ វប្បធម៌ តំបន់ទេសចរណ៍ ការការពារបរិស្ថាន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឈន៍ប្រទេសជាតិប្រកបដោយចីរភាព ។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស តាមរយៈ www.facebook.com/hanumanbeverageskh ឬចូលទៅកាន់គេហទំព័រ ៖www.hanumanbeverages.com.kh ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ