ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វី​តា​ល់ ផ្ដួចផ្ដើម​រៀបចំ​ទិវា ​ឆ្មប​ជាតិ​-​អន្តរជាតិ ក្នុង​អត្ថន័យ​លើកកម្ពស់ ​វិជ្ជាជីវៈ និង​ដឹងគុណ​ឆ្មប

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ​៖ មូលនិធិ​២៥​រៀល របស់​ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់​) សហការ​ជាមួយ​កាកបាទក្រហម រៀបចំ​ផ្ដួចផ្ដើម​នូវ​កម្មវិធី​ទិវា​ឆ្មប​ជាតិ​-​អន្តរជាតិ ក្រោម​ប្រធានបទ​៖ “​ពង្រឹង​ជំនាញ​វិជ្ជាជីវៈ​ឆ្មប…

រាជធានី​ភ្នំពេញ​៖ មូលនិធិ​២៥​រៀល របស់​ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់​) សហការ​ជាមួយ​កាកបាទក្រហម រៀបចំ​ផ្ដួចផ្ដើម​នូវ​កម្មវិធី​ទិវា​ឆ្មប​ជាតិ​-​អន្តរជាតិ ក្រោម​ប្រធានបទ​៖ “​ពង្រឹង​ជំនាញ​វិជ្ជាជីវៈ​ឆ្មប ដើម្បី​លើកកម្ពស់​សេវា​ថែទាំ ព្យាបាល សុខភាព​មាតា ទារក និង​យុវវ័យ ក្នុង​បរិបទ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​” ដែល​មាន​អ្នកចូលរួម​ប្រមាណ ១៥០​នាក់ នា​ព្រឹក​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២៤ នេះ​នៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ មាតា និង​ទារក ​។

កម្មវិធី​នេះ​ទទួល​បានការ​ចូលរួម​ក្រោម​អធិបតីភាព​របស់​លោក​ជំទាវ ម៉ែ​ន នារី​សោ​ភ័គ អគ្គលេខាធិការ​រង​ទី​១ កាកបាទក្រហមកម្ពុជា និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​, លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី នាយិកា​ប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់​), វេជ្ជបណ្ឌិត គឹ​ម រ័​ត្ន​នា នាយិកា​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក និង​វត្តមាន លោកគ្រូ អ្នកគ្រូ​ពេទ្យ ឆ្មប ស្ត្រី​មាន​ផ្ទៃពោះ ថ្នាក់ដឹកនាំ និង​បុគ្គលិក​នៃ​ស្ថាប័ន​ទាំង ៣ ជា​ច្រើន​អ្នក​ផ្សេង​ទៀត ​។

ក្នុង​ឱកាស​នោះ លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី នាយិកា​ប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់​) បាន​ថ្លែង​ដោយ​សេចក្ដី​រីករាយ ដែល​បាន​សហការ​ជា​ថ្មី​ជាមួយ កាកបាទក្រហមកម្ពុជា និង​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ ក្នុង​ការ​រៀបចំ​កម្មវិធី​ទិវា​ឆ្មប​ជាតិ​-​អន្តរជាតិ ៥ ឧសភា ដោយ​ចូលរួម​សាទរ និង​សម្ដែង​នូវ​ការ​គោរព​ស្រឡាញ់​ជូន​ឆ្មប រួម​ជាមួយ​ការ​ចែករំលែក​ការ​យល់​ដឹង អំពី​ការ​ថែទាំ​ដ៏​សំខាន់​លើ​សុខភាព​មាតា និង​ទារក ស្រប​នឹង​បរិបទ​ប្រែប្រួល​អាកាសធាតុ​នា​ពេល​បច្ចុប្បន្ន និង​ផ្ដាំផ្ញើ​ឱ្យ​ស្ត្រី​ជា​មាតា​ពិសា​ទឹក​ឱ្យ​បាន​ច្រើន យ៉ាង​ហោច​ណាស់ ២​លី​ត្រ​ក្នុង​មួយ​ថ្ងៃ ដើម្បី​រក្សា​តុល្យភាព​ជាតិ​ទឹក​ក្នុង​រាង​កាយ ​។

លោក​ជំទាវ បាន​បន្ថែម​ថា មូលបទ​សំខាន់​មួយទៀត ដែល​បន្ត​ជំរុញ​ឱ្យ​វី​តា​ល់​សហការ​ផ្ដួចផ្ដើម​រៀបចំ​កម្មវិធី​នេះ ព្រោះ​វី​តា​ល់​ជឿ​ថា ការ​ផ្តល់​ជូន​ទៅ​ដល់​សង្គម គឺជា​ការ​បង្កើត​ឱ្យ​មាន​វប្បធម៌ នៃ​ការ​ចែករំលែក ដែល​វិស័យ​ឯកជន គួរតែ​ធ្វើ​តាម​រយៈ​ការ​ផ្តល់​ជំនួយ និង​ចូលរួម​ចំណែក​លើ​កិច្ចការ​សង្គម​ផ្សេង​ៗ​ទោះ​ក្នុង​រូបភាព​ណា​ក៏​ដោយ​។ ជាមួយ​គ្នា​នេះ​វី​តា​ល់ ដែល​មាន​មូលនិធិ​២៥​រៀល បាន​តាំងចិត្ត ក្នុង​ការ​បន្ត​គាំទ្រ និង​បង្កើត​ឱ្យ​មាន​គម្រោង​ថ្មី​ៗ​បន្ថែម​ទៀត ដើម្បី​ចូលរួម​ក្នុង​កិច្ច​ការងារ​សង្គម​ឱ្យ​កាន់តែ​ទូលំទូលាយ ពិសេស​លើ​សុខុមាលភាព​សង្គម ដែល​មាន សុខភាព​មាតា ទារក និង​កុមារ​ ។

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ លោក​ជំទាវ ម៉ែ​ន នារី​សោ​ភ័គ អគ្គលេខាធិការ​រង​ទី​១​កាកបាទក្រហមកម្ពុជា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ បាន​ពាំនាំ​នូវ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​វេទិកា​ភាព​ជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ឆ្លើយ​តប​មេរោគ​អេ​ដស៍ ជំងឺអេដស៍ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដើម្បី​សុខភាព​ស្ត្រី និង​កុមារ ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តី​នឹករលឹក អាណិត​ស្រឡាញ់​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ និង​ជា​ពិសេស​ឆ្មប ដែល​កំពុង​បំពេញ​តួនាទី​យ៉ាង​មមាញឹក ក្នុង​ការ​ថែទាំ ពិនិត្យ និង​ប្រឹក្សា​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​ណែនាំ​ឱ្យ​ស្ត្រី​ជា​មាតា មានការ​យកចិត្តទុកដាក់​ខ្ពស់ គិតគូរ​ពី​សុខុមាលភាព​របស់​ខ្លួន​ផង​ដែរ​ ។

ជាមួយ​គ្នា​នេះ លោក​ជំទាវ បាន​ថ្លែងអំណរគុណ​ចំពោះ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ក្រុម​គ្រូពេទ្យ ឆ្មប ដែល​បាន​ផ្តល់​ទីកន្លែង​សម្រាប់​រៀបចំ​ពិធី និង​ជួយ​សម្របសម្រួល​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ យ៉ាង​សកម្ម ហើយ​ជា​ពិសេស​ថ្លែង​នូវ​ការ​កោតសរសើរ និង​អំណរ​គុណ​ចំពោះ​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់​) ដែល​បាន​រួមចំណែក​យ៉ាង​ធំធេង​ជា​រឿយ​ៗ ជាមួយ​កាកបាទក្រហមកម្ពុជា ជាក់ស្ដែង​ក្នុង​ការ​រៀបចំ​ទិវា​ឆ្មប​ជាតិ​-​អន្តរជាតិ ២០២៤ លើក​នេះ​ក៏​ដូច​ជា​ការ​រៀបចំ​កម្មវិធី​ក្នុង​សង្គម​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា វី​តា​ល់ ជា​ក្រុមហ៊ុន​វិស័យ​ឯកជន​គម្រូ​ ដែល​មាន​មូលនិធិ ២៥​រៀល ជា​និច្ចកាល បន្ត​រក្សា​មូលដ្ឋាន​ នៃ​ការ​ប្រើប្រាស់​មូលធន​ដល់​ការ​បង្កើត​គម្រោង​ថ្មី​ៗ ជា​ពិសេស​លើ​កិច្ច​ការងារ​សុខុមាលភាព​សង្គម​ នៃ​វិស័យ​សុខាភិបាល ​។ រាល់​ការ​ជាវ​ទឹក​ពិសា​វី​តា​ល់​១​ដប លោក​អ្នក​បាន​ចូលរួម​ចំណែក​បរិច្ចាគ​ចំនួន​២៥​រៀល ទៅ​ក្នុង​កិច្ចការ​សង្គម​នានា​ របស់​ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់​)​ ។

ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ជា​ក្រុមហ៊ុន​ផលិត​ទឹក​ពិសា​របស់​ប្រជាជន​ខ្មែរ ដែល​មានគុណ​ភាព​ខ្ពស់ និង​អនុលោម​ស្រប​តាម​ស្តង់ដារ​ជាតិ និង​អន្តរជាតិ ដែល​បាន​ឆ្លងកាត់​ប្រព័ន្ធ​បន្សុទ្ធ​ទឹក​យ៉ាង​ទំនើប ​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ ធានា​បាន​នូវ​គុណភាព​ខ្ពស់ ហើយ​ក៏​ជា​ជម្រើស​ដ៏​ស័ក្តិសម​បំផុត​ សម្រាប់​គ្រប់​វ័យ គ្រប់​កាលៈទេសៈ ។ វី​តា​ល់ មោទនភាព ផលិតផល​ជាតិ ​៕ អត្ថបទ​សហការ