ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​ក្លិប​អ្នកកាសែត​កម្ពុជា ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​បណ្ដាញសារព័ត៌មាន​ក្នុង​តំបន់

2 ខែ មុន

រាជធានីភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​សមាគម​អ្នកកាសែត​វៀតណាម (Vietnam Journalists Association – VJA) ថ្នាក់ដឹកនាំ​ក្លិប​អ្នកកាសែត​កម្ពុជា (Club…

រាជធានីភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​សមាគម​អ្នកកាសែត​វៀតណាម (Vietnam Journalists Association – VJA) ថ្នាក់ដឹកនាំ​ក្លិប​អ្នកកាសែត​កម្ពុជា (Club of Cambodian Journalists – CCJ) បាន​ចេញដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម​ចាប់ពី​ថ្ងៃ​ទី​ ១៣-១៧ ខែឧសភា ឆ្នាំ ​២០២៤ ដឹកនាំ​ដោយលោក ពុ​យ គា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​, លោកស្រី ថុ​ង សុវណ្ណ​រង្សី​យ៍ អគ្គលេខាធិការ​, លោក សៅ ភិ​រុណ​, លោក ខៀវ កូ​ឡា និង​លោក លាង ដឺ​លុ​ច ដែល​ជា​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​ក្លិប​អ្នកកាសែត​កម្ពុជា និងសុទ្ធតែ​ជា​ម្ចាស់ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​ស្ថាប័ន​ព័ត៌មាន និង​ជា​ផលិតករ​ព័ត៌មាន​ជាន់ខ្ពស់​ផង​ដែរ ​។

​ថ្នាក់ដឹកនាំ​ក្លិប​អ្នកកាសែត​កម្ពុជា បាន​ចេញដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម​នៅថ្ងៃ​ច័ន្ទ​នេះ ជាទស្សនកិច្ច​ចំ​ពេលវេលាដែល​អ្នក​សារព័ត៌មាន​កំពុង​ដើរតួ​នាទី​ដ៏​សំខាន់ ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ ដែល​ពេញលេញ ត្រឹមត្រូវ និង​ប្រកបដោយ​វិជ្ជាជីវៈ ​។

ទស្សនកិច្ច​នេះ ត្រូវ​បាន​ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​សមាគម ​អ្នកកាសែត​វៀតណាម (Vietnam Journalists Association – VIA) ដែល​ជា​សមាគម​តែ​មួយ​គត់​នៅ​ប្រទេស​វៀតណាម ហើយ​ជា​ដៃគូ​ជាមួយ​ក្លិប​អ្នកកាសែត​កម្ពុជា (Club of Cambodian Journalists – CCJ) ចាប់ តាំងពី​ឆ្នាំ ​២០១៨ មក ​។ ភាព​ជា​ដៃគូ​នេះ បាន​កើតឡើង​ភ្លាម​ៗ​ក្រោយ​ពី CCJ ទទួល​បានការ​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​ឱ្យ ចូល​ជា​សមាជិក​នៃ​សហព័ន្ធ​អ្នកកាសែត​អាស៊ាន (Confederation of ASEAN Journalists) នាដើមឆ្នាំ​ ២០១៨ នៅ​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​អ្នកកាសែត​អាស៊ាន​នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេសថៃ ​។ នា​ពេលនោះ​ហើយ ​ដែល​ថ្នាក់ដឹកនាំ VIA និង​ថ្នាក់ដឹកនាំ CCJ បាន​ចាប់ផ្តើម​ពិភាក្សា​អំពី ការ​បង្កើត​ភាព​ជាដៃគូ ​ដើម្បី​បម្រើ​ផលប្រយោជន៍​វិស័យ​សារព័ត៌មាន ​ក្នុង​តំបន់​ផង និង​ដើម្បី​សារព័ត៌មាន​នៃ​ប្រទេស​ទាំង​ពីរ​ផង ​។

លោក ពុ​យ គា ប្រធាន​ក្លិប​អ្ន​កាសែត​កម្ពុជា បាន​ថ្លែង​ថា «​នៅ​ក្នុង​រយៈពេល​ ៥​ ថ្ងៃ​នៅ​ក្នុងប្រទេស​វៀតណាម ចាប់ពី​ថ្ងៃ​ទី​ ១៣-១៧ ខែឧសភា ក្លិប​អ្នកកាសែត​កម្ពុជា នឹង​ព្យាយាម​ដើរតួនាទី​ជា​ស្ពាន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​បណ្ដាញសារព័ត៌មាន​ក្នុង​តំបន់​» ​។ លោក​បាន​បន្ត​ថា «​រាល់ពេល​ដែល​មាន​បញ្ហា ឬ​ភាព​ចម្រូងចម្រាស់​អ្វីមួយ​កើតឡើង អ្នកសារព័ត៌មាន​អាច​ជួយ​បន្ថយកម្ដៅ ឬ​សភាពការណ៍​ដែល​តឹងតែង​ឱ្យមក​ធូរស្រាល​វិញ​បាន​តាមរយៈ​ការ​ចោទ​ជា​សំណួរ​ទៅ​ថ្នាក់ដឹកនាំ ឬ​ប្រភព​ដែល​ផ្ដល់​ព័ត៌មាន​ដែល​មិន​មាន​លក្ខណៈ​ពង្រីកបញ្ហា ឬ​បង្កើន​ជាតិនិយម​ហួស​ពី​អ្វី​ដែល​ថ្នាក់ដឹកនាំ ឬ​ប្រភព​ផ្ដល់​ឱ្យ​» ​។

តាម​ការ​គ្រោងទុក ថ្នាក់ដឹកនាំ​ក្លិប​អ្នកកាសែត​កម្ពុជា និង​សមាគម​អ្នកកាសែត​វៀតណាម នឹងពិភាក្សា​លើ​ការ​វិវត្តន៍​ថ្មី​ៗ​នៃ​វិស័យ​សារព័ត៌មាន​សម័យ​ឌី​ជី​ថ​ល ជា​ពិសេស​ការ​ប្រើប្រាស់​បញ្ញាសិប្បនិមិត្ត និង​ទស្សនកិច្ច​ទីតាំង​សំខាន់​ៗ​ដែល​ទាក់ទង​នឹង​ដំណើរ​ការងារ​ក្នុង​វិស័យ​សារព័ត៌មាន ដូច​ជាការិយាល័យ​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VN សារមន្ទីរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ស្វែង​យល់​ពី​សក្តានុពល​នៃ​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ហាណូយ និង​នៅតំបន់​ខ្ពង់​រាបសា​ប៉ា ជាប់​ព្រំដែន​ប្រទេស​ចិន ជាដើម​ ។

ក្រៅពី​សមាគម​អ្នកកាសែត​វៀតណាម ក្លិប​អ្នកកាសែត​កម្ពុជា ក៏​ជា​ដៃគូ​របស់​សមាគម​អ្នកកាសែត (Tha Journalists Association) ផង​ដែរ​ ។ ក្លិប​អ្នកកាសែត​កម្ពុជា ​បាន​រៀបចំសកម្មភាព​ការងារ​ជា​ច្រើន​ជាមួយ​សមាគម​អ្នកកាសែត​ថៃ ក្នុង​ពេល​កន្លង​មក ដើម្បី​ការ​ផ្លាស់​ប្ដូរ​បទពិសោធន៍ ចំណេះដឹង​ផ្នែក​សារព័ត៌មាន និង​មិត្តភាព ព្រមទាំង​ដើម្បី​ផលប្រយោជន៍​នៃ​ប្រទេស​ជិតខាង​ទាំង​ពីរ​ផង​ដែរ ​៕