រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាទេសចរណ៍សុខាភិបាលម៉ាឡេស៊ី (MHTC) នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៦ បានបើកសម្ពោធកម្មវិធីពិព័រណ៍សុខាភិបាលម៉ាឡេស៊ី (MHX) ដែលជាពិព័រណ៍សុខាភិបាលផ្តោតលើអ្នកប្រើប្រាស់លើកដំបូងគេបង្អស់នៅផ្សារទំនើប អ៉ីន ម៉ល សែនសុខ ស៊ីធី រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។ ប្រទេសកម្ពុជាកំពុងលេចមុខយ៉ាងឆាប់រហ័សក្នុងនាមជាទីផ្សារដ៏សំខាន់មួយសម្រាប់វិស័យសុខាភិបាលម៉ាឡេស៊ី ។ ចំនួនអ្នកដំណើរមកទទួលសេវាកម្មថែទាំសុខភាពពីកម្ពុជាមានលើសពី ១២,០០០ នាក់ក្នុងឆ្នាំ ២០២៥ ខណៈដែលចំណូលពីទេសចរណ៍សុខាភិបាល បានកើនឡើងដល់ ៣០,៣ លានរីងហ្គីត ដែលបង្ហាញឱ្យឃើញពីការជឿជាក់កាន់តែខ្លាំងឡើងដែលអ្នកជំងឺកម្ពុជាមានចំពោះប្រព័ន្ធអេកូឡូស៊ីថែទាំសុខភាពរបស់ម៉ាឡេស៊ី ។


ព្រឹត្តិការណ៍ពិព័រណ៍នេះប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៦ នៅផ្សារទំនើប អ៉ីអន ម៉ល សែនសុខ ស៊ីធី ។ ពិព័រណ៍នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់វិស័យសុខាភិបាលម៉ាឡេស៊ី ក្នុងការពង្រឹងការចូលរួមជាមួយភ្ញៀវទេសចរសុខាភិបាលកម្ពុជា និងពង្រឹងជំហររបស់ម៉ាឡេស៊ីក្នុងនាមជាគោលដៅថែទាំសុខភាពដែលទទួលបានការពេញនិយមនៅក្នុងតំបន់ ។ ក្រោមយុទ្ធនាការឆ្នាំទេសចរណ៍វេជ្ជសាស្ត្រម៉ាឡេស៊ី ២០២៦ (MYMT 2026) ក្រោមប្រធានបទ «ការព្យាបាលជួបជាមួយនឹងបដិសណ្ឋារកិច្ច» (Healing Meets Hospitality) ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់វិស័យសុខាភិបាលម៉ាឡេស៊ី ក្នុងការនាំយកមកនូវសេវាកម្មថែទាំសុខភាពដ៏ល្អឥតខ្ចោះរបស់ម៉ាឡេស៊ីឱ្យកាន់តែជិតស្និទ្ធជាមួយអ្នកជំងឺអន្តរជាតិ តាមរយៈការចូលរួមដោយផ្ទាល់ កិច្ចសន្ទនាដែលមានអត្ថន័យ និងការបង្កើនលទ្ធភាពទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព ។

ថ្លែងនៅក្នុងពិធីសម្ពោធនេះ លោក Suriaghandi Suppiah នាយកប្រតិបត្តិនៃ MHTC បានមានប្រសាសន៍ថា ពិព័រណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏ធំធេងរបស់វិស័យសុខាភិបាលម៉ាឡេស៊ីចំពោះទីផ្សារកម្ពុជា ។ លោកបានមានប្រសាសន៍ថា ៖ «ដោយសារកម្មវិធី MHX ភ្នំពេញ នាំយកនូវមន្ទីរពេទ្យ និងអ្នកជំនាញមកជួបផ្ទាល់ជាមួយក្រុមគ្រួសារកម្ពុជា យើងសង្ឃឹមថា សេវាកម្មថែទាំសុខភាពដែលប្រកបដោយគុណភាព និងគួរឱ្យទុកចិត្ត កាន់តែមានភាពងាយស្រួលក្នុងការទទួលបាន និងស្វែងយល់។ នេះហើយជាអ្វីដែល Malaysia Year of Medical Tourism 2026 ចង់សម្រេចបាន ពោលគឺការទៅជួបអ្នកជំងឺដល់កន្លែងដែលពួកគេរស់នៅ និងការកសាងទំនាក់ទំនងយូរអង្វែងនៅទូទាំងតំបន់» ។

ពិធីសម្ពោធនេះក៏មានការចូលរួមពីវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ជួរ ទីប្រឹក្សាក្រសួងសុខាភិបាល និងអគ្គនាយករងនៃនាយកដ្ឋានសុខាភិបាលកម្ពុជា ដែលវត្តមានរបស់ឯកឧត្តមបានគូសបញ្ជាក់ពីភាពជាដៃគូផ្នែកថែទាំសុខភាពដែលកំពុងកើនឡើងរវាងម៉ាឡេស៊ី និងកម្ពុជា ។ MHTC ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រជាបន្តបន្ទាប់ពីស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងវត្តមានរបស់វិស័យថែទាំសុខភាពម៉ាឡេស៊ីក្នុងទីផ្សារចាប់តាំងពីសកម្មភាពដំបូងៗមក ។

កម្មវិធី MHX ភ្នំពេញនេះ មានការចូលរួមពីអ្នកផ្តល់សេវាកម្មថែទាំសុខភាពឈានមុខគេរបស់ម៉ាឡេស៊ី រួមទាំងមន្ទីរពេទ្យទេសចរណ៍វេជ្ជសាស្ត្រលំដាប់កំពូលរបស់ MHTC គឺវិទ្យាស្ថានបេះដូងជាតិ (IJN) និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Subang Jaya ។ ស្ថាប័នដទៃទៀតដែលបានចូលរួមមានដូចជា ៖ Alpha IVF & Women’s Specialists Centre; មន្ទីរពេទ្យឯកទេស KPJ Ampang Puteri; មន្ទីរពេទ្យឯកទេស KPJ Damansara; មន្ទីរពេទ្យឯកទេស KPJ Damansara 2; មជ្ឈមណ្ឌលវេជ្ជសាស្ត្រ MSU; មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sunway Penang; មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sunway, Sunway City; និងមន្ទីរពេទ្យ Thomson Kota Damansara។ ពិព័រណ៍នេះក៏មានការចូលរួមពី Asia OneHealthcare ដែលតំណាងដោយមន្ទីរពេទ្យ Beacon និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Subang Jaya ក៏ដូចជា IHH Healthcare Malaysia តំណាងដោយមន្ទីរពេទ្យ Gleneagles Kuala Lumpur, មន្ទីរពេទ្យ Pantai Kuala Lumpur និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Prince Court ។

ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះ ក៏មានការចូលរួមពីធនាគារ Maybank កម្ពុជា ក្នុងនាមជាដៃគូធនាគារផ្លូវការ, One Health ជាដៃគូប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម ក៏ដូចជាស្ថាប័នរដ្ឋាភិបាល ក្រសួងនានា ភាគីពាក់ព័ន្ធផ្នែកថែទាំសុខភាព និងដៃគូវិស័យឯកជន ដែលការគាំទ្រ និងការណែនាំរបស់ពួកគេបានរួមចំណែកដល់ការពង្រឹងជំហររបស់ម៉ាឡេស៊ីក្នុងនាមជាគោលដៅថែទាំសុខភាពដែលទទួលបានការពេញនិយមសម្រាប់អ្នកជំងឺកម្ពុជា ៕ អត្ថបទសហការ




























ចែករំលែកព័តមាននេះ