ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

នៅ​កូរ៉េ​ខាងត្បូង​ ៖ ក្រសួង​ការងារ ស្ថានទូត​ខ្មែរ និង​សហ​គម​ខ្មែរ រៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅ​តំបន់​នានា​រៀង​រាល់​ចុង​ស​ប្តា​ហ៍ ​ដើម្បី​អបអរបុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ

2 ឆ្នាំ មុន

សាធារណរដ្ឋ​កូរ៉េ​ ៖ នៅ​ថ្ងៃ​ទី ​៧ ខែមេសា ឆ្នាំ​ ២០២៤ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ…

សាធារណរដ្ឋ​កូរ៉េ​ ៖ នៅ​ថ្ងៃ​ទី ​៧ ខែមេសា ឆ្នាំ​ ២០២៤ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ក្រុមការងារ ESEA និង​សមាគម​ខ្មែរ​នា​សាធារណរដ្ឋ​កូរ៉េ បាន​រៀបចំ ​“​សង្ក្រាន្ត​ខ្មែរ​នៅ​កូរ៉េ​” ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៧ នៅ​សាធារណរដ្ឋ​កូរ៉េ ចំនួន ៣ ​ទីតាំង ដែល​មាន​សហគមន៍​ខ្មែរ​ចូលរួម​ប្រមាណ ៣ ០៥០ ​នាក់ ក្នុង​នោះ​មាន​តំបន់​ក្វា​ង​ជូ មាន​សហគមន៍​ខ្មែរ​ចូលរួម​ប្រមាណ ២ ០០០​ នាក់​, នៅ​តំបន់​អ៊ុ​ល​សាន មាន​សហគមន៍​ខ្មែរ​ចូលរួម​ប្រមាណ ១ ០០០​ នាក់ និង​តំបន់​ថេ​ហ្គូ មាន​សហគមន៍​ខ្មែរ​ចូលរួម ១០០ នាក់ ​។ ទន្ទឹម​នឹង​នេះ បងប្អូន​សហគមន៍​ខ្មែរ​ក៏​បាន​រៀបចំ​នៅ​តំបន់​ផ្សេង​ទៀត រួម​មាន​តំបន់​គី​ម​ផូ តំបន់​ប៊ូ​ឆ​ន់ និង​កោះ​ជេ​ជូ​ផង​ដែរ​ ។

សម្រាប់​សង្ក្រាន្ត​ខ្មែរ​នា​ថ្ងៃនេះ កម្មវិធី​ផ្តើម​ដោយ​ពិធី​សាសនា ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ព្រះពុទ្ធ​សាសនា​របស់​ខ្មែរ លេងល្បែង​ប្រជាប្រិយ​មាន​បោះអង្គញ់ ចោល​ឈូង ទាញព្រ័ត្រ លាក់កន្សែង និង​រាំ​លេង​កម្សាន្ដ ប្រកបដោយ​បរិយាកាស​ស្និទ្ធស្នាល សប្បាយ​រីករាយ និង​សាមគ្គីភាព​ស្រា​លាញ់​រាប់អាន​គ្នា​ដូច​បងប្អូន​។ បន្ថែម​ពី​នេះ​កម្មវិធី​មានការ​ដាក់​បង្ហាញ​ស្តង់​ម្ហូបអាហារ​ខ្មែរ ផលិតផល​ខ្មែរ​ជា​ច្រើន ដូច​ជា​នំអន្សម នំគម ម្រេច​ខ្មែរ សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ ដើម្បី​ឱ្យ​អ្នកចូលរួម​ទស្សនា កម្សាន្ត និង​ស្វែង​យល់​ពី​វប្បធម៌​និង​អរិយធម៌​ខ្មែរ​ដ៏​ផូរផង់​។ ជាមួយ​គ្នា​នេះ​ដែរ ក៏​មានកម្ម​វិធី​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​ខ្មែរ​ក្រោយ​ពី​បញ្ចប់​កម្មវិធី​ផង​ដែរ ​។

សូម​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ធំ “​សង្ក្រាន្ត​ខ្មែរ​នៅ​កូរ៉េ​” នឹង​រៀបចំ​នៅ​ថ្ងៃ​ទី ​២១ ខែមេសា ឆ្នាំ​ ២០២៤ ដោយ​មានការ​ចូលរួម​ពី​សំណាក់​សិល្បករ​ល្បី​ៗ​ពី​ប្រទេស​កម្ពុជា និង​បន្ត​សហការ​រៀបចំ​នៅ​តាម​តំបន់​នានា​នៅ​ស​ប្តា​ហ៍​បន្តបន្ទាប់​ទៀត​រហូត​ដល់​ចុង​ស​ប្តា​ហ៍​ទី ៤​ នៃ​ខែមេសា ឆ្នាំ ​២០២៤ ៕ អត្ថបទសហការ