ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស ១,៥​លាន​នាក់ ​៖ សិក្ខាកាម​សប្បាយចិត្ត​នៅ​ពេល​មានឱកាស​ចុះ​ហាត់​ការ​នៅ​បណ្តា​ក្រុមហ៊ុន​ឯកជននានា

2 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ យុវជន​នៃ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ១,៥ លាន​នាក់ លើក​ឡើង​ថា ​ខ្លួន​សប្បាយចិត្ត​នៅ​ពេល​មានឱកាស​ចូល​ហាត់​ការ​នៅ​ក្រុមហ៊ុន​ឯកជន ពីព្រោះ​វា​ជា​ឱកាស​ក្នុង​ការ​ពង្រឹងសមត្ថភាព​បន្ទាប់​ពី​បាន​សិក្សា​នៅ​ក្នុង​ថ្នាក់​អស់​ជិត​ ៤​…

រាជធានីភ្នំពេញ ៖ យុវជន​នៃ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ១,៥ លាន​នាក់ លើក​ឡើង​ថា ​ខ្លួន​សប្បាយចិត្ត​នៅ​ពេល​មានឱកាស​ចូល​ហាត់​ការ​នៅ​ក្រុមហ៊ុន​ឯកជន ពីព្រោះ​វា​ជា​ឱកាស​ក្នុង​ការ​ពង្រឹងសមត្ថភាព​បន្ទាប់​ពី​បាន​សិក្សា​នៅ​ក្នុង​ថ្នាក់​អស់​ជិត​ ៤​ ខែ​កន្លង​ទៅ និង​អាច​ចាប់​យក​ឱកាស​ការងារ​ក្លាយជា​បុគ្គលិក​ពេញ​សិទ្ធិ​នៅ​ក្រុមហ៊ុន​ឯកជន​នោះ​ផ្ទាល់​តែ​ម្តង​ក្រោយ​បញ្ចប់​វគ្គ​ហាត់​ការ ​។

យុវជន ជុំ ចំរើន សិក្ខាកាម​សិក្សា​ផ្នែក​សំណង់ ជំនាញ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អាគារ នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា បាន​លើក​ឡើង​ថា ​៖ «​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​បាន​មានឱកាស​ចុះ​ហាត់​ការ​នៅ​ក្រុមហ៊ុន ឯកជន​ឈ្មោះ Lotus ដែល​ជា​ក្រុមហ៊ុន​ផ្នែក​សំណង់ ព្រោះ​ខ្ញុំ​បាន​រៀន​ជំនាញ​នៅ​ក្នុង​ថ្នាក់​ហើយ បន្ទាប់​មក​បាន​ចុះ​អនុវត្ត​ផ្ទាល់​នៅ​ក្រុមហ៊ុន​ឯកជន​ថែម​ទៀត​» ​។ យុវជន​រូប​នេះ​បន្ថែម​ថា នៅ​វគ្គ​ចុះ​ហាត់​ការ​នេះ​ខ្លួន​រំពឹង​យ៉ាង​មុតមាំ​ថា ​នឹង​មានឱកាស​ក្នុង​ការ​បម្រើ​ការងារ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​នៅ​ក្រុមហ៊ុន​ដែល​កំពុង​ចុះ​ហាត់​ការ​នេះ​ផ្ទាល់​តែ​ម្តង ពីព្រោះ​ការ​ហាត់​ការ​រយៈពេល​១​ ខែ​មកនេះ​មាន​ភាពល្អ​ប្រសើរ ហើយ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​ក្រុមហ៊ុន​ផ្ទាល់​តែ​ម្តង ​។

ដោយឡែក​យុវជន សូ កក្កដា សិក្ខាកាម​ម្នាក់​ទៀត​សិក្សា ផ្នែក​សំណង់ ជំនាញ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អាគារ នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ក៏​បាន​លើក​ឡើង​ដែរ​ថា ​៖ «​ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​រៀន​ជំនាញ​ក្នុង​ថ្នាក់​បាន​យ៉ាង​ល្អ ហើយ​មានឱកាស​ចុះ​ហាត់​ការ​នៅ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ A2Z ដែល​ជា​ក្រុមហ៊ុន​ផ្នែក​សំណង់ ពីព្រោះ​វា​ជា​ឱកាស​រៀនសូត្រ​បន្ថែម ពង្រឹងសមត្ថភាព និង​ជា​ពិសេស​នឹង​អាច​មានឱកាស​ធ្វើការ​នៅ​ក្រុមហ៊ុន​ដ៏​ល្អ​នេះ​ផង​ដែរ​» ​។ យុវជន​រូប​នេះ​បន្ថែម​ថា ខ្លួន​បាន​ចុះ​ហាត់​ការ​បាន​រយៈពេល​ ១ ​ខែ​ហើយ បន្ទាប់​ពី​សិក្សា​ជំនាញ​អស់​រយៈពេល​ជិត​ ៤ ​ខែ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ហើយ​រំពឹង​ថា ​ក្រុមហ៊ុន​នឹង​អាច​ជ្រើសរើស​ខ្លួន​ក្លាយជា​បុគ្គលិក​ពេញ​សិទ្ធិ​បន្ទាប់​ពី​បញ្ចប់​ការ​ហាត់​ការ​នៅ​ទី​នេះ​ ។

ទន្ទឹម​នឹង​នេះ​សិក្ខាកាម​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ដាក់​ចេញ​នូវ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​និង​បច្ចេកទេស​នេះ​ឡើង ដែល​វា​ឱកាស​សម្រាប់​យុវជន​ក្នុង​ការ​សិក្សា​ជំនាញ​ដែល​មាន​រយៈពេល​ខ្លី ហើយ​អាច​រក​ការងារ​បាន​ធ្វើ​ថែម​ទៀត​ផង​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់តាំងពី​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ១,៥ លាន​នាក់ សម្រាប់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ កាលពី​ថ្ងៃ​ទី​ ១៤ ខែវិច្ឆិកា ឆ្នាំ ​២០២៣ និង​បាន​បើក​បវេសនកាល​វគ្គ​ដំបូង​កាលពី​ថ្ងៃ​ទី​ ១៥ ខែមករា ឆ្នាំ ​២០២៤ កន្លង​ទៅ សិក្ខាកាម​ទូ​ទាំង​ប្រទេស​បាន​នឹង​កំពុង​សិក្សា​ជំនាញ​នានា​ដែល​ខ្លួន​ពេញចិត្ត ខណៈ​ដែល​សិក្ខាកាម​មួយ​ចំនួន​ក៏​បាន​នឹង​កំពុង​ចុះ​ហាត់​ការ​នៅ​បណ្តា​ក្រុមហ៊ុន​ឯកជន ដើម្បី​ពង្រឹងសមត្ថភាព និង​ចាប់​យក​ឱកាស​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន បន្ទាប់​ពី​បញ្ចប់​វគ្គ​ហាត់​ការ​រួច​ផង​ដែរ​ ៕ អត្ថបទសហការ