ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ILO ប្រចាំ​កម្ពុជា​៖ គាំទ្រ​អ្វី​ដែល​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ​សម្រេច​បាន​ក្នុង​ការ​ផ្តល់​អត្ថប្រយោជន៍​ ដល់​កម្មករ​នៅ​ទូ​ទាំង​ប្រទេស

2 អាទិត្យ មុន

រាជធានីភ្នំពេញ៖ លោក ទន់ សោភ័ណ អ្នកសម្របសម្រួល​ថ្នាក់​ជាតិ​អង្គការ ILO ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​ បាន​សម្រេច​កិច្ច​ការងារ​ជា​ច្រើន​ក្នុង​ការ​ផ្តល់​អត្ថប្រយោជន៍ ការពារ​សិទ្ធិ…

រាជធានីភ្នំពេញ៖ លោក ទន់ សោភ័ណ អ្នកសម្របសម្រួល​ថ្នាក់​ជាតិ​អង្គការ ILO ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​ បាន​សម្រេច​កិច្ច​ការងារ​ជា​ច្រើន​ក្នុង​ការ​ផ្តល់​អត្ថប្រយោជន៍ ការពារ​សិទ្ធិ ដល់​កម្មករនិយោជិត និង​បង្កើត​ឱ្យ​មាន​សុខដុម​នី​យ​កម្ម​នៅ​ក្នុង​រោងចក្រ​សហគ្រាស​នៅ​ទូ​ទាំង​ប្រទេស ​។

លោក​គូសបញ្ជាក់​ថា អត្ថប្រយោជន៍​ទាំងនោះ​មាន​ដូច​ជា រាជរដ្ឋាភិបាល​កម្ពុជា​បាន​រក្សា​ការ​ដំឡើង​ប្រាក់​ឈ្នួល​ជា​ទៀងទាត់​ជូន​កម្មករ​ប្រចាំឆ្នាំ​២០២៤, អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​ប្រើ​ប័ណ្ណ ប​.​ស​.​ស​. ទទួល​បានការ​ថែទាំ​សុខភាព​ដោយ​ឥត​គិតថ្លៃ និង​បាន​ពង្រីក​វិសាលភាព​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៅ​ក្នុង​អាណត្តិ​ទី​៧​នេះ ​។ លើស​ពី​នេះ​ទៅ​ទៀត រាជរដ្ឋាភិបាល​ក៏​បាន​បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ទៅ​ដល់​កម្មការិនី​ដែល​មាន​ផ្ទៃពោះ អំឡុង​ពេល​សម្រាល រហូត​ក្រោយ​ពេល​សម្រាលកូន​ផង​ដែរ​ ។

លោក​បន្ថែម​ថា រាជរដ្ឋាភិបាល​ក៏​បាន​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ទៅ​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១,៥ លាន​នាក់ ដែល​កម្មវិធី​នេះ​ក៏​បាន​បើកឱកាស​ឱ្យ​កម្មករនិយោជិត​ទៅ​រៀន​ជំនាញ​បន្ថែម (Re-Skill, Up-Skill) ដោយ​កម្មវិធី​បណ្តុះបណ្តាល​នេះ​មាន​សារសំខាន់​ណាស់ ​ទៅ​ដល់​កម្មករ និង​បុគ្គលិក​ទាំងឡាយ​ណា​ដែល​ចង់​បន្ថែម​ជំនាញ ពីព្រោះ​ពួក​គេ​មាន​លទ្ធភាព​ក្នុង​អភិវឌ្ឍ​ជំនាញ និង​សមត្ថភាព​ប្រសើរ​ជាង​មុន ​។

លោក​បាន​គូសបញ្ជាក់​បន្ត​ថា កម្មវិធី​ប្រកួតប្រជែង សហគ្រាស​មួយ ជា​សហគមន៍​សុខសាន្ត​មួយ ដែល​ក្រសួង​ការងារ​ទើបតែ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ក៏​ជា​កិច្ច​ការងារ​មួយ​ដ៏​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បង្កើត​ឱ្យ​មាន​សុខដុម​នី​យ​កម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​ក្នុង​រោងចក្រ​សហគ្រាស​នៅ​កម្ពុជា ​។

ទន្ទឹម​នឹង​ការ​គាំទ្រ​នេះ លោក​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​នេះ​កែសម្រួល​ចំណុច​ខ្វះខាត​មួយ​ចំនួន​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ការងារ​នៅ​កម្ពុជា ក៏​ដូច​ដើម្បី​លើកកម្ពស់​សិទ្ធិ និង​ជីវភាព​របស់​បងប្អូន​កម្មករនិយោជិត​ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​ផង​ដែរ ​។

គូរ​កត់​សម្គាល់ថា រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧ ដែល​មាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សម្រេច​កិច្ចការ​សំខាន់​ៗ​ជា​ច្រើន​នៅ​ដើម​អាណត្តិ​នេះ ដែល​ជា​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ក្នុង​នោះ​រួម​មាន ​៖
ទី​១) ការ​កំណត់​ប្រាក់​ឈ្នួល​អប្បរ​មា​សម្រាប់​កម្មករនិយោជិត​ឆ្នាំ​២០២៤
ទី​២) ការ​ដាក់​ឱ្យ​ដំណើរការ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព តាម​របប​ភាគទាន​ស្ម័គ្រចិត្ត​សម្រាប់​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក​ប​.​ស​.​ស​.
ទី​៣) ការ​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ
ទី​៤) ក្រសួង​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​វិស័យ​ឯកជន​លើ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ហាត់​ការ និង​កម្មសិក្សា​ដើម្បី​គាំទ្រ​ដល់​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស
ទី​៥) ការ​បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ទៅ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ
និង​ទី​៦) ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ប្រកួតប្រជែង សហគ្រាស​មួយ ជា​សហគមន៍​សុខសាន្ត​មួយ ​។

ទន្ទឹម​នឹង​នេះ ក្រៅពី​សម្រេចការ​អនុវត្ត​កិច្ចការ​តាម​អនុសាសន៍​ទាំង ៦​នោះ នៅ​មាន​អនុសាសន៍​ចំនួន ៤​ចំណុច​ផ្សេង​ទៀត ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​និង​កំពុង​បង្ហាញ​ពី​វឌ្ឍនភាព​ជា​បន្តបន្ទាប់​ផង​ដែរ​ ៕ អត្ថបទសហការ