ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ​ និង​ស្ថានទូត រួម​ទាំង​ភាគី​ពាក់ព័ន្ធ​នឹង​រៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ជូន​ពលករ​កម្ពុជា​នៅ​ប្រទេស​ថៃ​ដែល​មិន​បាន​វិល​មក​ស្រុក​កំណើត

2 អាទិត្យ មុន

ដើម្បី​ផ្តល់​ភាព​រីករាយ​ដល់​ពលករ និស្សិត និង​ពលរដ្ឋ​ខ្មែរ​ ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ ហើយ​ដែល​មិន​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ក្រុមការងារ​ESEA និង​សមាគម​មិត្ត​យើង…

ដើម្បី​ផ្តល់​ភាព​រីករាយ​ដល់​ពលករ និស្សិត និង​ពលរដ្ឋ​ខ្មែរ​ ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ ហើយ​ដែល​មិន​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ក្រុមការងារ​ESEA និង​សមាគម​មិត្ត​យើង នឹង​រៀបចំ​កម្មវិធី «​សង្ក្រាន្ត​ខ្មែរ​នៅ​ថៃ​» ​នៅ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៤​នេះ ​។

ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ នឹង​ធ្វើ​ឡើង​នៅ​ទីលាន​បាល់ទាត់ ស៊ុប​ភើ​ស្តារ អា​រី​ណា (Super Star Arena) ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​ ក្រោម​អធិបតីភាព​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ឯកឧត្តម ហ៊ុន សា​រឿ​ន ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ​។

ការ​ប្រារព្ធ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​លើ​ទឹកដី​ថៃ​នេះ មាន​គោលបំណង​ ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ និង​ផ្តល់​ភាព​កក់ក្តៅ​និង​សប្បាយ​រីករាយ​ដល់​បងប្អូន​ពលករ និស្សិត និង​ពលករ​ដ្ឋ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ សិក្សា និង​ធ្វើការ​នៅ​ប្រទេស​ថៃ ព្រមទាំង​លើក​ស្ទួយ​ផ្សព្វផ្សាយ​វប្បធម៌​ប្រពៃណី​ និង​សាសនា​របស់​ខ្មែរ ដែល​មាន​អ្នកចូលរួម​ប្រមាណ ៥០០០​នាក់​។

ថ្ងៃនេះ បាន​រៀបចំ​ពិធី​សាសនា ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ព្រះពុទ្ធ​សាសនា​របស់​ខ្មែរ ការ​លេងល្បែង​ប្រជាប្រិយ​ដូច​ជា បោះអង្គញ់ ចោល​ឈូង ទាញព្រ័ត្រ និង​លាក់កន្សែង​ប្រកបដោយ​បរិយាកាស​ស្និទ្ធស្នាល សប្បាយ​រីករាយ និង​សាមគ្គីភាព ​។ បន្ថែម​ពី​នេះ កម្មវិធីក៏​មានការ​ដាក់​បង្ហាញ​ស្តង់​ម្ហូបអាហារ​ខ្មែរ ផលិតផល​ខ្មែរ​ជា​ច្រើន ដូច​ជា​នំអន្សម នំគម សម្លរ​ខ្មែរ នំ​បញ្ចុក ដើម្បី​អោយ​បងប្អូន​ចូលរួម​បាន​ភ្លក់​និង​ពិសារ​ដោយ​សេរី​។

ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​ខ្មែរ និង​អ្នកចូលរួម​ទាំងអស់​នឹង​បាន​ចូលរួម​កំសាន្ត​ជាមួយនឹង​ការ​ប្រគុំ​តន្ត្រី​ខ្នាត​ធំ​ដែល​មាន​តារាចម្រៀង​ល្បី​ៗ​ពី​ប្រទេស​កម្ពុជា​ចូលរួម​សម្តែង​ជូន​បងប្អូន​ខ្មែរ​ទស្សនា​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​យើង ​៕