ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​ការងារ​៖ ការ​អនុវត្ត​បាន​នូវ​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ គឺ​ដើម្បី​ជ្រោង​វិស័យ​ការងារ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង

2 អាទិត្យ មុន

រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លើក​ឡើង​ថា ការ​ប្រារ​ព្វ​ខួប​អនុស្សាវរីយ៍ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ក្រោម​ប្រធានបទ “​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​”…

រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លើក​ឡើង​ថា ការ​ប្រារ​ព្វ​ខួប​អនុស្សាវរីយ៍ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ក្រោម​ប្រធានបទ “​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​” គឺជា​សក្ខីភាព​បញ្ជាក់​នូវ​ការ​ប្តេជ្ញា​ចិត្ត និង​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​បន្ត​លើកកម្ពស់​លក្ខខណ្ឌ​ការងារ សិទ្ធិ​សេរីភាព​, និង​អត្ថប្រយោជន៍​ដល់​កម្មករនិយោជិត​, និង​ពង្រឹង​យន្តការ​បង្ការ​និង​ដោះស្រាយ​វិវាទ​ការងារ សំដៅ​ធ្វើ​ឱ្យ​មាន​ភាព​កាន់តែ​ល្អ​ប្រសើរ​ឡើង ​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កន្លែងធ្វើការ​ងារ​ ។

ថ្លែង​ក្នុង​កម្មវិធី​សំណេះសំណាល​ជាមួយ​សហជីព សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​សមាគម​បុគ្គលិក​សិក្សា ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​១៣៨ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០២៤ ឯកឧត្តម​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា ការ​ជ្រើសរើស​ប្រធានបទ​សម្រាប់​ឆ្នាំ​នេះ ក៏​ផ្ដើម​ចេញពី​ការ​អនុវត្ត​អនុសាសន៍​រួម​គ្នា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុងអំឡុងពេល​ដែល​សម្តេច​ទាំង​ពីរ​ចុះ​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​កម្មករនិយោជិត​ចាប់តាំងពី​ឆ្នាំ​២០១៧​ កន្លង​មក ​។

ឯកឧត្តម​រដ្ឋមន្ត្រី ថ្លែង​ថា​ការ​ប្រារព្ធ​ទិវា​នៅ​ឆ្នាំ​នេះ​ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​របស់​កម្មករនិយោជិត ​ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ប្រារឰ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ ៧​មក​រា ឆ្នាំ​១៩៧៩ ហើយ​ឆ្នាំ​នេះ​ក៏​ដូច​ឆ្នាំ​មុន​ៗ​ដែរ គឺ​រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ ​ដើម្បី​បំផុស​លើកទឹកចិត្ត​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​រាជធានី ខេត្ត រោងចក្រ សហគ្រាស​នានា រៀបចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៨ ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា និង​កម្មវិធី​កម្សាន្ត​ផ្សេង​ៗ ដើម្បី​បង្ក​បរិយាកាស​រីករាយ និង​សាមគ្គីភាព រវាង​កម្មករនិយោជិត និង​និយោជក​ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា​ដើម្បី​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​ភាគី​និយោជក​ក្នុង​វិស័យ​កាត់ដេរ​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​កម្មវិធី​ប្រឡងប្រណាំង និង​ប្រែក្លាយ​ការ​ប្រឡងប្រណាំង​នេះ​ទៅ​ជា​ចលនា​ជាតិ​មួយ សំដៅ​អភិវឌ្ឍ​វប្បធម៌​អនុលោម​ភាព ពង្រឹង​ភាព​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​លើកតម្កើង​ទំនួល​ខុស​ត្រូវ​ផ្នែក​សង្គម​របស់​សហគ្រាស​នោះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​នូវ​ប្រកាស​ចំនួន ៣ និង​សេចក្តីសម្រេច​ចំនួន ១ ក្នុង​ការ​កំណត់​លក្ខណ​វិនិច្ឆ័យ​ពាន “​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​” ដោយ​ក្នុង​នោះ​តម្រូវ​ឱ្យ​សហគ្រាស​នីមួយ​ៗ ត្រូវ​ទទួល​បាន​វិញ្ញាបនបត្រ​អនុលោម​ភាព​ចំនួន ៨​ ។

ទន្ទឹម​នឹង​នេះ​ឯកឧត្តម​រដ្ឋមន្ត្រី អរគុណ​ចំពោះ​បងប្អូន​ថ្នាក់ដឹកនាំ​សហជីព ដែល​បាន​សហការ​ជាមួយ​ក្រសួង សមាគម​និយោជក និង​ម្ចាស់​រោងចក្រ សហគ្រាស​នានា បំពេញភារកិច្ច​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ប្រកបដោយ​ភាព​ចាស់ទុំ មាន​វិជ្ជាជីវៈ និង​អរគុណ​ដល់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ដែល​បាន​ផ្ដល់​ការ​សម្របសម្រួល និង​គាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល សហជីព សមាគម​និយោជក ដែល​បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​មាន​សមត្ថភាព​កាន់តែ​ប្រសើរ យល់​កាន់តែ​ច្បាស់​អំពី​តួនាទី​ ៕ អត្ថបទសហការ